ភ្នំពេញៈ ក្រុមហ៊ុនផ្ដល់សេវាទូទាត់មិនប្រើសាច់ប្រាក់ Revenue Group Bhd របស់ប្រទេសម៉ាឡេស៊ីបានបង្ហាញផែនការពង្រីកអាជីវកម្មរបស់ខ្លួនចូលក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាដោយប្រើប្រាស់សាច់ប្រាក់មួយផ្នែកនៃមូលធនដែលខ្លួននឹងប្រមូលបានពីការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ម៉ាឡេស៊ី Star Online ក្រុមហ៊ុន Revenue Group Bhd រំពឹងថានឹងប្រមូលសាច់ប្រាក់ចំនួន ២០,៦១ លានរីងហ្គីត (៥,១៧ លានដុល្លារ) ពីការបោះផ្សាយ IPO នៅផ្សារហ៊ុន Bursa Malaysia Berhad របស់ម៉ាឡេស៊ី ហើយនឹងប្រើប្រាស់សាច់ប្រាក់នេះនៅក្នុងទិសដៅមួយចំនួន។
លោក Eddie Ng Chee Siong អគ្គនាយកក្រុមហ៊ុនផ្ដល់សេវាទូទាត់មិនប្រើសាច់ប្រាក់មួយនេះបានថ្លែងថា ក្រុមហ៊ុនកំពុងស្វែងរកដៃគូយុទ្ធសាស្ដ្រជាមួយក្រុមហ៊ុនក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាហើយគ្រោងនឹងប្រើប្រាស់ទឹកប្រាក់ចំនួន ១,៥ លានរីងហ្គីត (៣៧៦ ១៣២ ដុល្លារ) សម្រាប់ការពង្រីកអាជីវកម្មនៅក្នុងប្រទេសទាំង ២ នេះ។
លោកត្រូវបានដកស្រង់សម្ដី ខណៈពេលថ្លែងថា៖ «យើងជឿជាក់ថាមានសក្ដានុពលកំណើននៅក្នុងសេវាផ្តល់ការទូទាត់អេឡិចត្រូនិកនៅក្នុងប្រទេសទាំងនេះ (កម្ពុជា និងមីយ៉ាន់ម៉ា) ដោយសារប្រព័ន្ធទូទាត់អេឡិចត្រូនិករបស់ពួកគេ នៅតែកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើន»។
យោងតាមលោក Eddie ក្រុមហ៊ុននេះគ្រោងនឹងប្រើប្រាស់មូលនិធិបានពីការបោះផ្សាយ IPO សម្រាប់ការចំណាយលើមូលធន ការធ្វើឲ្យកាន់តែប្រសើរ និងការលើកកម្ពស់កម្មវិធី revPAY របស់ខ្លួន ជ្រើសរើសបុគ្គលិកបច្ចេកវិទ្យាបន្ថែមទៀត និងសងកម្ចីធនាគារ។
បើយោងតាមគម្រោងចុះបញ្ជីរបស់ក្រុមហ៊ុននៅផ្សារហ៊ុន ACE Market របស់ផ្សារហ៊ុន Bursa Securities Bhd ក្រុមហ៊ុន Revenue Group Bhd គ្រោងនឹងចុះបញ្ជីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៨។
កម្មវិធីទូទាត់ចល័តកំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងរហ័ស និងផ្ដល់ជាមធ្យោបាយថ្មីមួយដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។ កម្មវិធី Pi Pay បាននាំមុខគេក្នុងចំណោមសេវាទូទាត់ចល័ត ដោយសារតែកម្មវិធីនេះត្រូវបានគេទាញយកជាង ២១០ ០០០ ដងគិតត្រឹមចុងខែមីនាឆ្នាំនេះចាប់តាំងពីការចាប់ផ្ដើមដំណើរការរបស់ខ្លួនកាលពីខែកក្កដា ឆ្នាំ ២០១៧ មក។
កម្មវិធីក្នុងស្រុកផ្សេងទៀតកំពុងប្រកួតប្រជែងដណ្ដើមចំណែកទីផ្សារការទូទាត់ចល័តដែលកំពុងរីកចម្រើននេះដែលរួមមាន DaraPay, Bongluy, GrabPay និង Smartluy។ លើសពីនេះធនាគារមួយចំនួនបានដាក់ចេញកម្មវិធីទូទាត់ចំណាយផ្ទាល់ខ្លួនរបស់ពួកគេ មិនថាជាកម្មវិធីទូទាត់ដាច់តែឯង ឬជាផ្នែកមួយនៃកម្មវិធីធនាគារអនឡាញរបស់ពួកគេនោះទេ។
កាលពីខែមេសាឆ្នាំមុនធនាគារអេស៊ីលីដាបានដាក់ឲ្យដំណើរការកម្មវិធីទូទាត់អេឡិចត្រូនិកមិនប្រើសាច់ប្រាក់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា អេស៊ីលីដា យូនីធី ទាន់ចិត្ត។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដាបានថ្លែងកាលពីម្សិលមិញថា ទូរស័ព្ទចល័តបានផ្លាស់ប្តូរជីវិតរបស់ប្រជាជនកម្ពុជាជាច្រើន ហើយសេវាហិរញ្ញវត្ថុចល័ត កំពុងផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងដល់ជីវិតប្រចាំថ្ងៃ។
លោកបានមានប្រសាសន៍ថា៖ «វាល្អក្នុងការមានប្រតិបត្តិករច្រើននៅក្នុងទីផ្សារ ដោយសារតែពួកគេនឹងជួយអប់រំអតិថិជនឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាថ្មី»។ លោកបន្ថែមថាអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះណាមួយដែលចូលក្នុងទីផ្សារ ហើយអនុលោមតាមលក្ខខណ្ឌតម្រូវរបស់និយតករហិរញ្ញវត្ថុកម្ពុជានឹងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនដល់អតិថិជន៕ LA