ភ្នំពេញ: គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បាន​ឲ្យ​ដឹងថា​នឹង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅក្នុង​ឧស្សាហកម្ម​ធានារ៉ាប់រង និង​អចលនទ្រព្យ​គ្រោង​នឹង​ចុះបញ្ជី​បោះផ្សាយ​មូលបត្រ​របស់​ពួកគេ​នៅ​ផ្សារមូលបត្រ​កម្ពុជា បន្ទាប់ពី​ផ្សារហ៊ុន​នេះ​បាន​ទាក់ទាញ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​ទៅ​ចុះបញ្ជី​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា មាន​ក្រុមហ៊ុន​ក្នុង​វិស័យ​សំខាន់​ ២ ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​រៀបចំ ដើម្បី​ចុះបញ្ជី​លើ​ផ្សារមូលបត្រ​កម្ពុជា​នាពេល​ខាង​មុខ​នេះ​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​ទាំងនោះ​មកពី​វិស័យ​ធានារ៉ាប់រង និង​អចលនទ្រព្យ​។ យើង​កំពុង​ធ្វើការងារ​ជាមួយ​ពួកគេ​។ មកដល់​ពេល​នេះ​យើង​មិន​អាច​និយាយ​ថា តើ​ពួកគេ​ត្រៀមខ្លួន​រួចរាល់​ត្រឹម​ចុង​ឆ្នាំនេះ ឬ​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ ដោយសារ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ខ្លួន​»​។ ទោះយ៉ាងណា លោក​បាន​បដិសេធ​មិន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ​ឡើយ ដោយសារ​តែ​ពួកគេ​កំពុង​ធ្វើការងារ​លើ​គម្រោង​នេះ​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​មួយចំនួន​កំពុង​ស្ថិត​ក្នុង​ផែនការ​ចុះបញ្ជី​។ ពួកគេ​កំពុង​ធ្វើការងារ​ជាមួយ​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​ (IPO) ​របស់​ពួកគេ រួមមាន​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ ក្រុមហ៊ុន​គណនេយ្យ និង​ក្រុមហ៊ុន​ច្បាប់​។

លោក​ថ្លែងថា​៖ «​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ​នឹងដាក់​ឯកសារ​ទៅ CSX ដើម្បី​ត្រួតពិនិត្យ​ក្នុង​ពេល​​ឆាប់ៗ​។ ក្រុមហ៊ុន​មួយ​ចំនួន​គ្រោង​នឹង​ចុះបញ្ជី​ត្រឹម​ឆ្នាំនេះ និង​មួយចំនួន​នឹង​ចុះបញ្ជី​នៅ​ដើម​ឆ្នាំក្រោយ​»​។ យើង​មិន​អាច​បង្ហាញ​ព័ត៌មាន​បន្ថែម​បានទេ ដោយសារ​តែ​យើង​ចាំបាច់​ត្រូវ​រក្សា​វា​ជា​សម្ងាត់​»​។

ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ​បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ខែមេសា ឆ្នាំ​ ២០១២​។ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី ១២ ​ក្នុងចំណោម​នោះ ៦ ​ជា​ក្រុមហ៊ុន​សញ្ញា​បណ្ណ​សាជីវកម្ម និង ៦ ​ផ្សេង​ទៀត​ចុះបញ្ជី​មូលបត្រ​។ ក្រុមហ៊ុន​ចុះបញ្ជី​រួមគ្នា​ប្រមូល​មូលនិធិ​បាន​ប្រហែល ២២៣ ​លាន​ដុល្លារ​។

មូលនិធិ​នេះ​បាន​កើន​ពី ៤៤២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ដល់ ៧០១ ​លាន​ដុល្លារ​​ នៅក្នុង​ឆ្នាំ​ ២០១៩ គឺ​កើន ៥៨ ​ភាគរយ ខណៈ​ទំហំ​ជួញដូរ​កើន ៦ ​ដង​ពី ២៦ ០០០ ​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៨ ​ដល់​ប្រហែល ១៥០ ០០០ ​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៩៕ LA