ភ្នំពេញៈ ក្រុមហ៊ុនសេវាហិរញ្ញវត្ថុតៃវ៉ាន់ Chailease Holding បានប្រកាសថាខ្លួនបានសម្រេចកិច្ចព្រមព្រៀងជាមួយ រ៉ូយ៉ាល់គ្រុប ក្នុងការទិញភាគហ៊ុន ៦០ ភាគរយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ CellCard Finance ជាបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុប។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានតៃវ៉ាន់។
កិច្ចព្រមព្រៀងផ្លូវការត្រូវរង់ចាំការអនុម័តពីធនាគារជាតិនៃកម្ពុជាដែលជានិយតករវិស័យហិរញ្ញវត្ថុកម្ពុជា។
សេចក្តីរាយការណ៍របស់សារព័ត៌មាន Taipei Times ចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យឲ្យដឹងថា Chailease Holding បានសម្រេចកិច្ចព្រមព្រៀងនេះដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ជាទីដែលសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកំពុងកើនឡើង។
លោក Albert Chen ប្រធាន Chailease Holding បានលើកឡើងថា៖ «ការសម្រេចថ្មីនេះធ្វើឡើងដោយសារយើងកំពុងព្យាយាមពង្រីកវត្តមានរបស់យើងនៅក្នុងទីផ្សារនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន»។
លោកបានបញ្ជាក់បន្តនៅក្នុងសេចក្តីប្រកាសព័ត៌មានថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះនឹងត្រូវប្តូរឈ្មោះទៅជា Chailese Royal Finance នៅពេលកិច្ចព្រមព្រៀងនេះបានទទួលការអនុម័តពីធនាគារជាតិ។
មិនអាចទាក់ទងតំណាងមកពីធនាគារជាតិនៃកម្ពុជា (NBC) បានទេកាល ពីថ្ងៃចន្ទ ឯតម្លៃរបស់កិច្ចព្រមព្រៀងនេះគឺមិនត្រូវបានបង្ហាញនោះទេ។
របាយការណ៍ត្រួតពិនិត្យរបស់ NBC បង្ហាញថា CellCard Finance មានទ្រព្យសកម្មសរុប ៥៧១ ៤០០ ដុល្លារត្រឹមចុងឆ្នាំ ២០១៧។ CellCard Finance ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់គ្រុប ត្រូវបានផ្ដល់អាជ្ញាប័ណ្ណប្រតិបត្តិការមីក្រូហិរញ្ញវត្ថុកាលពីខែមិថុនា ឆ្នាំ ២០១៥ ដោយ NBC។
លោក Lim Kevin អគ្គនាយកក្រុមហ៊ុន Cellcard Finance បានឲ្យដឹងថា លោកដឹងថា មានការពិភាក្សាលើការទិញភាគហ៊ុននេះ ប៉ុន្តែលោកមិនបានដឹងព័ត៌មានលម្អិតកិច្ចព្រមព្រៀងនេះថា បានរីកចម្រើនយ៉ាងណានោះទេ ដោយសារវាគឺជាការចរចារវាងរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនតៃវ៉ាន់។
ក្រុមហ៊ុន Chailese Holding និង រ៉ូយ៉ាល់គ្រុប បានរួមគ្នាបង្កើតក្រុមហ៊ុន Chailease Royal Leasing PLC ដែលបានដាក់ឲ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ ២០១៧ ដើម្បីផ្ដល់សេវាភតិសន្យាហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុផ្សេងទៀតសម្រាប់ទិញរថយន្ត គ្រឿងចក្រ និងឧបករណ៍សំណង់នៅកម្ពុជា។
ការច្របាច់បញ្ចូលគ្នា និងការទិញភាគហ៊ុននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា កំពុងកើនឡើងនៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះដោយសារតែកំណើននៃការប្រកួត ប្រជែងក្នុងទីផ្សារដ៏តូចនេះ៕LA