
បង្គោល Wind Turbine នៅកសិដ្ឋានថាមពលខ្យល់នៅវៀតណាម។ AFP
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង Blue Circle នឹងចុះកិច្ចព្រមព្រៀងសាងសង់កសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់ (Wind Power) នៅខេត្តកំពត។ នេះបើយោងតាមមន្ត្រីក្រសួងរ៉ែ និងថាមពល។
នេះជាគម្រោងថាមពលកកើតឡើងវិញដើរដោយថាមពលខ្យល់លើកដំបូងនៅកម្ពុជា ខណៈរដ្ឋាភិបាលកំពុងព្យាយាមក្នុងការធ្វើពិពិធកម្ម ប្រភពថាមពល ពិសេសថាមពលស្អាត ដើម្បីសម្រេចបានតាមទិសដៅនៃការគ្របដណ្ដប់តាមភូមិ ១០០ ភាគរយទូទាំងប្រទេសត្រឹមចុងឆ្នាំ ២០២០។
ទិន្នន័យបានពីក្រសួងរ៉ែ និងថាមពលបង្ហាញថា ផែនការរបស់ក្រុមហ៊ុន Blue Circle នឹងសាងសង់ Wind Turbine យ៉ាងហោចណាស់ ១០ ដើម ជាមួយនឹងសមត្ថភាពផលិតថាមពល ៨០ មេហ្គាវ៉ាត់ នៅលើភ្នំបូកគោ។
លោក វិចទ័រ ហ្សូនា អគ្គនាយកថាមពលនៅក្រសួងរ៉ែ និងថាមពលបានឲ្យដឹងនៅក្នុងសន្និសីទមួយនៅទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារថា ការចរចាស្ដីពីតម្លៃថាមពលរវាងក្រុមហ៊ុន និងរដ្ឋាភិបាលត្រូវបានគ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗ។
លោកបានថ្លែងថា៖ «Blue Circle គឺជាក្រុមហ៊ុនថាមពលមកពីប្រទេសបារាំង ហើយក្រសួងបានចេញអាជ្ញាប័ណ្ណដើម្បីធ្វើការសិក្សាពីលទ្ធភាពនៅខេត្តកំពត និងមណ្ឌលគិរី។ ដោយសារសក្ដានុពលនៃថាមពលខ្យល់លើភ្នំបូកគោ ក្រុមហ៊ុននេះនឹងវិនិយោគលើដំណាក់កាលទីមួយ ៨០ មេហ្គាវ៉ាត់»។
តម្លៃការវិនិយោគលើថាមពលខ្យល់ គឺចាប់ពី ២ លានដុល្លារ ដល់ ៣ លានដុល្លារ ក្នុងមួយមេហ្គាវ៉ាត់។ នេះបើយោងតាមលោក វិចទ័រ ហ្សូនា។
ក្រុមហ៊ុន Blue Circle បានធ្វើការសិក្សាពីលទ្ធភាពចាប់តាំងពីឆ្នាំ ២០១៨ នៅខេត្តមណ្ឌលគិរី និងខេត្តកំពត។ ជាលទ្ធផលកាលពីខែមីនាឆ្នាំនេះក្រុមហ៊ុនបានបង្ហាញលទ្ធផលពីការសិក្សានេះថា ប្រទេស កម្ពុជា មានសក្ដានុពលផ្នែកការវិនិយោគថាមពលខ្យល់។
ក្រុមហ៊ុន Blue Circle បានឲ្យដឹងថា កម្ពុជាមានសក្ដានុពលក្នុងការផលិតថាមពល ៥០០ មេហ្គាវ៉ាត់ ពីថាមពលខ្យល់ ហើយបច្ចុប្បន្នក្រុមហ៊ុននេះបានវិនិយោគលើថាមពលខ្យល់នៅថៃ និងវៀតណាមរួចហើយ។
ទោះបីជាគម្រោងនេះនឹងក្លាយជាគម្រោងថាមពលខ្យល់លើកដំបូងមិនធ្លាប់មាននៅកម្ពុជាក៏ដោយ ក៏លោក វិចទ័រ ហ្សូនា បានឲ្យដឹងថា ការចរចាលើតម្លៃរវាងក្រុមហ៊ុន និង EDC មានសារៈសំខាន់ដោយសារ EDC ចង់បានប្រភពថាមពលមានតម្លៃកាន់តែទាប ដើម្បីលក់ឲ្យអតិថិជនក្នុងតម្លៃទាប ដែលស្របជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាល។
កាលពីឆ្នាំមុនកម្ពុជាបានប្រើប្រាស់ថាមពល ២ ៦៥០ មេហ្គាវ៉ាត់ កើនឡើង ១៥ ភាគរយ ធៀបនឹងឆ្នាំ ២០១៧។ ថាមពល ៤៤២ មេហ្គាវ៉ាត់ ត្រូវបាននាំចូលពីថៃ វៀតណាម និងឡាវ កាលពីឆ្នាំ ២០១៨ ខណៈថាមពលនៅសល់ត្រូវបានផលិតពីប្រភពផ្សេងៗដូចជារោងចក្រថាមពលដំណើរការដោយធ្យូងថ្ម ទំនប់វារីអគ្គិសនី និងថាមពលសូឡា។
ការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាបានកើនឡើងប្រហែលចន្លោះពី ១៥ ទៅ ២០ ភាគរយ។ តាមផែនការនេះ ភូមិទាំងអស់របស់កម្ពុជាចំនួន ១៤ ១៦៨ នឹងមានអគ្គិសនីប្រើប្រាស់ត្រឹមឆ្នាំ ២០២០ ហើយត្រឹមឆ្នាំ ២០៣០ យ៉ាងហោចណាស់ ៩០ ភាគរយ នៃគ្រួសារនឹងមានលទ្ធភាពទទួលបានអគ្គិសនី ដែលមានគុណភាព៕ LA