ភ្នំពេញៈ ក្រុមហ៊ុន​ធុរកិច្ច​បង្កើត​ថ្មី​ ២ ​គឺ Banhji និង​ DRVR កាលពី​ថ្ងៃ​ពុធ ទទួល​បាន​មូលនិធិ​វិនិយោគ​ពី​មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល​ពី​ក្រុមហ៊ុន Smart Axiata Digital Innovation Fund (SADIF) ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​បន្ថែម​ទៀត​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​ជាពិសេស​សហគ្រាស​មីក្រូ និង​សហគ្រាស​ខ្នាតតូច និង​មធ្យម (MSMEs)​។

ក្រុមហ៊ុន Banhji គឺជា​កម្មវិធី​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ខ្នាត​តូច​បំផុត តូច និង​មធ្យម (MSMEs) ខណៈ​ក្រុមហ៊ុន​នេះ​ផ្គត់ផ្គង់​ទិន្នន័យ​វិភាគ​យានយន្ត​ដឹកជញ្ជូន និង​យានយន្ត​ដឹក​អ្នកដំណើរ​។

លោក ស៊ឹម ចាន់គីរីរត្ន សហស្ថាបនិក ក្រុមហ៊ុន Banhji បានឱ្យ​ដឹងថា មូលនិធី​ពី SADIF នឹង​រួមចំណែក​ដល់​បេសកកម្ម​របស់​ក្រុមហ៊ុន​ក្នុង​ការផ្ដល់​សេវាកម្ម​កាន់តែ​ប្រសើរ​សម្រាប់​សហគ្រាស​មីក្រូ ខ្នាតតូច និង​មធ្យម (MSMEs) ចូលរួម​ក្នុង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។

លោក ចាន់គីរីរត្ន ថ្លែងថា​៖ «​យើង​បាន​បង្កើត​ក្រុមហ៊ុន BanhJi ជាមួយ​នឹង​បេសកកម្ម​មួយ​ដែល​អនុញ្ញាត​ឱ្យ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ចូលរួម​ក្នុង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។ ក្នុង​មូលនិធិ SADIF យើង​បាន​ស្វែងរក​ដៃគូ ដែល​មិន​ត្រឹមតែ​ចែករំលែក​បេសកកម្ម និង​គុណ​តម្លៃ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​បទពិសោធ ដើម្បី​ជួយ​ពន្លឿន​វឌ្ឍនភាព​របស់​យើង​ផងដែរ ដូច្នេះ​យើង​អាចជួយ​បន្ថែមទៀត​ដល់​អតិថិជន​បច្ចុប្បន្ន និង​អតិថិជន​ថ្មី​»​។

លោក David Henderson សហស្ថាបនិក​ក្រុមហ៊ុន DRVR បាន​ថ្លែងថា៖ «​ក្រុមហ៊ុន DRVR មាន​សេចក្ដី​សោមនស្ស​រីករាយ ដែល​បាន​ទទួល​ការវិនិយោគ​នេះ និង​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​ជាមួយ​មូលនិធិ SADIF​។ យើង​ទន្ទឹងរង់ចាំ​ផ្ដល់​ដំណោះស្រាយ​រួមគ្នា​នូវ​ប្រព័ន្ធ​ដំណោះស្រាយ​តេឡេម៉ាទិច (Telematics) ចល័ត​ដំបូងបង្អស់​ជាមួយ​ក្រុមហ៊ុន Forte និង​ក្រុមហ៊ុន Smart Axiata​។ ការវិនិយោគ និង​ភាពជា​ដៃគូ​យុទ្ធសាស្ដ្រ​របស់​យើង​ជាមួយ​ក្រុមហ៊ុន Forte នឹង​អនុញ្ញាត​ឱ្យ​យើង​ពង្រីក​សេវាកម្ម និង​ប្រតិបត្តិការ​របស់​យើង​ចូលទៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​ផែនការ​ពង្រីក​ក្នុង​តំបន់​របស់​យើង​។ យើង​មើលឃើញ​សក្ដានុពល​ដ៏ធំធេង​សម្រាប់​ការរីកចម្រើន មិន​ត្រឹម​តែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​នៅ​ទូទាំង​តំបន់​អាស៊ាន​ផងដែរ​»​។

លោក គឹម បូរ៉ា ដៃគូ​របស់​ក្រុមហ៊ុន Mekong Strategic Partners ជា​ក្រុមហ៊ុន​វិនិយោគ​ដែល​គ្រប់គ្រង​មូលនិធិ SADIF លើកឡើង​ថា ការវិនិយោគ​លើ​ក្រុមហ៊ុន Banhji និង​ក្រុមហ៊ុន DRVR បង្ហាញ​សារៈសំខាន់​នៃ​បច្ចេកវិទ្យា ដែល​ជួយ​ឱ្យធ្វើ​ការសម្រេចចិត្ត​ត្រឹមត្រូវ​ទាក់ទង​ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​។

កម្មវិធី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Banhji មានបំណង​កាត់បន្ថយ​គម្លាត​ហិរញ្ញវត្ថុ ដែល​សហគ្រាស​ខ្នាតតូច និង​មធ្យម​បាន​ជួបប្រទះ​នៅ​កម្ពុជា​ដោយ​បង្កើន​ភាពជឿជាក់​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន សហគ្រាស​ខ្នាតតូច និង​មធ្យម ខណៈ​ដែល​កម្មវិធី Internet of Things និង​កម្មវិធី​វិភាគ​ទិន្នន័យ​របស់​ក្រុមហ៊ុន DRVR មាន​គោលបំណង​កាត់បន្ថយ​ការចំណាយ​លើ​ការគ្រប់គ្រង និង​បង្ក​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ចំពោះ​សេវា​ដឹកជញ្ជូន​របស់​អតិថិជន​។

លោក Thomas Hundt នាយកប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បានឱ្យ​ដឹងថា MSMEs គឺជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏ខ្លាំង​មួយ និង​ជា​កត្តា​ជំរុញ​អត្រា​ការងារ​ធ្វើ​នៅ​កម្ពុជា ប៉ុន្តែ​ពួកគេ​ប្រឈម​នឹង​ភាព​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​។

លោក​ថ្លែងថា​៖ «Banhji បាន​បង្កើត​ដំណោះស្រាយ​ក្នុងស្រុក ដើម្បី​បម្រើ​ដល់​ MSMEs នៅ​កម្ពុជា ដោយ​បង្កើត​របាយការណ៍​ហិរញ្ញវត្ថុ​ច្បាស់លាស់ ហេតុនេះ​វា​នឹង​ជួយ​បង្កើន​ឱកាស​ហិរញ្ញប្បទាន​របស់​ពួកគេ​។ យើង​រីករាយ​ក្នុង​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម តាមរយៈ​មូលនិធិ SADIF របស់​យើង​ទៅក្នុង​ក្រុមហ៊ុន Banhji »​។

ការវិនិយោគ​ទាំង​ ២ បានធ្វើឱ្យ​មូលនិធិ​អាជីវកម្ម​របស់ SADIF ពង្រីក​ខ្លួន​ជាមួយ​ដៃគូ​អាជីវកម្ម​ឌីជីថល​ឆ្នើមៗ​រហូត​ដល់​ទៅ​ ១០ ​ក្រុមហ៊ុន ដូចជា ក្រុមហ៊ុន Morakot Technology ,Joonaak Delivery, Nham24,GoGames,Sala Tech, Okra Solar,Sousdey និង​ក្រុមហ៊ុន Agribuddy៕ LA