ភ្នំពេញៈ នៅ​ពេល​លោក ហោ​ ដាលុច បាន​បង្កើត​ក្រុមហ៊ុន​ Exnet Taxi Cambodia ដើម្បី​​​ផ្តល់​សេវា​ហៅ​តាក់​​ស៊ី​ជិះ​តាម​ទូរស័ព្ទ​​កាល​ពី​ខែ​មេសា​ ឆ្នាំ​​ ២០១៦ លោក​បាន​ជួប​បញ្ហា​ចម្បង​មួយ​​ ដែល​​ត្រូវ​ដោះស្រាយ​​​​ ​គឺ​ការ​​​បញ្ចុះ​បញ្ចូល​ប្រជាជន​កម្ពុជា​​ និង​អប់រំ​ឲ្យ​ ពួក​គេ​បាន​ដឹងពី​​​ការ​ប្រើ​បច្ចេកវិទ្យា​​ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​។​

ពេល​នោះ លោក ដា​លុច គឺ​ជា​ប្រតិបត្តិករ​ដំបូង​គេ​ ​ដែល​ព្យាយាម​ណែនាំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​​យល់​ដឹង​ពី​ការ​ប្រើប្រាស់​កម្ម​វិធី​ទូរស័ព្ទ​ដើម្បី​ហៅ​តាក់​ស៊ី​ជិះ ខណៈ​ប្រជាជន​ភាគ​ច្រើន​មិន​បាន​យល់​ទាល់​តែ​សោះ​​ ពី​ដំណើរ​ការ​ប្រព័ន្ធ​​កម្ម​វិធី​បច្ចេក​វិទ្យា​នេះ​នៅ​ឡើយ។

បញ្ហា​នេះ​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​ដោយ​សារ​ក្រុមហ៊ុន​ផ្សេង​ៗ​បាន​ចូល​មក​ផ្តល់​សេវា​នេះ​ដូច​គ្នា​ហើយ​ចូល​រួម​​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ឲ្យ​ស្គាល់​ពី​​កម្ម​វិធី​ថ្មី​នេះ​។ ប៉ុន្តែ​ ស្រប​ពេល​បញ្ហា​ចំណេះ​ដឹង​អ្នក​ប្រើប្រាស់​លែង​ជា​ឧបសគ្គ​ លោក​ ដា​លុច ​ត្រូវ​ប្រឈម​បញ្ហា​ថ្មី​មួយ​ទៀត​នោះ​គឺ​ក្រុមហ៊ុន​ផ្តល់​​សេវា​បែប​នេះ​កាន់​តែ​​ច្រើន​បាន​ចូល​មក​ដែល​កំពុង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ដំណើរ​ការ​អាជីវ​កម្ម​របស់​ Exnet Taxi។

លោក​ថ្លែង​ថា​៖​ «​មាន​ក្រុមហ៊ុន​មិន​តិច​ជាង​​ ១០ ​ទេ​ដែល​​​​កំពុង​ដំណើរ​ការ​ផ្តល់​សេវា​​​នេះ​​ក្នុង​ទីផ្សារ​ដ៏​តូច​មួយ​​។​ អ៊ីចឹង​សព្វ​ថ្ងៃ​យើង​កំ​ពុង​ស្ថិត​ក្នុង​ស្ថានភាព​លំ​បាក​​ ដោយ​សារ​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែង»​។

លោក​បន្ត​ថា​៖​ «​សម្រាប់​ក្រុមហ៊ុន​​តូច ប្រសិន​បើ​យើង​មិន​មាន​ផែន​ការ​អាជីវ​កម្ម​សម​ស្រប​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​របស់​ទីផ្សារ​ទេ យើង​អាច​នឹង​បាត់បង់​​វត្ត​មាន​ពី​ទីផ្សារ​នា​ពេល​ណា​មួយ​ខាង​មុខ»។ ​

ការ​ប្រកួត​ប្រជែង​ក្នុង​ចំ​ណោម​​​ក្រុម​ហ៊ុន​ផ្តល់​សេវា​ហៅ​តាក់​ស៊ី​ជិះ​ដោយ​ប្រើ​កម្ម​វិធី​ទូរស័ព្ទ​ស្មាតហ្វូន​កំពុង​កើន​​ឡើង​​​ ហើយ​​ផល​ប៉ះ​ពាល់​មិន​មែន​​តែ​លើ​ក្រុម​ហ៊ុន​ Exnet Taxi ​នោះ​ទេ​។ ក្រុមហ៊ុន​ក្នុង​ស្រុក​ជា​ច្រើន​ទៀត​​ក៏​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​មិន​អាច​ចាប់​យក​ ចំណែក​ទីផ្សារ​បាន​ ហើយ​អាច​ប្រឈម​នឹង​ការ​បញ្ឈប់​ដំណើរ​ការ​​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​ក៏​ថា​បាន​ដែរ​។​

ខណៈ​ ក្រុមហ៊ុន​ផ្តល់​សេវា​ហៅ​តាក់​ស៊ី​ជិះ​ដោយ​ប្រើ​កម្ម​វិធី​​ទូរស័ព្ទ​ស្មាត​ហ្វូន​មាន​ប្រហែល​ ១០ ក្រុមហ៊ុន​នៅ​កម្ពុជា លោក​ ដា​លុច ព្យាករ​ថា​​ ​អនាគត​​​​អាច​នឹង​មាន​​ក្រុមហ៊ុន​ដំណើរការ​ត្រឹម​តែ​ ២ ឬ ៣ ប៉ុណ្ណោះ​​។

ក្រុមហ៊ុន​ផ្ដល់​សេវា​ហៅ​តាក់​ស៊ី​ជិះ​តាម​ទូរស័ព្ទ​ស្មាតហ្វូន​ក្នុង​ស្រុក​មាន​ដូច​ជា ក្រុម​ហ៊ុន Exnet Taxi ​ក្រុមហ៊ុន WeGo ​ក្រុមហ៊ុន​ PassApp​ ក្រុមហ៊ុន ITSUMO ក្រុមហ៊ុន GO-X ក្រុមហ៊ុន​ ​​​TOS ក្រុមហ៊ុន well ក្រុមហ៊ុន CityApp ក្រុមហ៊ុន CamGO ក្រុមហ៊ុន 711 ​និង​ក្រុមហ៊ុន​ជា​ច្រើន​ផ្សេង​ទៀត​។ ក្រុមហ៊ុន Grab ​ដែល​មាន​​មូលដ្ឋាន​នៅ​សិង្ហបុរី​ និង​ល្បីល្បាញ​ក្នុង​តំបន់​ក៏​មាន​វត្តមាន​នៅ​កម្ពុជា​ ហើយ​កំពុង​​គ្រប​ដណ្ដប់​លើ​ទីផ្សារ​​ជា​មួយ​នឹង PassApp។

ភ្នំពេញ​ ប៉ុស្ដិ៍​ បាន​សម្ភាស​អ្នក​បើកបរ​រ៉ឺម៉ក​ម៉ូតូ​ផ្សេង​ៗ​គ្នា​ចំនួន​​ ១០ រូប នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ប៉ុន្តែ​ភាគ​ច្រើន​ពួក​គេ​ស្គាល់​ច្បាស់​ និង​បាន​ត​ភ្ជាប់​សេវា​របស់ ​PassApp និង ​Grab ​ប៉ុណ្ណោះ។​

ប្រតិបត្តិករ​ក្នុង​ស្រុក​​បាន​វិនិយោគ​តិច​លើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម និង​​មិន​មាន​កម្ម​វិធី​បញ្ចុះ​តម្លៃ​​​ ជា​ហេតុ​ធ្វើ​​ឲ្យ​ប្រតិបត្តិករ​ទាំង​នោះ​មិន​សូវ​មាន​ការ​ត​ភ្ជាប់​បណ្តាញ​ជា​មួយ​អ្នក​បើកបរ។​

លោក តុប ​និមល​ ស្ថាបនិក​ និង​ជា​អគ្គនាយក​ PassApp បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​កម្ពុជា​ជា​ច្រើន​​មាន​ការ​យល់​ដឹង​ពី អត្ថ​ប្រយោជន៍​​ក្នុង​ការ​ប្រើប្រាស់​កម្ម​វិធី​ហៅ​តាក់ស៊ី​ជិះ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​នៅ​ក្នុង​ទីក្រុង​​។ យោងតាម​លោក​ និមល ចំនួន​​ប្រជាជន​ដែល​ទាញ​យក​​កម្មវិធី​ PassApp បាន​កើន​ឡើង​ដល់ ២ ​លាន​នាក់​ ទូទាំង​ប្រទេស​​ ដែល​ភាគ​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​។​

ខណៈ​ចំនួន​អ្នក​ធ្វើ​​ដំណើរ​តាម​​រយៈ​សេវា​នេះ​កើន​ឡើង ​លោក​ និមល ​បាន​ឲ្យ​ដឹង​ថា​ ចំនួន​​ក្រុម​ហ៊ុន​ជាង ១០ ​នេះ​​វា​ច្រើន​​ពេក​សម្រាប់​ទីផ្សារ​ដ៏​តូច​នេះ។ ​

លោក​ថ្លែង​ថា​៖ «​ទីផ្សារ​នេះ​​​មិន​មែន​ជា​ទីផ្សារ​ធំ​នោះ​ទេ​ ហើយ​ប្រតិបត្តិករ​មួយ​ចំនួន​គឺ​គ្រាន់​តែ​ចូល​មក​ ដោយ​ធ្វើ​​តាម​គ្នា​​នៅ​ពេល​មើល​ឃើញ​អ្នក​ផ្សេង​ជោគជ័យ​​»។ ​

លោក​បន្ត​ថា​​៖ «​​ក្រុមហ៊ុន​មួយ​ចំនួន​​អត់​អាច​ដំណើរការ​ល្អ​ទេ​ ដោយ​សារ​តែ​ទីផ្សារ​នេះ​​កំពុង​ប្រកួត​ប្រជែង​ខ្លាំង​»​។​

សម្រាប់​លោក ​និមល​ មិន​បារម្ភ​អំពី​​ការ​​ប្រកួត​ប្រជែង​ដែល​កំពុង​​កើន​ឡើង​នេះ​ទេ ដោយ​​សារ​តែ​សេវា​របស់​លោក ​បាន​​មើល​ឃើញ​កំណើន​ការ​ប្រើប្រាស់​ដោយ​ប្រជាជន​ក្នុង​ស្រុក​​ជា​រៀង​រាល់​ខែ​​។ ប៉ុន្តែ​​លោក​បដិសេធ​​ប្រាប់​​ចំនួន​ពិត​ប្រាកដ​នៃ​អ្នក​បើកបរ​ដែល​ភ្ជាប់​​ប្រព័ន្ធ​របស់​លោក ​និង​ចំនួន​អ្នក​ដំណើរ​ដែល​ធ្វើ​ដំណើរ​តាមរយៈ​​ក្រុមហ៊ុន​របស់​លោក​ ដោយ​លើក​ឡើង​ថា​ វា​ជា​ព័ត៌មាន​សម្ងាត់​។​

លោក​ស្រី ​ហេង​ សុធាវី ​នាយិកា​​ទីផ្សារ​របស់​ក្រុមហ៊ុន​ Grab Cambodia បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន Grab បាន​បង្កើន​ការ​ផ្ដល់​សេវា​នៅ​ សៀមរាប​ និង​តំបន់​ផ្សេង​ទៀត​ជា​ច្រើន​នៃ​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ប្រតិបត្តិការ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ​កាល​ពី​ចុង​ឆ្នាំ​​មុន។ លោកស្រី​បន្ត​ថា ទោះ​បី​ជា​​​មាន​កំណើន​ក្រុមហ៊ុន​ផ្តល់​សេវា​កម្មវិធី​ហៅ​តាក់ស៊ី​ជិះ​​​នៅ​ក្នុង​ទីផ្សារ​នេះ​​ក៏​ដោយ​ ប៉ុន្តែ អ្វី​ដែល​ ​Grab មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​គឺ​លើស​ពី​ ការ​ជិះ​។​

លោកស្រី​​ថ្លែង​ថា​៖ «​ដោយ​សារ​ប្រជាជន​កម្ពុជា​កាន់​​តែ​ច្រើន​ឡើង​ៗ​​ទទួល​បទពិសោធ ​និង​ការ​យល់​ដឹង​ពី​ភាព​​ងាយ​ស្រួល​ និង​សុវត្ថិភាព​នៃ​​ការ​ធ្វើ​ដំណើរ​តាម​រយៈ​ការ​ហៅ​តាក់​ស៊ី​ជិះ​ ​យើង​​មាន​ទំនុក​ចិត្ត​ថា​ ទី​ផ្សារ​នេះ​នឹង​បន្ត​កើន​ឡើង​ ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​​ និង​ការ​រំពឹង​ទុក​របស់​ពួក​​គេ​»​។​

លោក ​ហោ​ ដាលុច ​បាន​ឲ្យ​ដឹង​​ថា​ វត្តមាន​របស់ Grab ក្នុង​ទីផ្សារ​នេះ​គួរ​តែ​​ជា​ក្តី​​​​​បារម្ភ​មួយ​​សម្រាប់​ក្រុមហ៊ុន​​​ក្នុង​ស្រុក​ ដោយ​សារ​​​ក្រុមហ៊ុន​កម្រិត​​តំបន់​​នេះ​​មាន​ហិរញ្ញ​វត្ថុ​រឹងមាំ​ និង​បច្ចេកវិទ្យា​ល្អ​​​។

លោក​​បន្ត​ថា ក្រុមហ៊ុន​របស់​លោក​​នឹង​​​ប្រើប្រាស់​គំរូ​អាជីវកម្ម​ថ្មី​មួយ​ដើម្បី​ទាក់​ទាញ​ ​ ក្រុម​អ្នក​បើកបរ​ឲ្យ​ភ្ជាប់​ប្រព័ន្ធ​ ​ Exnet Taxi ដោយ​មិន​គិត​ថ្លៃ​។

លោក​ថ្លែង​​ថា​៖ «​ស្ថាន​ភាព​ប្រកួត​ប្រជែង​​នេះ​ពេល​​លែង​អាច​ឲ្យ​យើង​​ពឹងផ្អែក​លើ​ប្រាក់​ចំណូល​ពី​ការ​​យក​កម្រៃ​ជើង​សា​​​ពី​អ្នក​បើក​បរ​ទៀត​ហើយ​»។​ លោក​បន្ត​ថា​៖ «​ដើម្បី​រស់​បាន យើង​ចាំ​បាច់​ត្រូវ​បង្កើត​គំរូ​អាជីវកម្ម​ថ្មី»​៕​ LA