ក្រុងបាងកកៈ បើទោះ​ជា​ការនាំ​ចេញ​បន្ត​កើនឡើង​កាលពី​ខែ​កុម្ភៈ​ក្តី ក៏​ក្តីបារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស​ចិន និង​កំណើន​ថ្លៃ​ខ្ពស់​របស់​ប្រាក់​បាត គំរាម​កំហែង​ធ្វើឲ្យ​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ធ្លាក់​ចុះ​។

លោកស្រី Ghanyapad Tantipipatpong ​ប្រធាន​ក្រុមប្រឹក្សា​ក្រុមហ៊ុន​នាំ​ចេញ​ជាតិ​ថៃ (TNSC) បាន​ថ្លែង​ថា​ក្រុមហ៊ុន​នាំ​ចេញ​មួយ​ចំនួន​នៅ​តែ​ព្រួយបារម្ភ​អំពី​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​ដែល​មាន​លក្ខណៈ​គាំពារ​និយម និង​វិធានការ​វាយបក​វិញ​ពី​ប្រទេស​ដែល​បាន​រង​ផលប៉ះពាល់​មួយ​ចំនួន​ជាពិសេស​ប្រទេស​ចិន​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​បើ​ស្ថានភាព​ជម្លោះ​រវាង​អាមេរិក និង​ចិន​ឈាន​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ពិភពលោក និង​ខ្សែចង្វាក់​​ផ្គត់ផ្គង់​ពិភពលោក​នឹង​រង​ផលប៉ះពាល់​»​។

លោកស្រី Ghanyapad បាន​បន្ថែម​ថា​៖ «​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម និង​ស្បៀងអាហារ​នឹង​ត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​បំផុត បើ​ប្រាក់​បាត​បន្ត​ឡើង​ថ្លៃ​»​។ លោក​បន្ត​ថា​ផលប៉ះពាល់​នេះ​អាច​ធ្វើឲ្យ​កំណើន​នាំ​ចេញ​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៥ ភាគរយ​ក្នុង​ឆ្នាំ​នេះ​ធៀប​នឹង​កំណើន​ដែល​បាន​ព្យាករ​នាពេល​កន្លង​មក ៦ ភាគរយ​។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​ ២១ ខែ​មីនា​ថា​ការ​នាំ​ចេញ​បាន​កើនឡើង ១២ ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​កុម្ភៈ​ដោយ​បាន​នាំ​មក​ចំណូល ២០,៤ ពាន់​លាន​ដុល្លារ​ភាគច្រើន​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​កំណើន​តម្រូវការ​ពី​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​។ កំណើន​ការ​នាំ​ចេញ​ត្រូវ​បាន​ជំរុញ​ដោយ​រថយន្ត និង​គ្រឿងបន្លាស់​រថយន្ត កុំព្យូទ័រ និង​គ្រឿង​ផ្គុំ ផលិតផល​កៅស៊ូ និង​ទំនិញ​មួយ​ចំនួន​ទៀត​៕ BP