ទីក្រុងឡុងដ៍ៈ ក្រុមហ៊ុន​ថាមពល​ដ៏ធំ​អង់គ្លេស​បាន​ប្រកាស​ឲ្យ​ដឹងថា ខ្លួន​បាន​ខាតបង់​សរុប​ស្ទើរតែ​ ១៦,៨៥ ​ពាន់​លាន​ដុល្លារ ​ប្រចាំ​ត្រីមាស​កន្លង​ទៅ​នេះ ខណៈ​ការរីករាលដាល​នៃ​ជំងឺ​បាន​បំផ្លាញ​តម្រូវការ និង​តម្លៃ​ប្រេង​ដែល​ទាញ​ទម្លាក់​ទ្រព្យ​ដ៏ច្រើន​របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុន​បាន​ឆ្លើយតប​ដោយ​កាត់បន្ថយ​នូវ​ភាគលាភ​ជា​លើកដំបូង​ចាប់តាំងពី​មហន្តរាយ​ហៀរ​ប្រេង​កាលពី​ឆ្នាំ​ ២០១០ ដែល​បំផ្លាញ​នូវ​ហិរញ្ញវត្ថុ និង កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ BP​។

ក្រុមហ៊ុន BP បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ពី​ប្រាក់ចំណូល​កាលពី​ថ្ងៃ​អង្គារថា​៖ «​ផលប៉ះពាល់​នៃ​ការរីក​រាលដាល កូវីដ​១៩​នៅតែ​បន្ត​ធ្ងន់ធ្ងរ​ដែល​បណ្តាល​ឲ្យ​បរិយាកាស​ពាណិជ្ជកម្ម​ផុយស្រួយ និង​ប្រឈម​»​។

ក្រុមហ៊ុន​នោះ​បាន​បន្ថែមថា «​សម្លឹង​ទៅក្នុង​អនាគត ទស្សនវិស័យ​សម្រាប់​តម្លៃ​ទំនិញ និង​តម្រូវការ​ផលិតផល​នៅតែ​ប្រឈម និង​មិន​ច្បាស់លាស់​»​។

ក្រុមហ៊ុន​ឲ្យ​ដឹងថា ការខាតបង់​ប្រចាំ​ត្រីមាស បន្ទាប់ពី​ការបង់ពន្ធ​រួច​ជិត​ ១៦,៨៥ ​ពាន់​លាន​ដុល្លារ​ ប្រៀបធៀប​ទៅនឹង​ប្រាក់ចំណេញ​ដុល​ប្រមាណ​ ១,៨២ ​ពាន់​លាន​ដុល្លារ ​ក្នុង​​ត្រីមាស​ទី​ ២ នៃ​ឆ្នាំ​ ២០១៩​។

លោក Bernard Looney នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នេះ​បាន​អះអាង​ថា​៖ «​ជាក់ស្តែង​ការកំណត់​ឡើងវិញ​ចំពោះ​ការរំពឹង​ទុក​លើ​តម្លៃ​ប្រេង​រយៈពេល​វែង និង​ចំណុច​គ្រោះថ្នាក់​ដែល​ជាប់ទាក់ទង​ផ្សេងទៀត និង​ការចោទប្រកាន់​ដែល​បាន​កើតឡើង​នាំឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង​»​។

សម្លឹង​ទៅរក​ការ​សន្សំ​សាច់ប្រាក់ ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ទម្លាក់​អត្រា​ភាគលាភ​ប្រចាំ​ត្រីមាស​ពី​ ១០,៥ ​សេន​មក​នៅត្រឹម​ ៥,២៥ ​សេន​ក្នុង​ ១ ​ភាគហ៊ុន​។

ទោះបី​ជា​បែបណា ភាគហ៊ុន​របស់​ BP កើនឡើង​ ៧,៥ ​ភាគរយ​ក្នុង​ទីក្រុង​ឡុងដ៍​ក្នុង​ការជួញដូរ​ត្រឹម​ថ្ងៃត្រង់​ថ្ងៃ​អង្គារ​។

Michael Hewson ប្រធាន​អ្នកវិភាគ​ទីផ្សារ​នៃ​ក្រុមហ៊ុន​ទីផ្សារ​ CMC ​នៅ​អង់គ្លេស​បាន​និយាយថា​៖ «​សម្រាប់​ពេលវេលា​ជាក់ស្តែង ពេលនេះ​មាន​ការសន្និដ្ឋាន​បន្ត​អំពី​ស្ថិរភាព​នៃ​ភាគលាភ​របស់​ BP ​ទល់នឹង​កម្រិត​បំណុល​ចេះតែ​កើនឡើង​ និង​ក្តីបារម្ភ​ជុំវិញ​សមត្ថភាព​របស់​ក្រុមហ៊ុន​ដើម្បី​បន្ត​ទូទាត់​បំណុល​ក្នុង​ពិភព​នៃ​តម្លៃ​ប្រេង​ធ្លាក់​ទាប ដូចនេះ​ការសម្រេចចិត្ត​កាត់បន្ថយ​ការចំណាយ​ត្រូវបាន​ស្វាគមន៍​»​។

ក្រុមហ៊ុន Royal Dutch Shell ដែលជា​ក្រុមហ៊ុន​គូប្រជែង​របស់ BP ក្នុង​សប្តាហ៍​មុន​បានបង្ហាញ​ការខាតបង់​ដុល​ចំនួន​ ១៨,១ ​ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ២ ​។

ក្រុមហ៊ុន​ BP ​ក៏បាន​ដាក់ចេញ​ផែនការ​លម្អិត​អំពី​វិធី​សម្រេចបាន​នូវ​ការបំភាយ​កាបូន​ស្មើ​សូន្យ (Net Zero) សម្រាប់​ក្រុមហ៊ុន​នេះ​ត្រឹម​ឆ្នាំ​ ២០៥០​។

ក្រុមហ៊ុន​ BP ​បាន​និយាយថា​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​ខាងមុខ​នេះ ផលិតកម្ម​ប្រេង​ និង​ឧស្ម័ន​របស់ខ្លួន​ត្រូវ​រំពឹង​បន្ថយ​យ៉ាងហោច​ ១ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​ ឬ​ក៏​ ៤០ ​ភាគរយ​ធៀប​ជាមួយ​កម្រិត​ឆ្នាំ​ ២០១៩​។

Looney បាន​និយាយថា​៖ «​ទសវត្សរ៍​ខាងមុខនេះ​សំខាន់​ណាស់​សម្រាប់​ពិភពលោក​ក្នុង​ការប្រឆាំង​បម្រែបម្រួល​អាកាសធាតុ ដើម្បី​រុញច្រាន​ការផ្លាស់ប្តូរ​ចាំបាច់​ក្នុង​ប្រព័ន្ធ​ថាមពល​សកល​ដែល​ទាមទារ​ការចាត់​វិធានការ​ពី​ទាំងអស់​គ្នា​»៕ RR