ភ្នំពេញៈ ក្រុមហ៊ុនអង្ករដែលជាសមាជិករបស់សហព័ន្ធស្រូវ អង្ករកម្ពុជា (CRF) យ៉ាងតិចចំនួន ៧ បានធ្វើការបញ្ចុះតម្លៃចន្លោះពី ១ ម៉ឺនរៀល ដល់ ២ ម៉ឺនរៀលក្នុង ១ បេនៃតម្លៃគោល ដើម្បីចូលរួមជាមួយរដ្ឋាភិបាលសម្រួលដល់ជីវភាពរបស់ប្រជាជនអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ការបញ្ចុះតម្លៃនេះសម្រាប់តែអង្ករមានចំណុះ ៥០ គីឡូក្រាមទៅតាមប្រភេទ និងស្តង់ដាបទដ្ឋាន គុណភាពអង្ករដែលមាននៅក្នុងស្តុកដែលដេប៉ូលក់រាយទាំង ៧ ទីតាំងនេះនឹងចាប់ផ្តើមលក់អង្ករបញ្ចុះតម្លៃនេះចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ស្ថានការណ៍បានធូស្បើយឡើងវិញ។
ទីតាំងទាំងនោះ រួមមានដេប៉ូ ស្ថិតនៅក្នុងសង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ (បុរីរិទ្ធ) សង្កាត់ស្រះចក ខណ្ឌដូនពេញ (ទល់មុខព្រះសក្សមុនីចេតិយ៍) សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ (ក្បែរផ្សារព្រៃជ្រៃ) សង្កាត់ស្នោរ ខណ្ឌកំបូល។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «សមាជិករបស់សហព័ន្ធនឹងមានចំនួនកើនឡើងទៀតក្នុងការចូលរួម បន្ទាប់ពីចំនួនសន្និធិអង្ករថ្មី និងបុគ្គលិក កម្មករអាចចរាចរណ៍ចូលមកដល់ដេប៉ូលក់រាយក្នុងតំបន់បិទខ្ទប់បាន»។
ការបញ្ចុះតម្លៃនេះគឺជាវិធានការបន្ថែមនៃការទប់ស្កាត់ការដំឡើងតម្លៃម្ហូបអាហារ ពិសេស អង្ករ ដែលក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាបានដាក់ចេញរួមគ្នាកាលពីថ្ងៃទី ១៥ ខែមេសា កន្លងមក។
ភាគីទាំង ២ បានបញ្ជាក់ថា បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជាមានបរិមាណសន្និធិគ្រប់គ្រាន់ ទាំងស្រូវវស្សាជាង ២,៥ លានហិកតា ដែលទើបបញ្ចប់ការប្រមូលផលក្នុងខែមករា និងស្រូវប្រាំងជិត ១ លានហិកតា បាននិងកំពុងប្រមូលផលបានជាង ៩០% ហើយដែលមានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀងអាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅក្រៅប្រទេស រហូតដល់ប្រមូលផលរដូវកាលបន្ទាប់ខាងមុខ៕