ភ្នំពេញៈ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​​វិស័យ​កសិកម្ម​ បាន​សាទរ​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ព្យួរ​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​ដល់​ក្រុមហ៊ុន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ផលិតផល​​កសិកម្ម​ថា​នឹង​ធ្វើ​ឲ្យ​ការ​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង។

ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល គឺ​ជា​ប្រាក់​ពន្ធ​លើ​ប្រាក់​ចំណូល​តាម​របប​​ពិត​ ដែល​សហគ្រាស និង​ក្រុមហ៊ុន​មាន​​​កាតព្វកិច្ច​បង់​ប្រាក់​រំដោះ​ប្រចាំ​ខែ ​សម្រាប់​ពន្ធ​លើ​ប្រាក់​ចំណូល​តាម​អត្រា ១​ភាគរយ​នៃ​ផល​របរ ​(ចំណូល) គិត​រួម​បញ្ចូល​ទាំង​ពន្ធ​អាករ​ទាំង​អស់​វៀរ​លែង​តែ​អាករ​លើ​តម្លៃ​បន្ថែម ដែល​សម្រេច​បាន​ក្នុង​ខែ​មុន។ ប្រាក់​រំដោះ​ពន្ធ​នេះ​នឹង​ត្រូវ​បាន​យក​មក​កាត់​កង​ពី​ពន្ធ​លើ​ប្រាក់​ចំណូល​​នៅ​ពេល​ធ្វើ​ ការ​ទូទាត់​ប្រចាំ​ឆ្នាំ។

លោក លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ពន្យល់​ថា កន្លង​​មក​រាល់​ការ​នាំចេញ​ផលិតផល​កសិកម្ម​​ទាំង​អស់ រដ្ឋាភិបាល​តម្រូវ​ក្រុមហ៊ុន បង់​ពន្ធ​រំដោះ​ប្រចាំ​ខែ​លើ​ប្រាក់​ចំណេញ​​ចំនួន​ ១ ​​ភាគរយ​ជា​មុន ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន​ទាំង​អស់​មិន​តម្រូវ​ឲ្យ​កាត់​ពន្ធ​ទុក​មុន​ទៀត​ទេ​​សម្រាប់​រយៈ​ពេល​ ៥ ឆ្នាំ។​ លោក​បន្ត​​ថា វិធានការ​នេះ​នឹង​ជួយ​ដោះ​បន្ទុក​ក្រុមហ៊ុន​​​មួយ​កម្រិត។​

លោក​ថ្លែង​ថា៖ ​«​ការ​ព្យួរ​ទុក​ការ​បង់​ប្រាក់​​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​សហគ្រាស​ដែល​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ រួច​ផុត​ពី​ការ​បង់​ប្រាក់​នៅ​ដើម​គ្រា​ចំនួន ​១ ​ភាគរយ​ តែ​សម្រាប់​ក្រុមហ៊ុន​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​គឺ​បង់​ពន្ធ​​ធម្មតា»​។​

បើ​តាម​លោក លឹម ហេង ច្បាប់​កាត់​ទុក​ប្រាក់​​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ គឺ​ដើម្បី​បង្ការ​កុំ​ឲ្យ​ក្រុមហ៊ុន​ ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​រត់​គេច​​ពី​ការ​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​នៅ​ពេល​ទទួល​បាន​ប្រាក់​ចំណេញ។

លោក​ថ្លែង​ថា៖ ​«​សេចក្តី​ប្រកាស​ថ្មី​នេះ​មាន​ន័យ​ថា នៅ​ចុង​ឆ្នាំ​ក្រុមហ៊ុន​នីមួយ​ៗ​ត្រូវ​ទៅ​ធ្វើ​ការ​ទូទាត់ ​[ពន្ធ]។ បើ​​​ចំណេញ ក្រុមហ៊ុន​ត្រូវ​បង់​ពន្ធ​ ២០ ​ភាគរយ​លើ​ប្រាក់​ចំណេញ ចំណែក​ក្រុមហ៊ុន​ដែល​ខាត​នឹង​រួច​ខ្លួន​»​។​

លោក​​​លើក​ឧទាហរណ៍​ថា ជាក់​ស្តែង​ការ​វិនិយោគ​លើ​ការ​នាំចេញ​កៅស៊ូ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ខាត​រហូត តែ​បែរ​ជា​ក្រុមហ៊ុន​ត្រូវ​បង់​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល ១ ​ភាគរយ​​ទៅ​វិញ​។

ទោះបី​យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា​៖​​ «​វា​គ្រាន់​តែ​ជា​ការ​ជួយ​សម្រួល​តិចតួច​​ប៉ុណ្ណោះ ព្រោះ​បើ​យើង​រក​ស៊ី​ចំណេញ​ គឺ​នៅ​តែ​ត្រូវ​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​ ២០ ​ភាគរយ​ដដែល»​។

សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដែល​ចុះ​ថ្ងៃ​ទី​ ​២៩ ខែ​​មករា ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹង​ថា ការ​ព្យួរ​ទុក​ការ​បង់​ប្រាក់​រំដោះ​​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ​នឹង​ផ្តល់​ជូន​ដល់​សហគ្រាស​ ដែល​​ប្រកប​អាជីវកម្ម​​ផលិត និង​ផ្គត់ផ្គង់​ក្នុង​ស្រុក ឬ​នាំចេញ​ផលិតផល​កសិកម្ម​មួយ​ចំនួន រួម​មាន​ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់​ស្វាយ​ចន្ទី ដំឡូងមី និង​កៅស៊ូ ក្នុង​​បំណង​ជំរុញ និង​គាំទ្រ​ដល់​ផលិតកម្ម និង​ការ​នាំចេញ​ផលិតផល​កសិកម្ម​។

សេចក្តី​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​ថា សហគ្រាស​ដាំដុះ​ផលិត និង​ផ្គត់ផ្គង់​ក្នុង​ស្រុក ឬ​នាំចេញ​ផលិតផល​កសិកម្ម​ ទាំង​​នេះ​នឹង​ទទួល​បាន​ការ អនុគ្រោះ​នេះ​រយៈ​ពេល ៥ ឆ្នាំ​គិត​ចាប់​ពី​ខែ​មករា ឆ្នាំ ២០១៩»។

លោក ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​​អង្ករ​កម្ពុជា បាន​និយាយ​ថា​ សេចក្តី​ប្រកាស​ថ្មី​នេះ​គឺ​រឿង​ល្អ​ព្រោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ការ​ចំណាយ​​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​កាន់​តែ​មាន​​តម្លៃ​ទាប និង​សមត្ថភាព​ប្រកួត​ប្រជែង​កាន់​តែ​ខ្ពស់​។

លោក​បាន​បញ្ជាក់​ថា៖ ​«​វា​​ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​លើក​ទឹក​ចិត្ត​​ដល់​អ្នក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​បន្ថែម​ពី​លើ​អ្វី​ ដែល​រដ្ឋាភិបាល​ទើប​​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្នុង​ន័យ​ជួយ​ធ្វើ​ឲ្យ​តម្លៃ​ផលិត​កាន់​តែ​ទាប​»៕​