ក្រុង​ស៊ាងហៃៈ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិច​ត្រូនិច Foxconn បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ដាក់​ដំណើរការ​បោះ​ផ្សាយ​លក់​មូល​បត្រ​ជា​សាធារណៈ​លើក​ដំបូង​ (IPO) នៅ​​ប្រទេស​ចិន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្នុង​គោល​បំណង​ប្រមូ​ល​ថវិកា​ចំនួន ៤,២​ ពាន់​លាន​ដុល្លារក្នុង។

ជា​មួយ​នឹង​ទំហំ​ទឹក​ប្រាក់​នេះ​ វា​គឺជា​​ការ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​ធំ​ជាង​គេ​នៅ​ចិន​​ដី​គោក​​​ក្នុង​រយៈ​ពេ​ល​ជិត​បី​ឆ្នាំ។

ក្រុមហ៊ុន Foxconn Industrial Internet របស់​កោះតៃ​វ៉ាន់ ដែល​ផលិត​គ្រឿង​អេឡិច​ត្រូនិក ឧបករណ៍​ផ្តល់​សេវា​ខ្លៅ និង​គ្រឿង​​ម៉ាស៊ីន​ឧស្សាហកម្ម​ ​នឹង​លក់​ភាគហ៊ុន​ ១០ ភាគ​រយ​នៃ​ភាគ​ហ៊ុន​សរុប​របស់​ខ្លួន។ នេះ​បើ​យោង​តាម​ឯកសារ​ផ្ញើ​ឲ្យ​ក្រុម​វិនិយោគិន​កាល​ពី​ល្ងាច​ថ្ងៃអង្គារ​នៅ​ផ្សារ​ហ៊ុន​ក្រុង​ ​ស៊ាងហៃ។

ក្រុមហ៊ុន Foxconn ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តៃ​ប៉ិ​​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​ក្រុមហ៊ុន Hon Hai Precision Industry នោះ ជា​ក្រុមហ៊ុន​ដែល​ផលិត​គ្រឿង​អេឡិច​ត្រូ​និក​​​តាម​កិច្ច​សន្យា​ធំ​ជាង​គេ​​ក្នុង​ពិភព​លោក ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​គ្រឿង​បង្គុំ​ធំជាងគេ និង​ជា​ក្រុមហ៊ុន​ដំឡើង​ផលិត​ផល​ម៉ាក​អន្តរជាតិល្បីៗ ដូចជា​ម៉ាក Apple និងម៉ាក Sony ជា​ដើម។

ក្រុមហ៊ុន Foxconn Industrial Internet នឹង​បោះផ្សាយ​លក់​ភាគ​ហ៊ុន​ថ្មី​ចំនួន ១,៩៧ ​ពាន់​លាន​ហ៊ុននៅ​តម្លៃ ១៣,៧៧​ យន់​ក្នុង​មួយ​ហ៊ុន ដើម្បី​ប្រមូល​ថវិកា​ចំនួន ២៧,១​ ពាន់​លាន​យន់ (៤,២​ ពាន់​លាន​ដុល្លារ​)។

ការ​បោះ​ផ្សាយ​លក់​មូល​បត្រ​ជា​សាធារណៈ​លើក​ដំបូង​នេះ នឹង​ក្លាយ​ជា​ការ​បោះ​ផ្សាយ​លក់​IPO ធំ​ជាង​គេ​នៅ​ចិន​ដី​គោក គិត​ចាប់​តាំង​ពី​ការ​ធ្លាក់​ចុះ​ផ្សារ​ហ៊ុន​ខ្លាំង​នៅ​ឆ្នាំ ២០១៥ ​មក និង​ជា​ការ​បោះ​ផ្សាយ​លក់​ IPO មួយ​ក្នុង​ចំណោម​ IPO ធំ​ជាង​គេ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​​សម្រាប់​ផ្សារ​ហ៊ុន​​នៅ​ចិន​ដី​គោក​នេះ។

ក្រុមហ៊ុន Foxconn បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​នឹង​ប្រើ​ប្រាស់​មូលនិធិ​នេះ ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម​វៃ​ឆ្លាត​របស់​ខ្លួន កសាង​បណ្តាញ​អុីនធឺណិតដើម្បី​តភ្ជាប់​រោង​ចក្រ និង​វិនិយោគ​ក្នុង​កុំព្យូទ័រ​ខ្លោដ ព្រមទាំង​បច្ចេកវិទ្យា 5G នៅ​តាម​រោង​ចក្រនៅ​ចិ​នដី​គោក​របស់​ខ្លួន៕ AFP/BP