ក្រុងហ្វ្រេងហ្វឺតៈ ក្រុមហ៊ុន​អាកាសចរណ៍​របស់​អាល្លឺម៉ង់ Condor ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ទេសចរណ៍ Thomas Cook បាន​ឲ្យ​ដឹង​ម្សិលមិញ​ថា ក្រុមហ៊ុន​កំពុង​ស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​ទីក្រុង​ប៊ែរឡាំង ដើម្បី​ជួយ​រក្សា​ក្រុមហ៊ុន​ឲ្យ​រក្សា​ដំណើរការ​ទៅមុខ ទោះបី​ជា​ក្រុមហ៊ុន​មេ​របស់ខ្លួន​បានប្រកាស​ក្ស័យធន​ក្តី​។

ដោយ​បញ្ជាក់ថា ក្រុមហ៊ុន​ទទួល​បាន «​ប្រាក់ចំណេញ​រយៈពេល​ជាច្រើន​ឆ្នាំ​» ក្រុមហ៊ុន Condor បាន​បន្ថែមថា​៖ «​ដើម្បី​បង្កា​បញ្ហា​សាច់ប្រាក់​នៅក្នុង​ក្រុមហ៊ុន ក្រុមហ៊ុន​បាន​ដាក់​ពាក្យសុំ​កម្ចី​រយៈពេល​ខ្លី​ដែល​ធានា​ដោយ​រដ្ឋ​» ដែល​កម្ចី​នេះ​កំពុង​ត្រូវ​បាន​ពិនិត្យមើល​ក្នុង​ទីក្រុង​ប៊ែរឡាំង​។

លោក Ralf Teckentrup នាយក​គ្រប់គ្រង​ក្រុមហ៊ុន Condor បាន​ថ្លែង​ថា​៖ «​យើង​កំពុង​បន្ត​ការផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​អ្វីដែល​យើង​ធ្វើ​បាន​ល្អ​បំផុត គឺ​ការដឹកជញ្ជូន​ភ្ញៀវ​របស់​យើង​ដោយ​សុវត្ថិភាព និង​ទៀងទាត់​ដើម្បី​ថ្ងៃ​ឈប់សម្រាក​របស់​ពួកគេ​»​។

សាខា​របស់​ក្រុមហ៊ុន Thomas Cook នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន DPA ថា ភ្ញៀវទេសចរ​ជនជាតិ​អាល្លឺម៉ង់​ប្រហែល ១៤០ ០០០ នាក់ បច្ចុប្បន្ន​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នេះ និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​។

ក្រុមហ៊ុន Thomas Cook បាន​ប្រកាស​ក្ស័យធន​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​បរាជ័យ​ក្នុងការ​ទទួល​បាន​កិច្ចព្រមព្រៀង​សង្គ្រោះ​ចុងក្រោយ​ដើម្បី​ស្វែងរក​ទឹកប្រាក់ ២០០ លាន​ផោន (២៥០ លាន​ដុល្លារ ២២៧ លាន​អឺរ៉ូ​) ពី​ក្រុម​វិនិយោគិន​ឯកជន ដើម្បី​បញ្ចៀស​ការក្ស័យធន​។

ភ្ញៀវទេសចរ​ប្រហែល​ ៦០០ ០០០ នាក់​​ បាន​ជាប់គាំង​នៅ​ទូទាំង​ពិភពលោក ហើយ​អង់គ្លេស​បាន​ជួល​យន្តហោះ​ជាច្រើន​គ្រឿង​ដើម្បី​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ដែល​ជា​ពលរដ្ឋ​ខ្លួន​មក​ផ្ទះ​វិញ​៕ LA