ភ្នំពេញៈ ក្រុមហ៊ុន ទ្រីភាព គ្រុប នៅព្រឹកថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកំពង់ផែអន្តរជាតិនៃខេត្តគ័ងស៊ី ប្រទេសចិន ដើម្បីធ្វើការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងខេត្តកំពត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងដំណាក់កាលដំបូងក្រុមហ៊ុនទាំងពីរ គ្រោងនឹងសិក្សាសាងសង់កំពង់ផែទឹកជ្រៅ ១ ដែលឲ្យនាវាផ្ទុកទំនិញពី ១០ ០០០តោន ទៅ ៣០ ០០០តោន អាចចូលចត ផ្ទេរ និងផ្ទុកទំនិញបាន។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការងារបានចំនួន ៥០០នាក់ ក្នុងដំណាក់កាលចាប់ផ្តើម និងកើនដល់១ ៥០០នាក់ ក្នុងរយៈពេល៣ឆ្នាំបន្ទាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ក្រុមហ៊ុនទ្រីភាពតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ ប៉ាប៉ាភេត្រូលៀម ទើបតែបានបញ្ចប់ទាំងស្រុងនូការសាងសង់រោងចក្រស្តុកប្រេងរបស់ខ្លួន នៅក្នុងខេត្តកំពត។ រោងចក្រស្តុកប្រេងនេះត្រូវបានបើកដំណើរការកាលពីដើមខែមីនា ឆ្នាំ ២០១៨។
នៅក្នុងកិច្ចព្រមព្រៀងនេះមិនបានបង្ហាញពីទំហំទឹកប្រាក់លើគម្រោងវិនិយោគនេះទេ៕