ក្រុងស៊ាងហៃៈ វិនិយោគិន​បរទេស​បាន​បង្កើន​ការវិនិយោគ​របស់​ពួកគេ​នៅ​ទីក្រុង​ស៊ាងហៃ ដោយ​បន្ត​ផ្ដល់​ទំនុកចិត្ត​លើ​សក្ដានុពល​ទីផ្សារ និង​ការបើកចំហ​បន្ថែម​ទៀត​របស់​ប្រទេស​ចិន​ក្នុង​គ្រា​មាន​ភាពមិន​ច្បាស់លាស់​ពិភពលោក​។

ទីក្រុង​ស៊ាងហៃ​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​របស់​ចិន​បាន​រាយការណ៍​ពី​ការប្រើប្រាស់​ពិត​នៃ​ការវិនិយោគ​បរទេស​ចំនួន ១១,៤៥ ពាន់​លាន​ដុល្លារ​ ក្នុង​អំឡុង​ពី​ខែ​មករា​ដល់​ខែ ​កក្កដា ឆ្នាំ​ ២០១៩ កើនឡើង ១៣,៨ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ក្រុង​ស៊ាងហៃ (SMCC)​។

ក្នុង​អំឡុង​ពេលនេះ​គម្រោង​ដែល​ផ្ដល់​មូលនិធិ​ដោយ​បរទេស​ចំនួន ៤ ១០៥ ត្រូវបាន​បង្កើត​ឡើង​កើន ៥៨,៣ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨​។

ក្រុមហ៊ុន​គីមី Covestro ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក ដែល​មាន​វត្តមាន​ក្នុងប្រទេស​ចិន​អស់​រយៈពេល​ជិត ២០ ​ឆ្នាំ​មក​ហើយ​នោះ​មាន​ផែន​ការដំឡើងឋានៈ​ការិយាល័យ​កណ្ដាល​នៅ​ប្រទេស​ចិន​របស់​ខ្លួន​នៅ​ទីក្រុង​ស៊ាងហៃ​ទៅ​ជា​ការិយាល័យ​កណ្ដាល​អាស៊ី​ប៉ាស៊ីហ្វិក​។

លោកស្រី Holly Lei ប្រធាន​ក្រុមហ៊ុន Covestro China ឲ្យ​ដឹងថា បន្ទាប់ពី​ដំឡើង​ឋានៈ​ការិយាល័យ​នេះ​ក្រុមហ៊ុន​អាច​សម្របសម្រួល​ធនធាន​ពិភពលោក​កាន់តែ​ប្រសើរ ដើម្បី​លូតលាស់​រួមគ្នា​ជាមួយ​ប្រទេស ​ចិន​។

លោកស្រី Lei បាន​ឲ្យ​ដឹងថា​ចិន​គឺជា​ទីផ្សារ​តែមួយគត់​ធំ​ជាង​គេ​របស់​ក្រុមហ៊ុន Covestro ហើយ​ទីក្រុង​ស៊ាងហៃ​ជា​ទីតាំង​របស់​រោងចក្រ​ធំជាងគេ​របស់​ក្រុមហ៊ុន និង​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍​អាស៊ី​ប៉ាស៊ីហ្វិក​។

ការពង្រីក​មហិច្ឆតា​អាជីកម្ម​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ ​របស់​ពិភពលោក​នេះ​មិនមែន​មាន​តែ​ក្រុមហ៊ុន Covestro ទេ​។

ក្រុមហ៊ុន​ផលិត​រថយន្ត PSA Peugeot Citroen របស់​ប្រទេស​បារាំង​គ្រោង​បង្កើត​មជ្ឈមណ្ឌល​លទ្ធកម្ម​ប្រចាំ​តំបន់​មួយ​នៅ​ទីក្រុង​ស៊ាងហៃ​។ ក្រុមហ៊ុន​គីមី BASF ដ៏ធំ​របស់​អាល្លឺម៉ង់​បាន​បង្កើន​ការវិនិយោគ​ដើម្បី​ដំឡើង​មជ្ឈមណ្ឌល​នវានុវត្តន៍​របស់​ខ្លួន​នៅ​ទីក្រុង​ស៊ាងហៃ បន្ទាប់ពី​បាន​វិនិយោគ​លើ​រោងចក្រ​ផលិតកម្ម ១០ ពាន់​លាន​ដុល្លារ​នៅ​ទីក្រុង Zhanjiang​។ ទីក្រុង​នេះ​គឺជា​ទីតាំង​រោងចក្រ​ធំជាងគេ​របស់​ក្រុមហ៊ុន Tesla ដែល​កំពុង​សាងសង់​ជាមួយ​ការវិនិយោគ​ជាង ៥០ ​ពាន់​លាន​យន់ (៧,១ ពាន់​លាន​ដុល្លារ​អាមេរិក​)​។

លោក Hua Yuan ប្រធាន​គណៈកម្មការ​ពាណិជ្ជកម្ម​ក្រុង​ស៊ាងហៃ​បាន​ឲ្យ​ដឹងថា ការវិនិយោគ​មកពី​សហភាព​អឺរ៉ុប សិង្ហបុរី ជប៉ុន និង​បណ្ដា​ប្រទេស​ស្ថិត​នៅ​តាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ទាំងអស់​បាន​កើនឡើង​ក្នុង​អត្រា​ ២ ​ខ្ទង់​នៅ​ឆមាស​ទី​ ១ ​ឆ្នាំនេះ ហើយ​ទន្ទឹម​នឹង​នេះ​រចនាសម្ព័ន្ធ​វិនិយោគ​ត្រូវ​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

លោក Hua បន្តថា ឧស្សាហកម្ម​សេវា​បច្ចេកវិទ្យា​ខ្ពស់​បាន​រាយការណ៍​ពី​ការប្រើប្រាស់​ពិត​នៃ​ការវិនិយោគ​បរទេស​ចំនួន ១,៧ ពាន់​លាន​ដុល្លារ​ក្នុងពេល ៦ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​ដែល​មាន​កំណើន​ប្រចាំ​ឆ្នាំ ២៩,៦ ​ភាគរយ​។

វិធានការ​បើកចំហ​ជា​បន្តបន្ទាប់​នៅក្នុង​វិស័យ និង​ឧស្សាហកម្ម​ជាច្រើន និង​ការកែលម្អ​បរិយាកាស​ពាណិជ្ជកម្ម​បាន​បង្កើន​ចំណាប់​អារម្មណ៍​ការវិនិយោគ​បរទេស​ក្នុង​ប្រទេស​ចិន​។

កាលពី​ខែ​មិថុនា​ចិន​បានបង្ហាញ​បញ្ជី​អវិជ្ជមាន​ដែល​កែតម្រូវ​ឡើងវិញ​សម្រាប់​លទ្ធភាព​ចូលទៅ​កាន់​ទីផ្សារ​ការវិនិយោគ​បរទេស ដោយ​អនុញ្ញាត​ឲ្យ​ក្រុម​វិនិយោគិន​បរទេស គ្រប់គ្រង​ភាគហ៊ុន​ភាគច្រើន ឬ​ក្រុមហ៊ុន​ទាំងស្រុង​ក្នុង​វិស័យ​កាន់តែ​ច្រើន​។

នៅ​ដើម​ខែ​នេះ​ចិន​បាន​ពង្រីក​តំបន់​ពាណិជ្ជកម្ម​សេរី​ក្រុង​ស៊ាងហៃ (FT-Z) ដើម្បី​សាងសង់​តំបន់ Lingang ថ្មី​ទៅជា​តំបន់​មុខងារ​សេដ្ឋកិច្ច​ពិសេស​ដែលមាន​ឥទ្ធិពល និង​សមត្ថភាព​ប្រកួតប្រជែង​លំដាប់​ពិភពលោក​។

ទីក្រុង​ស៊ាងហៃ​ក៏​បាន​ដាក់​បង្ហាញ​គោលនយោបាយ​ជា​បន្តបន្ទាប់​ផងដែរ ដើម្បី​បើកចំហ​ឧស្សាហកម្ម​សេវា​បន្ថែម​ទៀត​ដល់​ក្រុម​វិនិយោគិន​បរទេស​៕ People''s Daily/LA