ភ្នំពេញ: ចំនួន​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីន​កែច្នៃ​អង្ករ​កម្ពុជា​នាំចេញ​ទៅ​កាន់​ប្រទេស ​ចិន​ បាន​កើន​ដល់ ៤៤ បន្ទាប់ពី​អាជ្ញាធរ​ចិន​ទទួលស្គាល់​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីន​ចំនួន​ ១៨ បន្ថែមទៀត​កាលពី​ដើម​ខែធ្នូ​នេះ​។

វិស័យ​ឯកជន​បាន​ឲ្យ​ដឹងថា កំណើន​នេះ​នឹង​ជួយ​ឲ្យ​កម្ពុជា​សម្រេច​បាន​កូតា​នាំចេញ​អង្ករ ៤០ ​ម៉ឺន​តោន​ទៅកាន់​ប្រទេស ​​ចិន​ ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២០ ខាងមុខ​។

ស្ថានទូត​ប្រទេស​ចិន​ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា ចិន​បាន​សម្រេច​អនុញ្ញាត​ឲ្យ​រោង​ម៉ាស៊ីន​កិនស្រូវ​កម្ពុជា​ចំនួន ១៨ បន្ថែម​ទៀត​មាន​សិទ្ធិ​នាំចេញ​អង្ករ​នៅ​ទីផ្សារ​ប្រទេស​ ចិន​ ដែល​ធ្វើឲ្យ​ចំនួន​នេះ​កើន​ដល់​ ៤៤​។

សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​៖ «​សហគ្រាស​ទាំង​ ១៨ ក្រុមហ៊ុន ​ដែល​ទើប​ចូលរួម​នេះ​នឹង​ជួយ​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការនាំចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ ចិន ៤០ ​ម៉ឺន​តោន ​ជា​រៀងរាល់​ឆ្នាំ​កាន់តែ​ល្អប្រសើរ​»​។

លោក ចាន់ សុឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការសម្រេច​បន្ថែម​ចំនួន​រោង​ម៉ាស៊ីន​កិនស្រូវ​កែច្នៃ​នាំចេញ​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​សហព័ន្ធ​ស្រូវ​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​ចិន​។ លោក​បន្ថែម​ថា​ក្នុង​ខែមករា ឆ្នាំ​ ២០២០ កម្ពុជា​នឹង​ចាប់ផ្តើម​អនុវត្ត​ការផ្គត់ផ្គង់​កូតា​នាំចេញ​អង្ករ​ទៅ​ចិន ៤០ ​ម៉ឺន​តោន​។

លោក​បាន​ថ្លែងថា​៖ «​វា​ជា​សញ្ញា​វិជ្ជមាន ដែល​នឹង​ធ្វើឲ្យ​លទ្ធភាព​ប្រកួតប្រជែង​របស់​អង្ករ​កម្ពុជា​មាន​ឱកាស​ធំ​ជាង​មុន ហើយ​ការផលិត​ក៏រីក​ធំ​ជាង​មុន​ផងដែរ​»​។

លោក ហេង ផេង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Thmor Korl Rice Import Export Co., Ltd ជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​នៅ​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ចិន​គឺជា​ទីផ្សារ​ធំ​សម្រាប់​ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា​។ លោក​បាន​បន្ថែម​ថា​ក្នុង​រយៈពេល​ ១១ ខែ ឆ្នាំ​ ២០១៩ នេះ​ក្រុមហ៊ុន​របស់លោក​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន​សម្រេច​បាន​ប្រមាណ ២ ០០០ ​តោន​។

លោក​ថ្លែងថា​៖ «​ការកើនឡើង​ចំនួន​រោង​ម៉ាស៊ីន​នេះ​នឹង​ជួយ​ជំរុញ​កំណើន​បរិមាណ​ការនាំចេញ​អង្ករ​ទៅ​ចិន​ច្រើន​ជាង​មុន ហើយ​វា​នឹង​អាច​ជួយ​បំពេញ​កូតា​នាំចេញ​ ៤០ ​ម៉ឺន​តោន​របស់​ចិន​ផងដែរ​»​។

កាលពី​ថ្ងៃ​ពុធ ក្រុមហ៊ុន​នាំចេញ​អង្ករ Mekong Oryza Trading បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​មកពី​ទីក្រុង​ហុងកុង និង​អាហ្វ្រិក​ដែលមាន​រយៈពេល​ ៣ ​ឆ្នាំ ដើម្បី​ពង្រីក​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅ​ចិន អឺរ៉ុប និង អាហ្វ្រិក​ខាងត្បូង​ដែល​ជា​ទីផ្សារ​ថ្មី​របស់​កម្ពុជា​។

លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមហ៊ុន​នាំចេញ​អង្ករ Mekong Oryaza Trade ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​របស់​លោក​គ្រោង​នឹង​នាំចេញ​អង្ករ​សរុប ១០ ​ម៉ឺន​តោន​ទៅ​ប្រទេស​ ចិន អាហ្វ្រិក​ខាងត្បូង និង​អឺរ៉ុប​។ លោក​ថ្លែងថា​៖ «​យើង​នឹង​ស្វែងរក​ទីផ្សារ​ថ្មីៗ​បន្ថែមទៀត​ក្រៅពី​ប្រទេស​ចិន ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​របស់​យើង​»​។

របាយការណ៍​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​នេះ​សម្រេចបាន ៥១៤ ១៤៩ តោន កើនឡើង ៣,៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចិន​ជា​ទីផ្សារ​នាំមុខ​គេ​ដែល​មាន​ចំនួន ១៩៥ ២៤២ តោន សហភាព​អឺរ៉ុប​ ១៧៤ ៣៩៧ តោន និង​តំបន់​អាស៊ាន ៦៩ ២៣៩ តោន​ ក្រៅពី​នេះ​នាំចេញ​ទៅ​អាហ្វ្រិក និង​ទិសដៅ​មួយ​ចំនួន​ទៀត​៕ LA