
កង់ដែលដាក់តាំងបង្ហាញលក់នៅក្នុងហាងមួយនៅភ្នំពេញកន្លងមក។ ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ សង្គ្រាមពាណិជ្ជកម្មរវាង ចិន និងអាមេរិកបាននិងកំពុងធ្វើឲ្យក្រុមហ៊ុនផលិតកង់នៅចិនមួយចំនួនបានសម្រេចដាក់ទីតាំងផលិតកម្មនៅកម្ពុជាជំនួសវិញ ដើម្បីនាំចេញទៅទីផ្សារអាមេរិក។ នេះបើតាមរបាយការណ៍ថ្មីមួយពីគេហទំព័រ Bicycle Retailer ដែលជាស្ថាប័នព័ត៌មានឧស្សាហកម្មកង់ឈានមុខគេ។
ការសម្រេចចិត្តនេះដោយសារតែអាមេរិកបានដាក់អត្រាពន្ធកាន់តែខ្ពស់លើទំនិញចិនជាច្រើន ដែលក្នុងនោះរួមមានផលិតផលកង់ផងដែរ។
របាយការណ៍ពីគេហទំព័រ Bicycle Retailer បង្ហាញថា Kent International Inc ជាក្រុមហ៊ុនអាមេរិក ដែលបាននាំចេញ និងការចែកចាយកង់ និងគ្រឿងបន្លាស់កង់ទៅអាមេរិក គ្រោងនឹងផ្លាស់ប្តូរចំណែកដ៏ធំមួយនៃផលិតកម្មរបស់ខ្លួនពីចិន មកកម្ពុជាក្នុងរយៈពេល ២-៣ ខែក្រោយនេះ។
ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់របស់ប្រទេស ចិន ដ៏ធំមួយ ក្រុមហ៊ុននេះកំពុងសាងសង់រោងចក្រថ្មីមួយលើដីទំហំ ជាង ៤៦,៤៥១ ម៉ែត្រក្រឡានៅក្បែរទីក្រុងភ្នំពេញ។
លោក Arnold Kamler អគ្គនាយកក្រុមហ៊ុន Kent បានឲ្យដឹងថា រោងចក្រនេះនឹងចាប់ផ្ដើមនាំចេញកង់ខ្លះ នៅខែកញ្ញាឆ្នាំ ២០១៩។
លោកថ្លែងថា៖ «សន្មតថា អត្រាពន្ធ ២៥ ភាគរយនឹងត្រូវអនុវត្តជាផ្លូវការ គំនិតសម្រាប់ជាដំណោះស្រាយរបស់យើងគឺថា នឹងត្រូវរើផលិតកម្មរបស់យើងទាំងអស់ពីចិនទៅកម្ពុជាវិញ»។
បច្ចុប្បន្នពន្ធនាំចូលកង់របស់ចិនទៅអាមេរិកមានអត្រា ១០ ភាគរយហើយវានឹងកើនឡើងដល់ ២៥ ភាគរយនៅខែមករា ឆ្នាំ ២០១៩។
ដោយគោរពតាមច្បាប់ប្រភពដើម គយអាមេរិក លោក Kamler បានឲ្យដឹងថា កង់របស់ក្រុមហ៊ុន Kent ដែលចេញពីកម្ពុជានឹងមានយ៉ាងហោចណាស់ ៣៥ ភាគរយនៃតម្លៃពីគ្រឿងបន្លាស់ ឬកម្លាំងពលកម្មនៅកម្ពុជា។
ក្រុមហ៊ុន Trek Bicycle ជាក្រុមហ៊ុនផលិតកង់ និងកែច្នៃកង់របស់អាមេរិកផ្សេងទៀត ក៏បានរាយការណ៍ថា នឹងមានផែនការក្នុងការផ្លាស់ប្តូរការផលិតយ៉ាងហោចណាស់ ២០០,០០០ គ្រឿងពីប្រទេស ចិន មកកម្ពុជានៅឆ្នាំក្រោយផងដែរ។
លោក លីម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ការសម្រេចចិត្តរបស់អាមេរិកក្នុងការបង្កើនពន្ធនាំចូលលើផលិតផលពីប្រទេស ចិន អាចនាំឲ្យផលិតផលប្រភេទមួយចំនួននៅក្នុងប្រទេស ចិន បន្ថយល្បឿន ដែលទីបំផុតនឹងផ្ដល់ផលប៉ះពាល់អវិជ្ជមានលើការនាំចេញវត្ថុធាតុដើមមួយចំនួនពីកម្ពុជាទៅចិន។
ប៉ុន្តែ លោកបានឲ្យដឹងថា ប្រទេស កម្ពុជា គួរតែបានផលចំណេញច្រើនជាងការខាតបង់ ដោយសារតែរោងចក្រជាច្រើននៅប្រទេស ចិន ដែលរួមទាំងរោងចក្រផលិតកង់ គ្រោងនឹងផ្លាស់ប្តូរទីតាំងថ្មីនៃការផលិតរបស់ពួកគេមកកម្ពុជា។
លោកថ្លែងថា៖ «យើង(CCC) ទទួលបានការទាក់ទងកាន់តែច្រើនពីក្រុមវិនិយោគិន នៅបរទេស ដើម្បីយល់ដឹងអំពីសក្ដានុពលវិនិយោគរបស់កម្ពុជា ដោយសារពួកគេចង់ដាក់រោងចក្រនៅទីនេះ»។
លោកបន្តថា៖ «នៅពេលពួកគេចង់ពង្រីកការផលិតរបស់ពួកគេ ពួកគេគួរតែយល់ថា ប្រទេស កម្ពុជា កាន់តែមានចំណាប់អារម្មណ៍»។
ទិន្នន័យពាណិជ្ជកម្មអាមេរិកបង្ហាញថា កម្ពុជាបាននាំចេញកង់ទៅអាមេរិក តម្លៃ ២៤ លានដុល្លារ កាលពីឆ្នាំ ២០១៧ ជាប់ចំណាត់ថ្នាក់ទី ៣ នៅពីក្រោយប្រទេស ចិន ដែលនាំចេញ ៨៧៤ លានដុល្លារ និងកោះតៃវ៉ាន់ ៣៩០ លានដុល្លារ។
ក្រៅពីទីផ្សារអាមេរិក កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់កង់ឈានមុខគេទៅសហភាពអឺរ៉ុបកាលពីឆ្នាំមុន។ កម្ពុជាបាននាំចេញកង់ជាង ១,៤២ លានគ្រឿងកាលពីឆ្នាំមុន កើនឡើង ៩ ភាគរយធៀបនឹង ១,២៩ លានគ្រឿងកាលពីឆ្នាំ ២០១៦។
កង់ផលិតនៅកម្ពុជាអាចត្រូវបាននាំចេញទៅ EU ដោយរួចពន្ធ ស្ថិតក្រោមកម្មវិធីអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់ EU៕LA