ភ្នំពេញៈ ឆាយណា យូនីខម ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឈានមុខ​គេ​របស់​ប្រទេស ​ចិន និង​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង​បាន​ពង្រីក​វត្តមាន​របស់ខ្លួន​មក​កម្ពុជា​ដើម្បី​បង្កើត​ផ្លូវ​ទូរគមនាគមន៍​អ៊ុបទិក តំបន់​ជាច្រើន​នៅក្នុង​គំនិត​ផ្តួចផ្ដើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​។

ក្រុមហ៊ុន​នេះ​បាន​បើក​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន China Unicom (Cambodia) កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ហើយក៏​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចុងក្រោយ​គេ​បង្អស់​ចូលក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍​ដ៏ចង្អៀត​របស់​ប្រទេស​កម្ពុជា​។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​ស្វាគមន៍​ចំពោះ​បណ្ដា​វិនិយោគិន​ចិន​ដែល​មាន​បំណង​ចង់​មក​វិនិយោគ​នៅ​គ្រប់​វិស័យ​នៅ​កម្ពុជា​។ ក្នុងនោះ​លោក​រដ្ឋមន្ដ្រី​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន ឆាយណា យូនីខម របស់​ចិន​ដែល​បើកសម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

មកទល់​បច្ចុប្បន្ននេះ ក្រុមហ៊ុន ឆាយណា យូនីខម បាន​បង្កើត​សាខា​នៅតាម​បណ្តា​ប្រទេស និង​តំបន់​ដែល​ស្ថិត​នៅក្នុង​គម្រោង «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​» ចំនួន ​១៣ ​សាខា​ហើយ​។ លោក​ថ្លែងថា​៖ «​ការវិនិយោគ និង​ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដោយ​ក្រុមហ៊ុន ឆាយណា យូនីខម នៅក្នុង​ប្រទេស​ដែល​ស្ថិត​តាម​គម្រោង «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​» បាន​នាំមក​នូវ​សមិទ្ធផល​យ៉ាង​សំខាន់​មកលើ​ការអភិវឌ្ឍ​វិស័យ ទូរគមនាគមន៍​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​»​។

លោក​បន្តថា​៖ «​យើង​ជឿជាក់​ថា សហប្រតិបត្តិការ​រវាង​ធុរកិច្ច​កម្ពុជា និង​ចិន​នឹង​បន្ត​យ៉ាង​ជ្រាលជ្រៅ នាពេល​អនាគត​ដោយ​នាំមក​នូវ​សេវាកម្ម បណ្តាញ និង​ទូរគមនាគមន៍ ដែល​ផ្អែកលើ cloud-based ដែលមាន​គុណភាព​ខ្ពស់​មកកាន់​កម្ពុជា​»​។

លោកស្រី Meng ShuSen ប្រធាន​ក្រុមហ៊ុន China Unicom Global បាន​ឲ្យ​ដឹងថា ការបង្កើត​ក្រុមហ៊ុន​កម្ពុជា​ជា​ស្ពាន​មួយ​សម្រាប់​ផ្តល់ព័ត៌មាន និង​ទំនាក់ទំនង​ទៅវិញទៅមក​រវាង​កម្ពុជា និង​ចិន​។

លោកស្រី​ថ្លែងថា​៖ «​ក្រុមហ៊ុន​ក៏​សង្ឃឹមថា ការផ្តួចផ្តើម​របស់​ក្រុមហ៊ុន​មិន​ត្រឹមតែ​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ដែល​គុណភាព​នោះ​ឡើយ ប៉ុន្តែ​ការផ្តួចផ្តើម​នេះ​ក៏​នឹង​ជួយ​សហគ្រាស​នៅ​កម្ពុជា​ក្នុង​ការវិនិយោគ​ទៅក្នុង​ប្រទេស​ចិន​ផងដែរ​។ ដូច្នេះ​នឹង​បង្កើត​បាន​ជា​សហប្រតិបត្តិការ​ដែល​រឹងមាំ និង​មាន​អត្ថប្រយោជន៍​ដែល​ជា​ការបន្ថែម​អត្ថន័យ​ទៅលើ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ផងដែរ​»​។

ស្ថិតិ​បាន​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​បង្ហាញថា ស៊ីមកាត ២០,៨ ​លាន​ត្រូវ​បាន​ចុះបញ្ជី​ក្នុង​អំឡុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ កើនឡើង ៩,៤ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ការតភ្ជាប់​អ៊ីនធឺណិត​ទាំង​អ៊ីនធឺណិត​ចល័ត និង​អ៊ីនធឺណិត​លើ​តុ​កើនឡើង​ ៣១,៦ ​ភាគរយ​ កើន​ដល់​ ១៥,៨ ​លាន​ ក្នុង​អំឡុង​នេះ​ធៀប​នឹង​ ១២ ​លាន​ ក្នុង​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​៕LA

វីដេអូ៖