ភ្នំពេញ: ក្រុមហ៊ុន Muba-dala Petroleum ដែលជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដ៏ធំ​មួយ​របស់​ប្រទេស​ អេមីរ៉ាតអារ៉ាប់រួម បាន​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល​។

លោក ជៀប សួរ អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការបង្ហាញ​ចំណាប់អារម្មណ៍​នេះ​កើតមានឡើង​បន្ទាប់ពី​លោក Mazin Al Lamki នាយកប្រតិបត្តិ​ក្រុមហ៊ុន Mubadala Petroleum បាន​ជួប​ជាមួយ​នឹង​លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​កាលពី​ថ្ងៃ​ពុធ​។

លោក​ថ្លែងថា​៖ «​ពួកគាត់​បាន​ចាប់អារម្មណ៍​ឱកាស​វិនិយោគ​នៅ​ប្រទេស​យើង រួម​មាន​ការ​ស្វែង​រុករក ផលិតកម្ម រួមទាំង​ការបង្កើត​រោងចក្រ​ចម្រាញ់​ក្នុង​ឧស្សាហកម្ម​ប្រេង​នៅ​ស្រុក​យើង​»​។

លោក​បន្តថា ដោយ​មើលឃើញ​ពី​សមត្ថភាព និង​បទពិសោធ​គ្រប់គ្រាន់​របស់​ក្រុមហ៊ុន ក្រសួង​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​លើ​វិស័យ​ប្រេង​នៅក្នុង​ប្លុក​មួយចំនួន​នៅ​ដែនសមុទ្រ និង​គោក​របស់​កម្ពុជា​។

លោក​បន្ថែមថា​៖ «​យើង​បាន​ជម្រាប​ជូន​គាត់​ពី​ឱកាស​ការវិនិយោគ​នៅ​ស្រុក​យើង​។ យើង​នៅសល់ ៤ ប្លុក​ក្នុង​ដែនសមុទ្រ​កម្ពុជា និង​ដែន​គោក​យើង​មាន ១៨ ​ប្លុក​ទៀត​នៅ​ទំនេរ ដើម្បី​ធ្វើការ​សិក្សា​រុករក​ប្រេងកាត យើង​នឹង​បង្កើត​ក្រុម​ការងារ​មួយ​សម្រាប់​ទំនាក់ទំនង​បន្ត​ពិភាក្សា​ឱកាស​វិនិយោគ ដើម្បី​ឈាន​ទៅរក​ការវិនិយោគ​នៅពេល​អនាគត​»​។

បើ​តាម​លោក ជៀប សួរ កម្ពុជា​បាន​បែងចែក​តំបន់​សម្រាប់​រុករក​រ៉ែ​ប្រេងកាត​នៅ​ដែនសមុទ្រ​ចំនួន​ ៦ ប្លុក និង​ដែន​គោក ១៩ ប្លុក​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ប្រេង KrisEnergy របស់​សិង្ហបុរី​កំពុង​ធ្វើការ​អភិវឌ្ឍ​នៅ​អណ្តូងប្រេង​អប្សរា​ប្លុក A ក្នុង​ដែនសមុទ្រ​កម្ពុជា​។

លោក​អះអាង​ថា​តំបន់​ប្រេង​ប្លុក D ក្រសួង​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រេងកាត​ជាមួយ​ក្រុមហ៊ុន Cambodian Resources Energy Development Co., ហើយ​ក្រសួង​កំពុង​ធ្វើការ​ចរចា​ស្តីពី​កិច្ចព្រមព្រៀង​ប្រេងកាត​ជាមួយ​ក្រុមហ៊ុន​របស់​កាណាដា EnerCam Co ដើម្បី​សិក្សា និង​រុករក​ក្នុង​ប្លុក VIII​។

លោក​ថ្លែងថា​៖ «​នៅ​ដែនសមុទ្រ​យើង​មាន​ប្លុក A កំពុង​អភិវឌ្ឍន៍​ឈាន​ទៅ​ធ្វើ​ផលិតកម្ម ហើយ​មាន​ប្លុក D មួយទៀត យើង​គ្រោង​នឹង​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ប្រេងកាត ដើម្បី​ឲ្យ​គាត់​រុករក ហើយ ៤ ​ប្លុក​ទៀត​នៅ​ទំនេរ​សម្រាប់​អ្នកវិនិយោគ​ថ្មីៗ​ដូចជា​ក្រុមហ៊ុន Muba-dala Petroleum»​។

លោក Mazin Al Lamki នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mubadala Petroleum បាន​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ពី​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ និង​សក្តានុពល​ធនធាន​រ៉ែ​គួរ​ឲ្យ​កត់សម្គាល់ ក្រុមហ៊ុន​បាន​ចាប់អារម្មណ៍​ធ្វើការ​វិនិយោគ​វិស័យនេះ​នៅ​កម្ពុជា​។

លោក Mazin ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ភ្នាក់ងារ​សារព័ត៌មាន AKP ខណៈ​លោក​ថ្លែងថា​៖ «​យើង​នឹង​ចុះ​មក​សិក្សា​ឲ្យ​បាន​ឆាប់​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ព្រោះ​ការវិនិយោគ​លើ​វិស័យ​ប្រេង​នៅ​កម្ពុជា​កំពុង​ត្រូវការ​ជា​ចម្បង​»​។

ក្រុមហ៊ុន Mubadala Petroleum គឺជា​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​រដ្ឋ (Emirate) ​អាប៊ុយដាប៊ី និង​ត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០១២​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​ចំនួន ១០ រួមទាំង​នៅ​មជ្ឈិមបូព៌ា អាហ្វ្រិក​ខាងជើង និង​អាស៊ី​អាគេ្នយ៍​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែវិច្ឆិកា​បាន​ប្រកាស​ជាថ្មី​ថា កម្ពុជា​នឹង​ទាញ​បាន​តំណក់​ប្រេង​លើកដំបូង​ពី​គម្រោង​អភិវឌ្ឍ​អណ្តូងប្រេង​អប្សរា​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២០​។

ក្រុមហ៊ុន​ប្រេង KrisEnergy កាលពី​ថ្ងៃ​ចន្ទ​បាន​ចាប់ផ្តើម​សាងសង់​ផ្លាតហ្វម​ក្បាល​អណ្តូង​ផលិតកម្ម​ខ្នាតតូច​នៅ​តំបន់​ប្រេង​អប្សរា​ក្នុង​ប្លុក A ក្នុង​ដែនសមុទ្រ​កម្ពុជា​ដែល​បង្ហាញ​ពី​ជំហាន​វិជ្ជមាន​ឆ្ពោះ​ទៅរក​ទិសដៅ​របស់​ក្រុមហ៊ុន ដើម្បី​ទាញ​យក​ប្រេង​ដំបូង​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២០​។

ក្រុមហ៊ុន KrisEnergy បាន​ឲ្យ​ដឹងថា ប្រេង​តំបន់​អប្សរា​គ្រោង​នឹង​ផលិត​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ហើយ​តំបន់​នេះ​ត្រូវបាន​រំពឹងថា នឹង​ឈានដល់​អត្រា​ផលិតកម្ម​ខ្ពស់​បំផុត​ ៧ ៥០០ បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​៕ LA