ភ្នំពេញៈ ក្រុមហ៊ុនបន្លែធម្មជាតិ Natural Agriculture Village បានប្រើប្រាស់ QR កូដលើផលិតផលដែលធ្វើឲ្យអតិថិជនអាចដឹងពីប្រភពផលិតផល ដើម្បីធានាសុវត្ថិភាពស្របនឹងគោលការណ៍រដ្ឋាភិបាលក្នុងការផ្ដល់សុវត្ថិភាពស្បៀងអាហារដល់អតិថិជន។
លោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុន Natural Agriculture Village និងជាសមាជិករបស់ក្រុមហ៊ុន Green Gold ដែលជាក្រុមហ៊ុនចែកចាយក្នុងស្រុក បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃសៅរ៍ថា កសិករដែលផលិតបន្លែសុវត្ថិភាពតាមរយៈការអនុវត្តកសិកម្មល្អនឹងមាន QR កូដនៅលើផលិតផលពួកគេដែលផ្ដល់ដោយក្រុមហ៊ុនរបស់លោកស្រី និងនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម។
លោកស្រីថ្លែងថា៖ «អតិថិជនអាចកំណត់ប្រភពដើមនៃបន្លែ និងអ្នកដាំដុះ។ វានឹងបង្ហាញថាតើវាមានសុវត្ថិភាព ឬមិនមានសុវត្ថិភាព នៅពេលអតិថិជនស្កេន QR កូដ?»។
លោកស្រីបានលើកឡើងថា៖ «អតិថិជនអាចទិញបន្លែសុវត្ថិភាពនៅតាមស្ដង់នៅក្នុងផ្សារ អ៊ីអន ខណ្ឌសែនសុខចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ»។
លោកស្រី សៀង បានឲ្យដឹងថានៅពេលថ្មីៗនេះនាយកដ្ឋានកសិកម្ម បានចេញវិញ្ញាបនបត្រដល់កសិករ ៤២ នាក់នៅក្នុងខេត្តមួយចំនួនដែលរួមមានខេត្តកណ្ដាល បាត់ដំបង សៀមរាប ត្បូងឃ្មុំ កំពង់ឆ្នាំង ព្រៃវែង និងបន្ទាយមានជ័យ។ លោកស្រីបន្តថា៖ «ក្រុមហ៊ុនរបស់ខ្ញុំបានផ្គត់ផ្គង់បន្លែជាមធ្យមចន្លោះពី ៣០០ ទៅ ៤០០ តោនក្នុង ១ ថ្ងៃលើទីផ្សារ»។
លោកស្រីបញ្ជាក់ថា៖ «ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងជាមួយកសិករទាំងនោះដែលសន្យាថា នឹងទិញបន្លែពីពួកគេក្នុងតម្លៃប្រហែល ២០០០ រៀល ក្នុង ១ គីឡូក្រាម»។
ក្រុមហ៊ុននេះបានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីសប្ដាហ៍មុនថា មានកសិករជាង ៤០០ នាក់បានចុះកិច្ចព្រមព្រៀងជាមួយ Green Gold ជាក្រុមហ៊ុនចែកចាយក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ការអនុវត្តកសិកម្មល្អដល់ផ្សារឡាក់គី ផ្សារ Matro ផ្សារអ៊ីអន និងទីផ្សារក្នុងស្រុកមួយចំនួនទៀតដែលរួមមានផ្សារធំថ្មី ផ្សារដើមគ ផ្សារដេប៉ូ និងផ្សារទួលទំពូង។
ភ្នំពេញប៉ុស្ដិ៍បានរាយការណ៍លើកមុនថា កាលពីឆ្នាំមុនប្រទេស កម្ពុជា បានប្រើប្រាស់បន្លែ ៥០០ តោន ក្នុង ១ ថ្ងៃ ដែលចំណាយប្រចាំថ្ងៃនៅចន្លោះពី ២០០ ០០០ ដុល្លារ ទៅ ៣០០ ០០០ ដុល្លារ។
កម្ពុជាក៏ត្រូវបានប៉ាន់ប្រមាណថា បាននាំចូលផ្លែឈើ និងបន្លែមានតម្លៃជាង ៣០០ លានដុល្លារ ក្នុង ១ ឆ្នាំផងដែរ ក្នុងអំឡុង ២-៣ ឆ្នាំមុន។
ថ្មីៗនេះក្រសួងកសិកម្មបានដាក់ឲ្យដំណើរការសាកល្បង «ផ្សារកសិកម្មកម្ពុជា» ជាកម្មវិធីចល័តមួយដែលតភ្ជាប់កសិករជាមួយអ្នកទិញដ៏មានសក្ដានុពល និងផ្ដល់ដល់ពួកគេនូវលទ្ធភាពទទួលបានព័ត៌មានទីផ្សារសំខាន់ៗ៕LA