ភ្នំពេញៈ ការធ្វើ​កិច្ចសន្យា​កសិកម្ម រវាង​សហគមន៍​ផលិត​ស្រូវ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​ទិញ និង​រោង​ម៉ាស៊ីនកិនស្រូវ​កំពុង​ជួយ​ឲ្យ​កសិករ​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន ពិសេស​ទីផ្សារ និង​តម្លៃ​។ នេះ​បើ​តាម​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។

«​កិច្ចសន្យា​កសិកម្ម​» សំដៅ​ដល់​ការធ្វើ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន ជាមួយ​នឹង​សហគមន៍​កសិកម្ម​ណាមួយ​ទាក់ទង​នឹង​ការកំណត់​គុណភាព និង​បរិមាណនៃ​ការផ្គត់ផ្គង់ និង​តម្លៃ​។

លោក ចាន់ សុខឃាំង ប្រធាន​ក្រុមហ៊ុននាំចេញ​អង្ករ Signature of Asia Co., Ltd បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការផលិត​ស្រូវ​តាម​កិច្ចសន្យា នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កសិករ​នៅក្នុង​សហគមន៍​ដែល​បាន​ធ្វើ​កិច្ចសន្យា ពិសេស​ការធានា​បាន​នូវ​តម្លៃ​ល្អ និង​មិន​បារម្ភ​ពី​កង្វះ​ទីផ្សារ​។

លោក​បាន​ថ្លែងថា​៖ «​កសិករ​ទាំងអស់​គួរតែ​ចាប់​ដៃ​គ្នា​បង្កើត​ជា​សហគមន៍ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​រោង​ម៉ាស៊ីន​កិនស្រូវ ឬ ក្រុមហ៊ុន​ប្រមូល​ទិញ​នៅក្នុង​តំបន់​របស់​ពួកគាត់ ដូច្នេះ​ពួកគាត់​នឹង​បាន​ការធានា​តម្លៃ ជំនួយ​បច្ចេកទេស ការជួយ​ដោះស្រាយ​បញ្ហា​នៅ​ពេល​ជួប​រឿង​ចៃដន្យ និង​បញ្ហា​ហិរញ្ញវត្ថុ​»​។

ទោះយ៉ាងណា​លោក​អះអាង​ថា ដើម្បី​ឲ្យ​កិច្ចសន្យា​កសិកម្ម​អាច​ទទួល​បាន​ជោគជ័យ ប្រជាកសិករ​ក៏ត្រូវ​មាន​ឆន្ទៈ​ក្នុង​ការបង្កបង្កើនផល និង​ភាពស្មោះត្រង់​ជាមួយ​ដៃគូ​សហការ​ផងដែរ​។

បច្ចុប្បន្ន Signature of Asia Co., Ltd ធ្វើ​កិច្ចសន្យា​ជាមួយ​សហគមន៍​ចំនួន ៣០ (​ជិត ៤០០០ ​គ្រួសារ​) នៅ​ខេត្ត​ព្រះវិហារ បន្ទាយមានជ័យ ស្ទឹងត្រែង កំពង់ស្ពឺ និង​ខេត្តមណ្ឌលគិរី​។ នេះ​បើ​តាម​លោក សុខឃាំង​។

បើតាម​លោក សុខឃាំង ស្រូវ​ផ្កាម្លិះ​ (​ល្អ​) ដែល​ក្រុមហ៊ុន​លោក​ប្រមូល​ទិញ​កាលពី​ម្សិលមិញ​មានតម្លៃ​ចន្លោះ​ពី ១ ០៣០ ដល់ ១ ០៨០ ​រៀល​ក្នុង​​ ១ ​គីឡូក្រាម ខណៈ​ស្រូវ​សរីរាង្គ​មាន​តម្លៃ​ពី​ ១ ៤៥០-១ ៧០០ ​រៀល​។ តម្លៃ​នេះ​បើ​ធៀប​នឹង​ឆ្នាំមុន​គឺ​មាន​ការធ្លាក់ចុះ​បន្តិចបន្តួច​។ លោក​បញ្ជាក់ថា​៖ «​ការលក់​ទៅ​ឲ្យ​ឈ្មួញកណ្តាល​នឹង​មិនបាន​តម្លៃ​ខ្ពស់​បែបនេះ​ទេ​»​។

លោក កាន់ គន្ធី អនុប្រធាន​ក្រុមហ៊ុន Amru Rice ដែល​កំពុង​ធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ​ដែរនោះ​បាន​ឲ្យដឹងថា បន្ថែម​លើ​ការទទួល​បាន​តម្លៃ​សមរម្យ កិច្ចសន្យា​កសិកម្ម​នឹង​ជួយ​ឲ្យ​កសិករ​ទទួល​បាន​នូវ​បច្ចេកទេស​ថ្មីៗ​ទាក់ទង​នឹង​ការប្រើប្រាស់​ដី ពូជ ជីគីមី និង​អាច​ទទួល​បាន​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប​ពី​ធនាគារ​ផងដែរ​។

លោក​បន្តថា ការទទួល​បាន​បច្ចេកទេស​ថ្មី​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការប្រើប្រាស់​ពូជ និង​ថ្នាំ​កសិកម្ម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​ទទួល​បាន​ទិន្នផល និង​មាន​គុណភាព​ល្អ​ទៀតផង​។

លោក​បាន​ថ្លែងថា​៖ «​ការធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​អាច​ជួយ​​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ស្រូវ​ដែល​មាន​គុណភាព​ល្អ មាន​បរិមាណ​ច្រើន​គ្រប់គ្រាន់ និង​អាច​ឲ្យ​ក្រុមហ៊ុន​កំណត់​បាន​នូវ​ប្រភព​ស្រូវ​សម្រាប់​ការនាំចេញ​ផងដែរ​»​។

បើតាម​លោក គន្ធី បច្ចុប្បន្ន​ក្រុមហ៊ុន Amru Rice បានធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​សហគមន៍​ស្រូវ​ចំនួន ៦០ សហគមន៍​ដែល​មាន​កសិករ​ប្រមាណ ១០ ០០០ ​នាក់​នៅក្នុង​ខេត្ត​ព្រះវិហារ កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្ត​តាកែវ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប និង​កំពង់ចាម​ជាដើម​។

អនុប្រធាន​សហគមន៍​ក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង លោកស្រី ហឹម សុធា បាន​និយាយ​ថា សហគមន៍​របស់​លោកស្រី​តែង​ផលិត​ស្រូវ​បាន​ច្រើន​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​បញ្ហា​ទីផ្សារ​ក៏​តែង​កើត​មាន​ដែរ​នៅពេល​ប្រមូលផល​។ នៅ​រដូវ​ប្រមូលផល ឈ្មួញ​តែង​ព្យាយាម​ទម្លាក់​ថ្លៃ ឬ​មិន​ចង់​ទិញ ដែល​ធ្វើឲ្យ​ប្រជាកសិករ​ត្រូវ​បង្ខំចិត្ត​លក់​ចេញ​ក្នុងតម្លៃ​ខាតបង់​។

លោកស្រី​បន្តថា​៖ «​កន្លងមក​មាន​អ្នកភូមិ​មួយ​ចំនួន​ត្រូវ​បង្ខំចិត្ត​លក់​ស្រូវ​ឲ្យ​ឈ្មួញ​ទោះ​ជា​ខាត​ក៏ដោយ ព្រោះ​បើ​ទុក​គឺ​មិន​មាន​លុយ​យកទៅ​សង​ធនាគារ​»​។

លោកស្រី​បន្ថែម​ថា​ជាមួយ​នឹង​ការធានា​ប្រមូល​ទិញ​តាម​កិច្ចសន្យា កាលពីពេល​ថ្មីៗ​នេះ​សហគមន៍​ក្រាំងល្វា​មាន​សមាជិក​ផលិត​ចំនួន ២២៣ ​គ្រួសារ​ជា​អ្នក​ផលិត​ស្រូវ​សរីរាង្គ ក៏​បាន​សម្រេច​ធ្វើ​កិច្ចសន្យា​ជាមួយ Amru Rice​។

លោក គង់ ភាជ ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​ដែល​សហគមន៍​កសិកម្ម​នាំគ្នា​ចាប់ផ្តើម​គិត​ពី​ការផលិត​ទៅតាម​តម្រូវការ​របស់​អ្នកបញ្ជា​ទិញ​នោះ​ពួកគេ​នឹង​អាច​ទទួល​បាន​ផលចំណេញ​ច្រើន ជាពិសេស​តម្លៃ​លើ​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ការចុះ​កិច្ចសន្យា​នេះ គឺ​វា​ប្រាកដ​ណាស់​ថា​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៅដល់​កសិករ ហើយ​យើង​សង្ឃឹម​ថា នៅ​ទូទាំងប្រទេស​នឹងមាន​កិច្ចសន្យាលក់​បែបនេះ​ទាំងអស់​»​។

លោក​បន្តថា ទិសដៅ​របស់​ក្រសួង​កសិកម្ម​គឺ​ជំរុញ​ឲ្យ​នៅ​គ្រប់​ខេត្ត​មាន​ការធ្វើ​ពាណិជ្ជកម្ម​តាម​កិច្ចសន្យា​នេះ ព្រោះ​នៅពេល​មាន​កិច្ចសន្យា វា​នឹង​ជំរុញ​ឲ្យ​អ្នក​ផលិត​ខិតខំ​ផលិត​ជាង​មុន ព្រោះ​មិនចាំបាច់​បារម្ភ​ពី​កង្វះ​ទីផ្សារ​។

យោងតាម​របាយការណ៍​នាំចេញ​អង្ករ​កម្ពុជា​ក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​ ២០១៩ ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន​ ៥១៤ ១៤៩ តោន កើនឡើង ៣,៤ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨ ដែលមាន ៤៩៧ ២៤០ ​តោន​។ ប្រទេស ​ចិន ​គឺជា​ទីផ្សារ​នាំមុខគេ​ដោយ​មាន​បរិមាណ ១៩៥ ២៤២ ​តោន សហភាព​អឺរ៉ុប មាន ១៧៤ ៣៩៧ ​តោន និង​តំបន់​អាស៊ាន មាន ៦៩ ២៣៩ ​តោន ក្រៅពីនោះ​មាន​នាំ​ចេញទៅ អាហ្វ្រិក និង​ទិសដៅ​មួយ​ចំនួន​ទៀត​៕LA