ទ្រីប៉ូលីៈ ក្រុមហ៊ុន National Oil Company (NOC) របស់ប្រទេស លីប៊ី បានព្រមានថា រាល់ការដេញថ្លៃ ដើម្បីផ្លាស់ប្តូរវិស័យនេះ អាចបង្កើនភាពចលាចលនៅក្នុង ប្រទេសដែលរងគ្រោះដោយជម្លោះមួយនេះ បន្ទាប់ពីប្រធានសភាបានអំពាវនាវឲ្យមានការបញ្ឈប់ការផលិត។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ NOC បានឲ្យដឹងថា ខ្លួន «មានការបារម្ភដោយការអំពាវនាវនៅពេលថ្មីៗឲ្យមានការបិទការផលិតប្រេងជាតិ»។
NOC បន្តថា៖ «ការរំខានដោយចេតនាណាមួយ នៃប្រតិបត្តិការវិស័យប្រេង នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចរន្តប្រាក់ចំណូលជាតិ ដែលអាចធ្វើឡើងដល់ NOC ជាការរំលោភកាតព្វកិច្ចកិច្ចសន្យា និងបង្កើតផ្នែកផ្សេងទៀតនៅក្នុងប្រទេសនេះ»។
ប្រទេស លីប៊ី ត្រូវបានបាក់បែកដោយជម្លោះចាប់តាំងពីការបះបោរកាលពីឆ្នាំ ២០១១ បន្ទាប់ពីការបណ្ដេញ និងសម្លាប់ជនផ្ដាច់ការ Moamer Kadhafi ដោយដៃគូប្រកួតប្រជែង ដែលដណ្ដើមអំណាច និងដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិប្រេងរបស់ប្រទេសនេះ។
ជម្លោះនេះត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ចាប់តាំងពីខែមេសា នៅពេលមេបញ្ជាការ Khalifa Haftar ដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសនេះ ជាកន្លែងដែលអណ្ដូងប្រេងភាគច្រើននៅទីនោះ បានចាប់ផ្ដើមវាយប្រហារប្រឆាំងនឹងទីក្រុងទ្រីប៉ូលី។
ទីក្រុងនេះ គឺជាទីតាំងរបស់រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ (GNA) ដែលទទួលស្គាល់ដោយអន្តរជាតិ ខណៈសភាជ្រើសតាំង ដែលគាំទ្រលោក Haftar មានមូលដ្ឋាននៅលីប៊ីភាគខាងកើត។
កាលពីសប្ដាហ៍មុន លោក Aguila Saleh Issa ប្រធានសភាបានឲ្យដឹងថា ការផលិតប្រេងត្រូវតែបញ្ឈប់ ដោយចោទប្រកាន់ GNA ពីបទប្រើប្រាស់ប្រាក់ចំណូលប្រេងដើម្បីផ្ដល់ហិរញ្ញប្បទានឲ្យពួកកម្លាំងប្រយុទ្ធជីវពល Haftar។
ក្រុមហ៊ុនប្រេងរបស់ប្រទេសនេះ ដែលមានការិយាល័យកណ្ដាលនៅទីក្រុងទ្រីប៉ូលី បានបញ្ជាក់ម្ដងហើយម្ដងទៀតអំពីស្ថានភាពអព្យាក្រឹតរបស់ខ្លួន និងបដិសេធថាមិនបានទាក់ទាញចូលក្នុងជម្លោះនេះ។
NOC បានឲ្យដឹងថា៖ «ប្រភពដ៏សំខាន់នៃប្រាក់ចំណូលចំពោះរដ្ឋ សារៈសំខាន់ចំពោះប្រជាជនលីប៊ីទាំងអស់ ត្រូវតែបំបាត់លក្ខណៈនយោបាយ និងមិនមានការរំខាន»។
ប៉ុន្តែក្រុមហ៊ុននេះក៏បានអំពាវនាវឲ្យមាន «តម្លាភាពផ្នែកសេដ្ឋកិច្ច ដែលរួមការចែករំលែកប្រកបដោយសមធម៌ នៃប្រាក់ចំណូលប្រេងទូទាំងប្រទេស ត្រូវបានប្រមូលយកដោយភាគីទាំងអស់ជាធាតុដ៏សំខាន់មួយនៃស្ថិរភាពនៅពេលអនាគតរបស់ប្រទេស លីប៊ី និងដំណោះស្រាយនយោបាយយូរអង្វែងណាមួយ»។
ប្រាក់ចំណូលប្រេងរបស់ប្រទេស លីប៊ី ត្រូវបានគ្រប់គ្រងដោយធនាគារកណ្ដាលរបស់ប្រទេសនេះ ដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី។
ទាំងលោក Haftar និងសភាភាគខាងកើត បាននិយាយម្ដងហើយម្ដងទៀតថា ប្រាក់ចំណូលប្រេងមិនត្រូវបានចែកចាយដោយស្មើគ្នានោះទេ និងចោទប្រកាន់ GNA ពីបទប្រើប្រាស់មូលនិធិនេះដើម្បីផ្ដល់ហិរញ្ញប្បទានដល់ក្រុមជីវពលរបស់ខ្លួន។
កាលពីខែមុន លោក Ghassan Salame បេសកជនពិសេសអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេស លីប៊ី ដែលផលិតប្រេងជាង ១ លានបារ៉ែលក្នុង ១ ថ្ងៃ កំពុង «ធ្វើអត្តឃាត» និងកំពុងប្លន់ទ្រព្យសម្បត្តិប្រេងរបស់ខ្លួន ដើម្បីចំណាយសម្រាប់សង្គ្រាម៕ AFP/LA