ភ្នំពេញៈ សហគមន៍​អាជីវកម្ម​នៅ​កម្ពុជា​បាន​ស្វាគមន៍​ការបង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ក្រុមហ៊ុន​ពហុផលិតផល PTT Oil និង Retail Business (PPTOR) របស់​ប្រទេស​ថៃ​ នៅក្នុង​ប្រទេស​កម្ពុជា ទោះបី​ជា​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ដែល​មិនទាន់​ទប់ស្កាត់​បាន​ទាំងស្រុង​ក៏ដោយ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន The Nation របស់​ប្រទេស​ថៃ ​ដែល​បាន​ដកស្រង់​សម្តី​លោក Jiraphon Kawswat អគ្គនាយក​ស្ដីទី​ក្រុមហ៊ុន PPTOR ដែល​លើកឡើង​កាលពី​សប្ដាហ៍​មុន​ថា ក្រុមហ៊ុន PPTOR បាន​លៃ​ទុក​ថវិកា​ចំនួន​ ៧៤,៦ ​ពាន់​លាន​បាត (២,៥ ​ពាន់​លាន​ដុល្លារ​) សម្រាប់​ការពង្រីក​អាជីវកម្ម​ស្នូល​ ៣ ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ២០២១ ​ដល់​ ២០២៥​។

សម្រាប់​អាជីវកម្ម​អន្តរជាតិ​របស់ខ្លួន ក្រុមហ៊ុន​នេះ​នឹង​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការពង្រីក​ស្ថានីយ​ចាក់​ប្រេង និង​សាខា​កាហ្វេ Amazon នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម (CLMV) បូករួម​នឹង​ប្រទេស​ហ្វីលីពីន​។

ក្រុមហ៊ុន​នេះ​ក៏​នឹង​បើក​សាខា​ហាង​កាហ្វេ Cafe Amazon បន្ថែមទៀត​នៅក្នុង​ប្រទេស​ចិន​ ផងដែរ​។ បច្ចុប្បន្ន​ក្រុមហ៊ុន PTT មាន​ស្ថានីយ​ចាក់​ប្រេង​ ៣២៩ ទីតាំង នៅ​ទីផ្សារ​ក្រៅប្រទេស​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ស្វាគមន៍​ការសម្រេចចិត្ត​ដោយ​ក្រុមហ៊ុន PPTOR នៅ​ប្រទេស​ទាំងនោះ​រួមទាំង​កម្ពុជា​ផង​ដែលជា​ការពង្រីក​អាជីវកម្ម​ជា​យុទ្ធសាស្ដ្រ​ដែល​អនុវត្ត​តាម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ខណៈ​ក្រុមហ៊ុន​នេះ​មើលឃើញ​ជាមុន​ពី​វិបុលភាព​របស់​តំបន់​នេះ​។

លោក​ថ្លែងថា​៖ «​ជាធម្មតា ពួកគេ​មើលឃើញ​ឱកាស​ក្នុង​ការរីកចម្រើន​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​តំបន់ ព្រមទាំង​នៅក្នុង​ប្រទេស​របស់​យើង ខណៈ​យើង​អាច​មើលឃើញ​សាខា​របស់​ក្រុមហ៊ុន PTT ជាច្រើន​នៅក្នុង​ប្រទេស​យើង​។ អ្វីដែល​ពួកគេ​កំពុង​ធ្វើ​គឺ​ស្របតាម​គោលការណ៍​របស់​សហគមន៍​អាស៊ាន ហើយ​យើង​ស្វាគមន៍​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ​នៅក្នុង​ប្រទេស​របស់​យើង​»​។

យោងតាម​កាសែត The Nation សម្រាប់​ថវិកា​សរុបរ​បស់​ក្រុមហ៊ុន PPTOR គឺមាន ៣៤,៦ ​ភាគរយ​ នឹងត្រូវ​វិនិយោគ​លើ​អាជីវកម្ម​ប្រេងឥន្ធនៈ ២៨,៦ ​ភាគរយ​ លើ​អាជីវកម្ម​មិនមែន​ប្រេង និង​ ២១,៨ ​ភាគរយ​លើ​អាជីវកម្ម​អន្តរជាតិ​។ ថវិកា​ដែល​នៅសល់​នឹង​ត្រូវ​ចំណាយ​លើ​អាជីវកម្ម​ផ្សេងទៀត និង​លើ​ការស្វែងរក​ឱកាស​អាជីវកម្ម​ថ្មីៗ​។

ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​នឹង​បង្កើត​ការិយាល័យ​តំណាង​សម្រាប់​ «​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា (CBC)» នៅក្នុង​ទីក្រុង​បាងកក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ដើម្បី​បម្រើ​ជា​ការិយាល័យ​ច្រកចេញចូល​តែមួយ​សម្រាប់​ក្រុមហ៊ុន និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ពេល​ថ្មីៗ​នេះ​ថា CBC ​នឹង​បង្កើត «​សសរស្ដម្ភ​នៃ​ការតស៊ូ​មតិ​» នៅក្នុង​ការិយាល័យ​នេះ​ដែល​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការសន្ទនា​រវាង​ក្រុម​វិនិយោគិន​ថៃ និង​សម​ភាគី​កម្ពុជា​នៅក្នុង​វិស័យ​រដ្ឋាភិបាល​ និង​ឯកជន​។

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ​មានតម្លៃ​ ៥,៥៦៩ ​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ ១៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួងពាណិជ្ជកម្ម​ថៃ​។

ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ ​មាន​ចំនួន ៩៥០ ​លាន​ដុល្លារ​ធ្លាក់​ចុះ​ ៤៨ ​ភាគរយ ខណៈ​ការនាំចូល​មានតម្លៃ​ ៤,៦១១ ​ពាន់​លាន​ដុល្លារ ធ្លាក់​ ៩ ​ភាគរយ​។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​បានឱ្យដឹងថា ភាគច្រើន​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ថៃ​រួមមាន​ត្បូង​មាន​តម្លៃ គ្រឿងអលង្ការ​ផលិតផល​កសិកម្ម និង​អាលុយមីញ៉ូម រីឯ​ការនាំ​ចូល​វិញ​ភាគច្រើន​ជា​ប្រេងឥន្ធនៈ ម៉ូតូ រថយន្ត ត្បូង​មានតម្លៃ និង​គ្រឿងអលង្ការ​៕LA