ក្រុងប៉េកាំងៈ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោក​នឹង​ដាក់​តាំង​បង្ហាញ​ម៉ូដែល​រថយន្ត​ចុង​ក្រោយ​របស់​ពួកគេ​ក្នុង​ពិព័រណ៍​រថយន្ត​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​សប្ដាហ៍​នេះ​រយៈពេល​ជាច្រើន​ថ្ងៃ បន្ទាប់ពី​ប្រទេស​ចិន​បាន​បង្ហាញ​ផែនការ​ក្នុង​ការ​ផ្លាស់ប្តូរ​នៅក្នុង​ទីផ្សារ​រថយន្ត​ធំ​ជាង​គេ​របស់​ពិភពលោក​ដោយ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការ​កាន់កាប់​របស់​វិនិយោគិន​បរទេស​។

ឧស្សាហកម្ម​ផលិត​រថយន្ត​ឈាន​មុខ​គេ​ដូចជា ក្រុមហ៊ុន Volkswagen ក្រុមហ៊ុន Daimler ក្រុមហ៊ុន Toyota ក្រុមហ៊ុន Nissan និង​ក្រុមហ៊ុន Ford នឹង​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ដែល​ស្វែងរក​ការ​ចេញ​មុខមាត់​នៅ​ក្នុង​ប្រទេស​មួយ​ដែល​រថយន្ត ២៨,៩ លាន​គ្រឿង​ត្រូវ​បាន​លក់​កាលពី​ឆ្នាំ​ ២០១៧ ដែល​កើនឡើង​ ៣ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។

ទោះបី​ជា​ការ​លក់​បាន​ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​ជាច្រើន​នៅ​តែ​ចង់​ទទួល​បាន​ចំណែក​ទីផ្សារ​កាន់តែ​ធំ​នៃ​ទីផ្សារ​ដ៏ធំ​មួយ​ដោយសារ​ពួកគេ​ប្រឈម​ការ​បង្កើន​ការប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក ដែល​កំពុង​វិនិយោគ​ខាង​រថយន្ត​អគ្គិសនី និង​រថយន្ត​ស្វ័យ​បើកបរ​ហើយ​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ប៉េកាំង​គឺជា​ឱកាស​របស់​ពួកគេ​ក្នុង​ការ​បង្ហាញ​ម៉ូដែល​ថ្មី​របស់​ពួកគេ​ដល់​អ្នក​ស្រឡាញ់​រថយន្ត​ជា​ជនជាតិ​ចិន​។

លោក Ferdinand Dudenhoeffer នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រថយន្ត​មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​នេះ «​នឹង​ក្លាយ​ជា​ព្រឹតិ្តការណ៍​ឈាន​មុខ​គេ​នៅក្នុង​ឧស្សាហកម្ម​នេះ​គ្មាន​នរណា​អាច​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​ចិន​នោះ​ទេ​»​។

លោក​បាន​ថ្លែង​ថា​ពិព័រណ៍​រថយន្ត​ឆ្នាំ​នេះ​អាច​ត្រូវ​បាន​គ្រប​ដណ្ដប់​ទៅ​ដោយ​ប្រធានបទ «​នយោបាយ​»​។

ចក្ខុវិស័យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​ធ្វើឲ្យ​បារម្ភ​ដល់​នាយក​ប្រតិបត្តិ​រថយន្ត​ដោយសារ​តែ​វា​អាច​ធ្វើឲ្យ​ផែនការ​របស់​ពួកគេ​សម្រាប់​ប្រទេស​ចិន​ត្រូវ​បញ្ឈប់​។

ប៉ុន្តែ​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​នឹង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​នៃ​ការ​កាន់កាប់​បរទេស​នៅ​ក្នុង​វិស័យ​នេះ​ជា​វិធានការ​មួយ​ដែល​ត្រូវ​បាន​មើលឃើញ​ថា ជា​ការ​ផ្សះផ្សា​អាច​ធ្វើ​បាន​ចំពោះ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាន​ត្អូញត្អែរ​អំពី​ការ​គ្រប់គ្រង​របស់​ប្រទេស​ចិន​សម្រាប់​ឧស្សាហកម្ម​នេះ​។

បច្ចុប្បន្ន​ប្រទេស​ចិន​បាន​រឹតបន្តឹង​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​បរទេស​ទាំងអស់​ដែល​វិនិយោគ​នៅ​ចិន​ក្នុង​ការ​កាន់កាប់​ភាគហ៊ុន​អតិបរមា​តែ​ ៥០ ភាគរយ​ប៉ុណ្ណោះ​នៃ​ការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​៕ LA