ក្រុង​ស៊ីដនីៈ ​ក្រុមហ៊ុន​ទូរ​គមនា​គមន៍ Telstra ដែល​ឈាន​មុខគេ​របស់​ប្រទេស​អូស្ដ្រាលី​ កាល​ពី​ថ្ងៃពុធ បាន​ប្រកាស​ផែន​ការ​កាត់​បន្ថយ​ការ​ងារ​ ៨ ០០០ កន្លែង​ ស្មើ​នឹង ១ ភាគ​ ៤ នៃ​កម្លាំង​ពល​កម្ម​របស់​ខ្លួន។

ការកាត់​បន្ថយ​ការងារ​នេះ​គឺ​ជា​ផ្នែក​មួយនៃ​យុទ្ធ​​សាស្ដ្រ​ថ្មី​ដ៏ខ្លាំងក្លា​​ក្នុងការ​ជម្នះ​ជា​មួយ​ឧស្សាហ​កម្ម​ដែលមាន​ការ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំងនេះ។

ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​នេះ ដែល​ជា​ក្រុមហ៊ុន​​​មួយក្នុង​​ចំណោម​ក្រុមហ៊ុន​ធំ​បំផុត​ក្នុង​ប្រទេស​អូស្រ្តាលី គឺជា​ផ្នែក​មួយនៃ​ការ​ផ្លាស់​ប្តូរដ៏ធំ​មួយ ដែល​កំណត់​ទិសដៅ​កាត់​បន្ថយ​ការ​ចំណាយ​បន្ថែម ១ ​ពាន់​លាន​ដុល្លារ​អូស្ដា្រលី​ (​៧៥០ លានដុល្លារ​) នៅ​ត្រឹម​ឆ្នាំ ​២០២២ ដែល​លើស​ពី​ការ​ប្រកាស​កន្លង​មក​ថា​មាន​តែ​ចំនួន​​ ១,៥​ ពាន់​លាន​ដុល្លារ។

ដើ​ម្បី​បង្កើត​ប្រតិបត្តិ​ការ​កាន់​តែ​រួមតូច​ ​ក្រុម​ហ៊ុន​នេះ​នឹង​បំបែក​ផ្នែក​ចល័ត​ និង​ផ្នែក​ហេដ្ឋា​រច​នាស​ម្ព័ន្ធ​របស់ខ្លួន​ទៅជា​អាជីវ​កម្ម​ដោយ​ឡែក​ផងដែរ។

លោក​ Andrew Penn ប្រធាន​ប្រតិបត្តិក្រុមហ៊ុន ​​ Telstra បានថ្លែងថា​៖ «​យើងនឹង​​បង្កើត​​ក្រុម​ហ៊ុន Telstra ថ្មី​មួយ​ ដែល​អា​ចបន្ត​នាំ​មុខ​ទី​​ផ្សារ​​នេះ​»។

លោក​បន្តថា​៖ «​នៅពេល​​អនាគត កម្លាំង​ពល​កម្ម​របស់​យើង​ នឹង​ក្លាយ​ជា​​កម្លាំង​ពល​កម្ម​មាន​មូល​ដ្ឋាន​លើ​ចំណេះ​ដឹង​ មាន​ចំនួន​កាន់​តែ​តិច ​ជាមួយ​នឹង​រចនា​សម្ព័ន្ធ​មួយ និង​របៀប​ការងារ​ ដែល​មាន​ភាព​រហ័ស​រហួន​គ្រប់​គ្រាន់​ ក្នុងការ​ដោះស្រាយ​ជា​មួយ​នឹង​ការ​ផ្លាស់​ប្តូរ​យ៉ាង​រហ័ស។

លោក​បន្តថា​៖ «​នេះ​មាន​ន័​យ​ថា តួនាទី​មួយ​ចំនួន នឹង​លែង​ត្រូវ​ការ​ទៀត​ហើយ​ មួយ​ចំនួន​នឹង​ផ្លាស់​ប្តូរ ហើយ​នឹង​មាន​តួនាទី​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ​»។

ការកាត់​បន្ថយ​នេះ​​ធ្វើ​ឡើង​មិន​ដល់​រយៈ​ពេល​មួយ​ខែ​ បន្ទាប់​ពី​ក្រុម​ហ៊ុន Telstra បាន​ឲ្យ​​ដឹង​ថា ប្រាក់​ចំណេញ​ឆ្នាំ ២០១៧-២០១៨ របស់​ខ្លួន​នឹង​​មាន​កម្រិត​ទាប​​ពី​ ១០,១​ពាន់​លាន ទៅ​ ១០,​៦ ​ពាន់​លាន​ដុល្លារ​អូស្ដ្រាលី​ ដែល​​​​ការ​​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​​ឡើង​ នៅក្នុង​អ៊ីនធឺណិត​ចល័ត ​និង​អ៊ិនធឺណិត​លើតុ​៕ AFP/LA