ភ្នំពេញៈ ក្រុមហ៊ុន PLDT Global ជា​ប្រតិបត្តិករ​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ភាព​ជា​ដៃគូ​ថ្មី​ជាមួយ​ក្រុមហ៊ុន SINET ​ដែល​បាន​បង្កើតឡើង​កាល​ឆ្នាំ​ ២០០៩ និង​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ដើម្បី​ពង្រីក​ទីតាំង​ឈរជើង​ក្នុង​តំបន់ ដោយ​ផ្ដល់​ដំណោះស្រាយ​បច្ចេកវិទ្យា​ដល់​ក្រុមហ៊ុន​នេះ​ជួយ​ដល់​អតិថិជន​កាន់តែ​រលូន​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១៩ ខែមីនា​។

SINET ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​បណ្ដាញ​អ៊ីនធឺណិត និង​ទូរគមនាគមន៍​នៅ​កម្ពុជា​បាន​ក្លាយជា​ក្រុមហ៊ុន​ដៃគូ​ថ្មី​អន្តរជាតិ​មួយ​របស់​ក្រុមហ៊ុន PLDT Global Corporation ដែលមាន​ទីតាំង​ឈរជើង​នៅ​ ១០០ ​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ី អឺរ៉ុប និង​អាមេរិក​។

ការសិក្សា​កាលពី​ឆ្នាំ​ ២០២០ ដែល​បានចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ព័ត៌មាន Media Partners Asia បានឱ្យដឹងថា ការចាក់ផ្សាយ​វីដេអូ​អនឡាញ​ជាច្រើន​នាទី​នៅក្នុង​តំបន់​បាន​កើនឡើង​ ៦០ ​ភាគរយ​។ ការណ៍​នេះ​បញ្ជាក់​ពី​តម្រូវការ​កាន់តែច្រើន​សម្រាប់​ក្រុមហ៊ុន​ផ្ដល់​សេវា​បណ្ដាញ ដើម្បី​បង្កើន​ការប្រកួតប្រជែង​កាន់តែ​ខ្ពស់​ក្នុង​ការរក្សា​ការតភ្ជាប់​ប្រជាជន និង​អាជីវកម្ម និង​ដឹកនាំ​ពិភពលោក​ឆ្ពោះ​ទៅ​កាន់​ភាពកាន់តែ​សាមញ្ញ​។

លោក Albert V. Villa-Real ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្រុមហ៊ុន PLDT Global បាន​ថ្លែងថា​៖ «​សម្រាប់​ក្រុមហ៊ុន PLDT Global បាន​ប្ដេជ្ញាចិត្ត​ថា នឹង​វិនិយោគ​លើ​ដំណោះស្រាយ​នវានុវត្តន៍ ដើម្បី​សម្រេចបាន​បេសកកម្ម​មួយ​នេះ​។ យើង​មាន​សេចក្ដី​រីករាយ​បំផុត​ក្នុង​ការធ្វើ​ដៃគូ​ជាមួយ​ក្រុមហ៊ុន SINET ដើម្បី​ពង្រឹង​ទីតាំង​ឈរជើង​របស់​យើង​នៅ​អាស៊ី ខណៈ​ដែល​វត្តមាន បណ្តាញ​ចែកចាយ​មាតិកា (CDN) របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​»​។

លោក​បន្ត​៖ «​ភាពជា​ដៃគូ​នេះ​នឹង​ធ្វើឱ្យ​យើង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ការផ្តល់​នវានុវត្តន៍ និង​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​បច្ចេកវិទ្យា​ពិភពលោក ដែល​បំពេញ​តម្រូវការ​មិន​គ្រាន់តែ​ចំពោះ​ក្រុមហ៊ុន​ហ្វីលីពីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដល់​សហគ្រាស​អន្តរជាតិ​នានា ដែល​ត្រូវការ​សេវាកម្ម​បច្ចេកវិទ្យា​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​»​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កាលពី​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២១ បាន​អំពាវនាវ​ឱ្យ​ប្រតិបត្តិករ​ទូរគមនាគមន៍​នៅ​កម្ពុជា​ត្រូវ​ពង្រឹងគុណភាព​សេវា​ទូរស័ព្ទ​ចល័ត និង​អ៊ីនធឺណិត​ឆ្លើយតប​នឹង​ចំនួន​អ្នកប្រើប្រាស់​ដែល​កើនឡើង​ខ្លាំង​ចំពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

ក្រសួង​បានកត់សម្គាល់​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ទំហំ​នៃ​លទ្ធភាព​ការប្រើប្រាស់​អ៊ីនធឺណិត​មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់ ចាប់តាំងពី​ការផ្ទុះឡើង​ក្នុង​សហគមន៍​ ២០ ​កុម្ភៈ​ដោយ​ការផ្លាស់ប្តូរ​អ៊ីនធឺណិត​ក្នុងចំណោម​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន​។

ក្រុមហ៊ុន PLDT បាន​កត់សម្គាល់​ថា បណ្ដាញ Content Delivery Networks ធានាថា ការប្រើប្រាស់​មាតិកា​ឌីជីថល​កាន់តែ​លឿន​ជាង​មុន ឬ​ប្រព័ន្ធ​ព័ត៌មាន​តាមរយៈ​កុំព្យូទ័រ​មេ​របស់​គេហទំព័រ​ដែល​នាំយក​មាតិកា​ជាច្រើន​ទៅកាន់​តែ​ជិត​អ្នកប្រើប្រាស់​ជាក់ស្ដែង​។

គំនិត​ផ្តួចផ្ដើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដ៏ទូលំទូលាយ​របស់​ក្រុមហ៊ុន PLDT ដែលជា​ទូរគមនាគមន៍​រួមបញ្ចូល​គ្នា​ឈានមុខ​គេ​របស់​ប្រទេស​ហ្វីលីពីន ដើម្បី​អាចឱ្យ​ក្រុមហ៊ុន​នានា​ផ្លាស់ប្តូរ និង​ប្រតិបត្តិការ​ឌីជីថល ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​វិបត្តិ​សុខភាព​ពិភពលោក​ក៏ដោយ​។

លោក គង់ ដៀប ប្រធាន​ផ្នែក​បច្ចេកទេស​នៅ​ក្រុមហ៊ុន​ SINET បាន​មើលឃើញ​ពី​ការប្រែប្រួល​ចុងក្រោយ​នេះ​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ ២-៣ ​សប្ដាហ៍​ប៉ុណ្ណោះ យើង​បាន​កត់សម្គាល់ឃើញ​មាន​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ក្នុង​ការចរាចរ​ដោយសារតែ​ការចរាចរ​របស់ PLDT CDN ដែល​បន្ត​កើនឡើង​។ សង្ឃឹមថា យើង​នឹង​អាច​សហការ​កាន់តែ​ច្រើន និង​ធ្វើដំណើរ​ជាមួយគ្នា​លើផ្លូវ​មួយ​នេះ​»​។

ទិន្នន័យ​បាន​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) បង្ហាញថា​ចំនួន​អ្នកប្រើ​អ៊ីនធឺណិត​ចល័ត​នៅ​កម្ពុជា​មាន​ចំនួន​ ១៤ ៨៦៣ ៤៣៥ គិត​ត្រឹម​ខែឧសភា​ឆ្នាំ​ ២០២០ ចំណែក​អ្នក​ប្រើ​អ៊ីនធឺណិត​មាន​ខ្សែ​នៅក្នុង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទាំង​ ៣៧ កើនឡើង​ ៣៣,០៧ ​ភាគរយ ដល់​ ២៤៩ ១៣២៕ LA