ភ្នំពេញៈ ក្រុមហ៊ុន​ផលិត​ទឹកដោះ​គោ​ស្រស់​ក្នុងស្រុក​បានលើកឡើង​ថា ការប្រកួតប្រជែង​តម្លៃ និង​កង្វះ​ទំនុកចិត្ត​ពី​អ្នក​ប្រើប្រាស់​ក្នុងស្រុក គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ផលិតផល​ក្នុងស្រុក​ប្រកួតប្រជែង​មិន​ឈ្នះ​ផលិតផល​នាំចូល​។

បច្ចុប្បន្ន​នៅតាម​ទីផ្សារ​ទំនើប ឬ​ហាង​លក់ទំនិញ​ធំៗ​នៅ​កម្ពុជា គេ​ឃើញ​មាន​ដាក់តាំង​លក់​ភាគច្រើន​ជា​ផលិតផល​ទឹកដោះគោ​ស្រស់​ដែល​នាំចូល​មកពី​ប្រទេស​ជិតខាង​តែ​ប៉ុណ្ណោះ​។

កញ្ញា ម៉ៅ សុគន្ធា អ្នកទទួលបន្ទុក​ផ្នែក​ទីផ្សារ​នៃ​កសិដ្ឋាន​ផលិត​ទឹកដោះគោ តេ​ជោ​សែន​ឫស្សី​ត្រឹប​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្តព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា តម្លៃ​ដើម​ផលិត​ខ្ពស់ និង​ផ្នត់គំនិត​ដែល​មិន​ទុកចិត្ត​លើ​គុណភាព​ផលិតផល​ក្នុងស្រុក​បាន​ធ្វើឲ្យ​ការបញ្ជាទិញ​មិន​បាន​បរិមាណ​ខ្ពស់​ទេ​។

កញ្ញា​បន្ត​ថា ​ជាធម្មតា​ផលិតផល​ក្នុងស្រុក​មាន​តម្លៃ​ខ្ពស់ ដោយសារ​តែ​មិនមាន​ប្រើប្រាស់​សារធាតុ​គីមី ការ​លាយ​គ្រឿងផ្សំ​ដើម្បី​រក្សាទុក​គុណភាព​ឲ្យ​បានយូរ​។ កញ្ញា​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ការមិន​ផ្តល់​ទំនុកចិត្ត​លើ​ផលិតផល​ក្នុងស្រុក​នេះ​មិនមែន​កើតឡើង​សម្រាប់​តែ​ផលិតផល​ទឹកដោះគោ​ស្រស់​នោះទេ តែ​គឺ​ស្ទើរ​គ្រប់​ផលិតផល​ក្នុងស្រុក​ទាំងអស់​តែម្តង​»​។

កញ្ញា​បាន​លើកឡើង​ថា ជាក់ស្តែង​នៅតាម​ផ្សារ​ទំនើប​នៅពេល​មាន​ផលិតផល​នាំចូល​ជិត​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ គេ​ដាក់លក់​បញ្ចុះតម្លៃ​តែងតែ​មាន​អតិថិជន​ជាច្រើន​បាន​នាំ​គ្នា​ទៅ​ទិញ តែបើ​ផលិតផល​ក្នុង​ស្រុក​វិញ គឺ​មិនសូវ​មាន​អ្នកទិញ​ទេ​។ កញ្ញា​បញ្ជាក់ថា​៖ «​នេះហើយ​គឺជា​ការ​មិនសូវ​មាន​ទំនុកចិត្ត​ផលិតផល​ក្នុងស្រុក​»​។

ជាមួយ​នឹង​សមត្ថភាព​អាច​ផលិត​មាន​ទឹកដោះគោ​ស្រស់​បាន​ប្រមាណ​ ៦០០ ទៅ ៧០០​ ​លីត្រ​ក្នុង ១ ​ថ្ងៃ​ការបញ្ចេញ​លក់​របស់​កសិដ្ឋាន​ផលិត​ទឹកដោះគោ តេជោសែន​ឫស្សីត្រឹប ក្នុង ១ ​ថ្ងៃ​មាន​ប្រហែល ៣០០-៤០០ ​លីត្រ​។

លោក វ៉ាន់ រដ្ឋា ប្រធាន​ផ្នែក​លក់​នៃ​កសិដ្ឋាន​ផលិត​ទឹកដោះគោ​ស្រស់ Moo Moo Farms បាន​និយាយ​ថា បើទោះបី​ការលក់​នាពេល​ចុងក្រោយ​នេះ​មាន​កំណើន​ខ្ពស់​ក៏ដោយ ប៉ុន្តែ​ចំនួន​នេះ​នៅ​ទាប​នៅឡើយ បើ​ធៀប​ទៅនឹង​សមត្ថភាព​ដែល​កសិដ្ឋាន​របស់​លោក​អាច​ផលិត​បាន​។ លោក​បន្តថា ទោះ​ជា​ទឹកដោះគោ​ស្រស់​ផលិត​ក្នុង​ស្រុក​មានតម្លៃ​សមរម្យ និង​មាន​គុណភាព​ល្អ​ក៏ដោយ ប៉ុន្តែ​តម្រូវការ​នៅមាន​កម្រិត​នៅឡើយ​។

លោក​អះអាង​ថា​៖ «​ផលិតផល​ទឹកដោះគោ​ស្រស់​ក្នុង​ស្រុក​គឺ​ពិតជា​ពិបាក​ក្នុង​ការប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល ព្រោះ​ប្រជាជន​ខ្មែរ​ហាក់​នៅ​មិនទាន់​ទុកចិត្ត​លើ​ផលិតផល​ក្នុងស្រុក​ឡើយ ទោះបី​ផលិតផល​យើង​ត្រូវបាន​អ្នកជំនាញ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​យ៉ាងច្បាស់លាស់​ហើយក៏​ដោយ​។ ម្យ៉ាងទៀត​តម្លៃ​ក៏​មិនសូវ​ខុស​គ្នា​ច្រើន​នោះទេ​»​។

លោក​បន្តថា តម្រូវការ​ទឹកដោះគោ​ស្រស់​កំពុង​មាន​ការកើនឡើង​ជា​លំដាប់​នៅ​កម្ពុជា ទោះយ៉ាងណា​លោក​មិនមាន​ទិន្នន័យ​ពី​បរិមាណ​នៃ​តម្រូវការ​ប្រើប្រាស់​នៅ​កម្ពុជា ឬ​ការនាំចូល​ទឹកដោះគោ​ស្រស់​ពី​ប្រទេស​ជិតខាង​នោះទេ​។

Moo Moo Farms គឺជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​មួយកន្លែង​ស្ថិត​នៅ​អរិយក្សត្រ រាជធានី​ភ្នំពេញ ដោយមាន​គោ​ដែល​ផ្តល់​ទឹកដោះ​ប្រមាណ​ជិត ២០០ ​ក្បាល​។ ក្នុង​ ១ ​ថ្ងៃ​ កសិដ្ឋាន Moo Moo Farms អាច​ប្រមូល​ទឹកដោះគោ​ស្រស់​ចន្លោះ​ពី ១ ៣០០ ​ទៅ ១ ៥០០ ​លីត្រ​ ក្នុង​ ១ ​ថ្ងៃ ខណៈ​ការបញ្ជាទិញ​របស់​ទីផ្សារ​មាន​ប្រហែល ១ ០០០ ​លីត្រ ​ក្នុង​ ១ ​ថ្ងៃ​។ ចំនួន​នេះ​មាន​ការកើនឡើង​ស្ទើរតែ​ទ្វេដង​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​។ នេះ​បើតាម​លោក វ៉ាន់ រដ្ឋា​។

បច្ចុប្បន្ន​ទឹកដោះគោ Moo Moo Farms លក់​ចេញ​ក្នុង​តម្លៃ​ប្រហែល​ ១,៨ ​ដុល្លារ​ ក្នុង​ ១ ​លីត្រ និង​ទឹកដោះគោ​តេជោសែន​ឫស្សី​ត្រឹប​មាន​តម្លៃ​ប្រហែល​ ២,៥ ​ដុល្លារ​។

សម្រាប់​ទឹកដោះគោ​ស្រស់​នាំចូល​ដែល​ដាក់លក់​នៅ​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​មាន​តម្លៃ​ពី​ ៤ ទៅ ៤,៥ ​ដុល្លារ​ សម្រាប់​ចំណុះ​ ២ ​លីត្រ​៕LA