ក្រុងប៉ារីសៈ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ FIS របស់សហរដ្ឋអាមេរិក នឹងទិញយកក្រុមហ៊ុនផ្តល់សេវាប្រតិបត្តិការទូទាត់ចំណាយ Worldpay របស់អង់គ្លេសក្នុងតម្លៃប្រហែល ៤៣ ពាន់លានដុល្លារ (៣៨ ពាន់លានអឺរ៉ូ) ដែលនឹងបង្កើតបានជាក្រុមហ៊ុនផ្តល់សេវាទូទាត់ចំណាយអន្តរជាតិដ៏ធំមួយ។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនទាំង ២។
សេចក្តីប្រកាសនេះត្រូវបានចាត់ទុកការទិញលក់នេះថាជាការច្របាច់បញ្ចូលគ្នា ដែលនឹងមើលឃើញម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន FIS កាន់កាប់ភាគហ៊ុន ៥៣ ភាគរយក្នុងក្រុមហ៊ុនច្របាច់បញ្ចូលគ្នានេះ ខណៈដែលវិនិយោគិនក្នុងក្រុមហ៊ុន Worldpay នឹងកាន់កាប់ភាគហ៊ុន ៤៧ ភាគរយ។
ក្រុមហ៊ុនទាំង ២ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍រួមមួយថា នៅពេលកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់នៅឆមាសទី ២ ឆ្នាំ ២០១៩ ក្រុមហ៊ុននឹងរក្សាឈ្មោះ FIS នៅដដែល។
ក្រុមហ៊ុននេះនឹងមានមូលដ្ឋាននៅទីក្រុង Jacksonville រដ្ឋ Florida ដែលជាការិយាល័យកណ្តាលរបស់ក្រុមហ៊ុន FIS ដែលកន្លងមកក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុន Fidelity National Information Services។
សមាជិកក្រុមប្រឹក្សាភិបាល ៧ នាក់ក្នុងចំណោម ១២ នាក់ នឹងមកពីក្រុមហ៊ុន FIS ហើយ ៥ នាក់ផ្សេងទៀតមកពីក្រុមហ៊ុន Worldpay។
លោក Gary Norcross ប្រធាននិងជាអគ្គនាយករបស់ក្រុមហ៊ុន FIS នឹងដឹកនាំក្រុមហ៊ុនច្របាច់បញ្ចូលគ្នានេះ។
ក្រុមហ៊ុន Worldpay មានប្រតិបត្តិការទូទាត់ចំនួន ៤០ ពាន់លានដងក្នុង ១ ឆ្នាំជារូបិយប័ណ្ណជាង ១២០ ក្នុងប្រទេសចំនួន ១៤៦។
ក្រុមហ៊ុនទាំង ២ រួមបញ្ចូលគ្នាទទួលបានប្រាក់ចំណូលពីការលក់ចំនួន ១២,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយរំពឹងថានឹងទទួលបានកំណើន ពី ៦ ទៅ ៩ ភាគរយរហូតដល់ ឆ្នាំ ២០២១៕ AFP/KC