ក្រុងប៉ារីសៈ ក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនលក់ទំនិញប្រណីតរបស់ប្រទេស បារាំង កាលពីថ្ងៃចន្ទបានប្រកាសកិច្ចព្រមព្រៀងមួយក្នុងការទិញយកក្រុមហ៊ុន Tiffany ដែលជាក្រុមហ៊ុនគ្រឿងអលង្ការអាមេរិកក្នុងតម្លៃជាង ១៦ ពាន់លានដុល្លារ ដែលនឹងជំរុញវត្តមានរបស់ក្រុមហ៊ុននេះនៅទីផ្សារអាមេរិក។
កិច្ចព្រមព្រៀងនេះកើតមានឡើងបន្ទាប់ពីក្រុមហ៊ុន LVMH បានចំណាយពេលជាងមួយខែ ដើម្បីចែចូវក្រុមហ៊ុន Tiffany ដែលជាក្រុមហ៊ុនលក់ទំនិញតម្លៃថ្លៃល្បីឈ្មោះបំផុតមួយនៅសហរដ្ឋអាមេរិក ដែលផលិតផលល្បីៗរបស់ក្រុមហ៊ុននេះរួមមាន ចិញ្ចៀនរៀបការ និងពេជ្រក្រុមហ៊ុន LVMH បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំង ២ សម្រេចបានកិច្ចព្រមព្រៀងមួយដែលក្រុមហ៊ុន LVMH និងទិញភាគហ៊ុនរបស់ក្រុមហ៊ុន Tiffany ក្នុងតម្លៃ ១៣៥ ដុល្លារក្នុងមួយហ៊ុនគិតជាសាច់ប្រាក់ក្នុងប្រតិបត្តិការមួយដែលតម្លៃរបស់ក្រុមហ៊ុននេះមានតម្លៃប្រហែល ១៤,៧ ពាន់លានអឺរ៉ូ ឬ ១៦,២ ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងនេះគឺជាការទិញភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន LVMH ហើយនឹងបង្កើនវត្តមានរបស់ខ្លួននៅអាមេរិកដែលបច្ចុប្បន្នជាទីផ្សារឈានមុខគេទី ២ របស់ខ្លួន។
លោក Bernard Arnault នាយកប្រតិបត្តិរបស់ក្រុមហ៊ុន LVMH បានថ្លែងថា៖ «យើងរីករាយដែលមានឱកាសស្វាគមន៍ក្រុមហ៊ុន Tiffany មកកាន់គ្រួសររបស់ក្រុមហ៊ុន LVMH។ Tiffany ជាក្រុមហ៊ុនមួយដែលមានកេរដំណែលល្អ និងមានតួនាទីយូនីកក្នុងពិភពគ្រឿងអលង្ការពិភពលោក»។
កិច្ចព្រមព្រៀងបែបនោះត្រូវបានគេមើលឃើញថា ជាផ្លូវមួយឆ្ពោះទៅមុខសម្រាប់ក្រុមហ៊ុន Tiffany ដែលកំពុងជួបការលំបាកក្នុងបង្កើនការលក់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្រុមហ៊ុន LVMH ដែលត្រូវបានដឹកនាំដោយមហាសេដ្ឋី Bernard Arnault គឺជាម្ចាស់ក្រុមហ៊ុន Louis Vuitton ក្រុមហ៊ុន Dior និងក្រុមហ៊ុន Moet & Chandon ។
លោក Roger Farah ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tiffany បានថ្លែងថា៖ «បន្ទាប់ពីពិនិត្យមើលឡើងវិញបែបយុទ្ធសាស្ត្រដែលរួមមានដំណើរការផ្ទៃក្នុងយ៉ាងហ្មត់ចត់ និងដំបូន្មានពីខាងក្រៅរបស់អ្នកជំនាញ ក្រុមប្រឹក្សាភិបាលបានសន្និដ្ឋានថា ប្រតិបត្តិការជាមួយក្រុមហ៊ុន LVMH នឹងផ្តល់ផ្លូវឆ្ពោះទៅមុខដ៏រំភើបមួយ»។
ក្រុមហ៊ុន Tiffany ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៣៧ និងមានការិយាល័យកណ្តាលនៅទីក្រុងញូវយ៉ក គឺជាក្រុមហ៊ុនផលិតផលទំនើបល្បីឈ្មោះរបស់អាមេរិក។
ការដាក់បញ្ចូលក្រុមហ៊ុន Tiffany ទៅក្នុងក្រុមហ៊ុនហូលឌីងគ្រឿងអលង្ការបស់ក្រុមហ៊ុន LVMH ដែលរួមមានទាំងផលិតផលប្រណីត Bulgari, Chaumet, Tag Heuer និង Hublot រួចទៅហើយនោះនឹងជួយឲ្យក្រុមហ៊ុននេះប្រកួតប្រជែងបានជាមួយនឹងក្រុមហ៊ុន Richemont ដែលមានមូលដ្ឋាននៅស្វ៊ីស ដែលកាន់កាប់ទំនិញប្រណីតយីហោ Car-tier និងម៉ាកយីហោផ្សេងៗទៀត ព្រមទាំងជួយលក់ឋានៈរបស់ក្រុមហ៊ុន LVMH នៅទីផ្សារអាមេរិក៕ LA