ភ្នំពេញៈ ​ក្រុមហ៊ុន​នាំចេញ​អង្ករ​កម្ពុជា​អាច​​បន្ត​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​​អឺរ៉ុប​ដោយ​រួច​ពន្ធ​​បន្ត​ទៀត​ តាម​រយៈ​​ការ​លក់​អង្ករ​ពាក់​កណ្តាល​សម្រេច​ទៅ​ឲ្យ​ក្រុមហ៊ុន​​រោង​ម៉ា​ស៊ីន​នៅ​​អឺ​រ៉ុប​ជំនួស​​វិញ ​ដោយ​សារ​ថា ​អង្ករ​ពាក់​កណ្តាល​សម្រេច​ពី​កម្ពុជា​នៅ​អាច​​​នាំ​ចូល​ទៅ​អឺរ៉ុប​ក្នុង​​អត្រា​ពន្ធ​សូន្យ។​ នេះ​បើយោង​តាម​ការ​លើក​ឡើង​​ពី​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​ស្រូវ​-អង្ករ ​១ ​រូប​។

សហភាព​អឺរ៉ុប (EU) បាន​​​សម្រេច​យក​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​ កម្ពុជា​ និង​​មីយ៉ាន់ម៉ា ដែល​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់​ពី​ថ្ងៃ​សុក្រ ទី​ ១៨ ​សប្តាហ៍​មុន​តាម​សំណើ​តវ៉ា​របស់​ប្រទេស​ អ៊ីតាល។ មុន​ពេល​​​តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​ ភាគ​ច្រើន​នៃ​អង្ករ​នាំចេញ​ពី​កម្ពុជា​ជា​ផលិតផល​​សម្រេច ​សម្រាប់​ដាក់​លក់​នៅ​លើ​ទីផ្សារ​លក់​រាយ​​ និង​សម្រាប់​អ្នក​ប្រើប្រាស់​ចុង​ក្រោយ​នៅ​អឺរ៉ុប​។

លោក ​សុង ​សារ៉ន ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន​នាំចេញ​អង្ករ​ អេមរូ រ៉ាយស៍​ ដែល​ជា​អ្នក​នាំចេញ​អង្ករ​ធំ​មួយ​នៅ​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​គេហ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ វិធាន​របស់​សហភាព​អឺរ៉ុប​ទាក់ទង​នឹង​​ការ​ដាក់​ពន្ធ​អង្ករ​កម្ពុជា និង​​មីយ៉ាន់ម៉ា គឺ​​នៅ​តែ​ទុក​អត្រា​ពន្ធ​សូន្យ​ដដែល​ប្រសិន​បើ​កម្ពុជា​លក់​អង្ករ​ពាក់​កណ្តាល​សម្រេច​ទៅ​ឲ្យ​ក្រុមហ៊ុន​​រោង​ម៉ាស៊ីន​ ឬ​ រោង​ចក្រ​កែ​ច្នៃ​នៅ​អឺរ៉ុប។ លោក​បាន​បញ្ជាក់​ថា ​​គោលដៅ​របស់​សហភាព​អឺរ៉ុប​ គឺ​ដើម្បី​​​ទប់ស្កាត់​ការ​ដួល​រលំ​នៃ​ក្រុមហ៊ុន​កែ​ច្នៃ​អង្ករ​នៅ​ប្រទេស​ផលិត​ស្រូវ​នៅ​អឺរ៉ុប​ដែល​មាន​ដូច​ជា អ៊ីតាលី និង​ អេស្ប៉ាញ​ជា​ដើម​។

លោក​បន្ត​ថា​៖​ ​«​យើង​​កំពុង​ផ្ញើ​សំណាក​អង្ករ​ពាក់​កណ្តាល​សម្រេច​ និង​ប្រភេទ​អង្ករ​សម្រេច​ ផ្សេង​ទៀត​ដែល​នៅ​មាន​អត្រា​ពន្ធ​សូន្យ​ ​[សហភាព​អឺរុប​ដាក់​ផលិតផល​អង្ករ​​កម្ពុជា​តែ​ ៤ ​មុខ​ប៉ុណ្ណោះ​ឲ្យ​ជាប់​ពន្ធ​] ឲ្យ​​គាត់​ពិនិត្យ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​មាន​ជំនឿ​ថា ​យ៉ាង​យូរ​ចុង​ខែ​កុម្ភៈ​​យើង​ចេញ​អង្ករ​ទៅ​ EU ធម្មតា​ដោយ​មិន​ជាប់​ពន្ធ​»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ សារ៉ន ​បញ្ជាក់​ថា ​បរិមាណ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​នឹង​ថយ​ចុះ​ក្នុង​ឆ្នាំ​ ២០១៩​ ដល់​ឆ្នាំ ២០២១ ​ដោយ​សារ​អ្នក​ប្រើប្រាស់​អាច​ទិញ​អង្ករ​សម្រេច​ដែល​នាំចូល​ពី​ប្រទេស​ផ្សេង​វិញ។

លោក​បន្ត​ថា ​កម្ពុជា​ក៏​​អាច​ព្យាយាម​បង្កើន​ការ​នាំ​ចេញ​តាម​ប្រព័ន្ធ ​Tariff ​Rate ​Quota (TRQ) ​ដែល​​ជា​ប្រព័ន្ធ​​មួយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នៅ​អឺរ៉ុប​ បញ្ជា​ទិញ​ពី​កម្ពុជា ដើម្បី​រួច​ពន្ធ​។ ប៉ុន្តែ​ការ​អនុវត្ត​តាម​ប្រព័ន្ធ​នេះ​​នៅ​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ​។

ទាំង​លោក​ សារ៉ន និង​តំណាង​សហព័ន្ធ​ស្រូវ​ អង្ករ​កម្ពុជា​ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​​អំពី​​​វិធាន​ការ​ថ្មី​ៗ​ដែល​អាច​សម្រេច​​ឡើង​​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ដាក់​ពន្ធ​របស់​សហភាព​អឺរ៉ុប​បាន​នៅ​ឡើយ​ទេ​​កាល​ពី​ម្សិលមិញ​។

ទិន្នន័យ​រដ្ឋាភិបាល​កម្ពុជា​​បាន​បង្ហាញ​​ថា ​ប្រទេស​ កម្ពុជា ​​បាន​នាំចេញ​​អង្ករ​សរុប​ ៦២៦​ ២២៥ ​តោន​កាល​ពី​ឆ្នាំ​ ២០១៨​ ក្នុង​ចំណោម​នោះ​សហភាព​អឺរ៉ុប​បាន​ស្រូប​យក​ប្រហែល​ ៤៣​ ភាគរយ​នៃ​ការ​នាំចេញ​សរុប​ដែល​មាន​ចំនួន​ ២៦៩​ ១២៧​ តោន​។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ បាន​លើក​​ឡើង​ថា​ ការ​សម្រេច​របស់​ EU ដែល​​ដាក់​ពន្ធ​លើ​អង្ករ​នាំ​ចូល​ពី​កម្ពុជា​មិន​​បាន​ឆ្លុះ​បញ្ចាំង​ទាំង​ស្រុង​លើ​ទិដ្ឋភាព​​ច្បាប់​ពាណិជ្ជកម្ម​អន្តរ​ជាតិ បទដ្ឋាន​​បច្ចេកទេស និង​សច្ចភាព​ និង​កិច្ច​សហការ​ល្អ​កន្លង​មក​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប។ សេចក្តី​ថ្លែង​ការណ៍​​បន្ត​​ថា ក្រសួង​ពាណិជ្ជកម្ម​កំពុង​ផ្ទៀងផ្ទាត់​សេចក្តី​សម្រេច​របស់​ EU ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ និង​វិធាន​ពាណិជ្ជកម្ម​អន្តរជាតិ​ដើម្បី​បន្ត​ធ្វើ​ការ​តវ៉ា​ទល់​នឹង​សេចក្តី​សម្រេច​នេះ​។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​ ២០​ ខែ​មករា បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និស្សិត​​កម្ពុជា​​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ប៉េកាំង ​ប្រទេស ​ចិន ​​ថា ​ប្រទេស ​កម្ពុជា ​នឹង​បន្ត​រក្សា​កិច្ច​សហការ​លើ​គ្រប់​វិស័យ​ជា​មួយ​ប្រទេស ​ចិន​ ដែល​រួម​ទាំង​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍។​

លោកនាយក​រដ្ឋមន្ត្រី​បាន​​​បន្ត​ថា កម្ពុជា​នឹង​ត្រូវ​ខិតខំ​ពង្រីក​ទីផ្សារ​ផលិតផល​ខ្លួន​បន្ថែម​ទៀត​ក្រៅ​តែ​ពី​ទីផ្សារ​អាមេរិក​ និង​អឺរ៉ុប​៕