ភ្នំពេញ: ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ជំរុញ​ឲ្យ​ប្រតិបត្តិករ​ទូរគមនាគមន៍​ក្នុងស្រុក​ចាក់​បញ្ចូល​សាច់ប្រាក់​សម្រាប់​បង្កើន​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ពង្រឹង​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ីនធឺណិត​ដែល​កំពុងមាន​តម្រូវការ​ប្រើប្រាស់​កើនឡើង​យ៉ាងគំហុក​ក្នុង​អំឡុង​ពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ចេញផ្សាយ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ភាពរអាក់រអួល​សេវា​ទូរស័ព្ទ​ចល័ត​នៅ​តាម​តំបន់​មួយចំនួន​ក្រសួង​បាន​ចាត់​ក្រុមការងារ​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ​ចុះ​ពិនិត្យ​គុណភាព​សេវា​ទូរស័ព្ទ​ឡើងវិញ​ដើម្បី​ជំរុញ​ឲ្យ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​ពង្រឹងគុណភាព​សេវា​របស់​ខ្លួន​ឲ្យ​បានល្អ​តាមរយៈ​បំពាក់​ឧបករណ៍ និង​ការសាងសង់​បង្គោល​អង់តែន​បន្ថែម​។

ក្រសួង​អះអាង​ថា​៖ «​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ទាំងអស់​ត្រូវ​ពង្រឹងគុណភាព​សេវា​ទូរស័ព្ទ​របស់ខ្លួន​នៅ​គ្រប់​ទីកន្លែង ជាពិសេស​នៅតាម​តំបន់​តាម​ទីប្រជុំជន និង​តំបន់​អភិវឌ្ឍន៍​ថ្មី​ដោយ​បំពាក់​ឧបករណ៍​ផ្តល់​សេវា ឬ​សាងសង់​បង្គោល​អង់តែន​បន្ថែមទៀត​ជា​កំហិត​»​។

ក្រសួង​អះអាង​ថា រាល់​ការផ្តល់សេវា​ទូរស័ព្ទ​ចល័ត​ដែល​មិនមាន​គុណភាព​គឺជា​អំពើ​មិន​សុចរិត ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការប្រើប្រាស់​អ៊ីនធឺណិត​សម្រាប់​ទាញយក (download) ​កម្មវិធី​ផ្សេងៗ​មាន​ការកើនឡើង​រហូត​ដល់​ ១០៤ ​ភាគរយ​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ការ​ upload ​កើនឡើង​ ៩២ ​ភាគរយ​ក្នុងអំឡុង​ពេលនេះ​។

លោក​ថ្លែងថា​៖ «​បញ្ហា​ជំងឺ​កូវីដ​ ១៩ ​បាន​ធ្វើឲ្យ​មនុស្ស​ធ្វើ​ការងារ​តាម​អនឡាញ​ច្រើន ជាពិសេស​សិស្សានុសិស្ស​រៀន​តាម​អនឡាញ ហើយ​ការប្រកបរបរ​រកស៊ី​របស់​ប្រជាជន​ជាច្រើន​បាន​ងាក​មករក​ស៊ី​តាម​អនឡាញ​ក៏ច្រើន​ដែរ ដែល​នាំ​ឲ្យ​ការប្រើប្រាស់​អ៊ីនធឺណិត​កើនឡើង​យ៉ាងខ្លាំង​»​។

លោក Thomas Hundt អគ្គនាយក​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ Smart បាន​វិនិយោគ​ចន្លោះ​ពី​ ៧០ ទៅ ៨០ លាន​ដុល្លារ​ ជា​រៀងរាល់ឆ្នាំ​ទៅលើ​ការចំណាយ​មូលធន​ (CAPEX) ដែលជា​ចម្បង​សម្រាប់​ការពង្រីក​បណ្តាញ និង​បច្ចេកវិទ្យា​ចល័ត​ទំនើប​។

លោក​បន្តថា​នៅ​ចុង​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​ Smart ​បាន​វិនិយោគ​ដើមទុន​ និង​ចំណាយ​ប្រតិបត្តិ​ការសរុប​ ១,៦៦ ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង​ភាព​ជា​អ្នកដឹកនាំ​ទិន្នន័យ​ចល័ត​ជាពិសេស​ពង្រីក​បណ្តាញ​ 4.5G​។

លោក​ថ្លែងថា​៖ «​យើង​ក៏បាន​ប្តេជ្ញាចិត្ត​ចំណាយ​ ២ ​ភាគរយ​ នៃ​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​ពង្រីក​សេវាកម្ម​ទៅកាន់​តំបន់​ដាច់ស្រយាល​របស់​ប្រទេស​កម្ពុជា​»​។

បើ​យោងតាម​លោក វុត្ថា បច្ចុប្បន្ន សេវា​ទូរស័ព្ទ​ចល័ត​ និង​អ៊ីនធឺណិត​បណ្តាញ 4G របស់​កម្ពុជា​បាន​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​ចំនួន​ ៥៣ ​ភាគរយ​ នៃ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ជាង​ ១៥ ​លាន​នាក់ ខណៈ​កម្ពុជា​មាន​បណ្តាញ​ខ្សែកាប​អុបទិក​មេ​ប្រវែង​សរុប​ជាង ៤៤ ២៥១ គីឡូម៉ែត្រ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន CFOCN ក្រុមហ៊ុន​ Telecom Cambodia និង​ក្រុមហ៊ុន Viettel (Cambodia)​។

លោក​ឲ្យ​ដឹងថា​៖ «​សេវា​គ្របដណ្តប់​នេះ​ភាគច្រើន​ប្រតិបត្តិករ​ទូរគមនាគមន៍​វិនិយោគ​តែ​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​ធំៗ​តែប៉ុណ្ណោះ​»៕ LA