ក្រុងឡុងដ៍ៈ វត្តមាន​រយៈពេល ១៧៨ ឆ្នាំ​ របស់​ក្រុមហ៊ុន Thomas Cook កាលពី​ថ្ងៃអាទិត្យ​កំពុងស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុមហ៊ុន​ទេសចរណ៍​ដ៏ល្បី​របស់​ចក្រភព​អង់គ្លេស​មួយ​នេះ​បាន​ជម្នះ​ក្នុង​ការស្វែងរក​ការវិនិយោគ​ឯកជន​បន្ថែម​ទៀត ហើយ​នៅពេល​នេះ​កំពុង​ពឹង​ផ្អែកលើ​ជំនួយ​សង្គ្រោះ​របស់​រដ្ឋាភិបាល​ដែល​មិន​ទំនងជា​នឹង​ទទួលបាន​។

ប្រតិបត្តិករ​ទេសចរណ៍​មួយ​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​ត្រូវការ ២០០ ​លាន​ផោន (២៥០ លាន​ដុល្លារ​) បន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​ជំនួយ​សង្គ្រោះ​មាន​ទំហំ ៩០០ លាន​ផោន​ ដែល​បាន​ទទួល​កាលពី​ខែ​មុន បើ​មិន​ដូច្នេះ​ទេ​ប្រឈម​នឹង​ការកើត​មាន​បញ្ហា​រដ្ឋបាល​ដែល​អាច​បណ្ដាល​ឲ្យ​អ្នកធ្វើ​ដំណើរ​កម្សាន្ដ​រាប់ពាន់នាក់​ត្រូវ​ជាប់គាំង និង​តម្រូវ​ឲ្យ​ការធ្វើ​មាតុភូមិនិវត្តន៍​ដ៏ច្រើន​បំផុត​មិន​ធ្លាប់​មាន​របស់​ចក្រភព​អង់គ្លេស​គិត​ចាប់​តាំងពី​សង្គ្រាម​លោក​លើកទី ​២ ​មក​។

ប្រភព​ជិតស្និទ្ធ និង​ការចរចា​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុមហ៊ុន​នេះ​បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​ប្រាក់ ២០០ លាន​ផោន​ ពី​ក្រុម​វិនិយោគិន​ឯកជន ហើយ​នឹង​ក្ស័យធន លុះត្រា​ដែល​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​។

ប៉ុន្តែ​កាសែត Times របស់​អង់គ្លេស​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុម​រដ្ឋមន្ដ្រី​អង់គ្លេស​មិន​ទំនង​ជា​នឹង​ចូល​អន្តរាគមន៍​នោះទេ ដោយសារ​ការបារម្ភ​អំពី​ការ​អាច​បន្ត​រស់​បាន​រយៈពេល​វែង​របស់​ក្រុមហ៊ុន​នេះ​ដែល​នឹង​ទុក​ឲ្យ​ក្រុមហ៊ុន​នេះ​ក្ស័យធន និង​បង្ក​ឲ្យ​មានការ​ជាប់គាំង​អ្នកដំណើរ​កម្សាន្ត​ជនជាតិ​អង់គ្លេស​រហូត​ដល់ ១៥០ ០០០ នាក់ ​នៅ​បរទេស​។

លោក​រដ្ឋមន្ដ្រី Brandon Lewis ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ថា វា​នឹង «​មិន​សមរម្យ​» សម្រាប់​រូបលោក​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​អំពី​ការចរចា​នេះ ប៉ុន្តែ​លោក​សង្ឃឹមថា ពួកគេ​នឹង​សម្រេច​បាន​លទ្ធផល​ចរចា​ដោយ​វិជ្ជមាន​៕ LA