ភ្នំពេញៈ ក្រុមហ៊ុន​ចិន​ Lianf​a​ កំពុង​រៀបចំ​គម្រោង​​​វិនិយោគ​លើ​ដំណាំ​​​កប្បាស​នៅ​​ក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បី​​​កែច្នៃ​ក្រណាត់​សម្រាប់​ផ្គត់ផ្គង់​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។

ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ Lianfa​ បាន​បញ្ចប់​ការ​ពិសោធ​លើ​ការ​ដាំ​កប្បាស​នៅ​ខេត្ត​ពោធិ៍សាត់​ដោយ​ជោគជ័យ ​ហើយ​កំពុង​រៀបចំ​ការ​ដាំដុះ​ដំណាំ​នេះ​នៅ​លើ​ផ្ទៃដី ​១៨០ ​ហិកតា ​ក្នុង​ស្រុក​បាកាន​។

ក្រសួង​កសិកម្ម​បាន​លើក​ឡើង​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ថា ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Lianfa​ កើត​មាន​ឡើង​បន្ទាប់​ពី​​លោក ​វេង​ សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ បាន​ទៅ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​នេះ ​នៅ​ខេត្ត​ជាំងស៊ូ​ប្រទេស ​ចិន​ កាល​ពី​​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៨។

ក្រុមហ៊ុន​ចិន​បាន​យក​ពូជ​ជាង​ ​៤០ ​ប្រភេទ​ មក​ដាំ​សាកល្បង​​លើ​ទីតាំង​មួយ​នៅ​ខេត្ត​ពោធិ៍សាត់ ​ជា​លទ្ធផល​គឺ​ទទួល​​បាន​ផល​ល្អ​ប្រសើរ​ទាំង​អស់​។ នេះ​បើ​តាម​ក្រសួង​​កសិកម្ម​។​

ឧស្សាហកម្ម​កប្បាស​របស់​កម្ពុជា​បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ​ក្នុង​អំឡុង​របប​ខ្មែរ​ក្រហម ​នៅ​ពេល​ដែល​វិស័យ​កសិកម្ម​ទាំង​មូល​ត្រូវ​បង្វែរ​ទៅ​ផ្តោត​លើ​ផលិតកម្ម​ស្រូវ​។

ឧស្សាហកម្ម​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​ដោយ​បារាំង​នៅ​ចន្លោះ​ឆ្នាំ ​១៩៦៥​ និង​ឆ្នាំ ​១៩៧៥ ​ដែល​ពេល​នោះ​មាន​ដំណាំ​កប្បាស​រាប់​ពាន់​ហិកតា​ត្រូវ​បាន​ប្រមូល​ផល។​

លោក​ ស្រី​ វុឌ្ឍធី ​អ្នក​នំាពាក្យ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ ​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ក៏​គ្រោង​នឹង​​សាងសង់​រោងចក្រ​កែច្នៃ​ផង​ដែរ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ពី​ពេលវេលា​នោះ​ទេ។​ លោក​ថ្លែង​​ថា​៖​ «​ខ្ញុំ​គិត​ថា​ បើ​គម្រោង​នេះ​នឹង​​ទទួល​​ជោគជ័យ ​នោះ​នឹង​អាច​ជួយ​​ស្តារ​ឡើង​វិញ​នូវ​ឧស្សាហកម្ម​​​កប្បាស​នៅ​កម្ពុជា​»​។​

លោក​ ឡាយ​ វិសិដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កាល​ពី​ថ្ងៃ​ទី ​១៦​ កក្កដា ​លោក​រួម​ដំណើរ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​​​ទៅ​ពិនិត្យ​​​ផ្ទាល់​នៅ​ទីតំាង​ក្រុមហ៊ុន​ដាំ​កប្បាស​នេះ​​​។

លោក​បាន​​បន្ត​ថា​៖ «​ក្រុមហ៊ុន​កំពុង​ដំណើរការ​ដាំ​ពិសោធ​នៅ​ឡើយ ​ក្រុមហ៊ុន​យក​ពូជ​ ៤៤ ​ប្រភេទ ពី​ប្រទេស ​ចិន​ ដាំ​​ធ្វើ​តេស្ត​នៅ​ពោធិ៍សាត់ ​គេ​ពិសោធ​រក​ពូជ​ណា​ផ្តល់​ ទិន្នផល​ខ្ពស់​ ធន់​នឹង​អាកាសធាតុ ធន់​ជំងឺ​ ហើយ​ត្រូវ​ជា​មួយ​ស្ថានភាព​ដី​ស្រុក​យើង​ គេ​អាច​ធ្វើ​ពិសោធន៍ ​២-៣ រដូវ​ទៀត​»។ លោក​​បន្ត​ថា ​ក្រុមហ៊ុន​អាច​​នឹង​ចាប់​ផ្តើម​​​ការ​ដាំដុះ​ និង​សាងសង់​រោងចក្រ​ ​យ៉ាង​យូរ​ ២ ​ឆ្នាំ​ទៀត។

លោក​បាន​​​បន្ត​ថា​៖ ​«​​​​ខ្ញុំ​ឃើញ​​​គេ​កំពុង​ធ្វើ​ការ​ឈូស​ឆាយ​ដី ​ជីក​ស្រះ​ទឹក​ ខ្ញុំ​គិត​ថា​មិន​យូរ​ប្រហែល​ ២ ឆ្នាំ​ទៀត ​គេ​ចាប់​ផ្តើម​ហើយ​ ខ្ញុំ​សង្ឃឹម​ថា ​អ្នក​ខេត្ត​ពោធិ៍សាត់​អាច​នឹង​មាន​មុខ​របរ​ថ្មី​មួយ​ទៀត​ ដោយ​ដាំ​កប្បាស»។

លោក​ សុក​ វណ្ណា​ អនុប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម ​នៃ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​ឲ្យ​ដឹង​ថា ​បើ​ក្រុមហ៊ុន​ចិន​​បង្កើត​រោងចក្រ​តម្បាញ​នៅ​កម្ពុជា​អាច​នឹង​មាន​កសិករ​ជា​ច្រើន​ងាក​ទៅ​ដាំ​ដំណាំ​កប្បាស​វិញ​។​

លោក​​ថា​៖ «​ខ្ញុំ​ថា​ ប្រសិន​បើ​មាន​ក្រុមហ៊ុន​ដាំ​កប្បាស​ល្អ​ម្យ៉ាង​ អាច​មាន​កសិករ​ មក​ដាំ​កប្បាស​ឡើង​វិញ ព្រោះ​គាត់​មើល​ឃើញ​ផលិតផល​កប្បាស​មាន​តម្រូវ​ការ​ មាន​តម្លៃ​ខ្ពស់​ គាត់​អាច​ចាប់​អារម្មណ៍​មក​ដាំ​កប្បាស​»​៕LA