ភ្នំពេញៈ ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) បាន​ប្រកាស​ដំឡើង​ដែន​កំណត់​ប្រែ​ប្រួល​តម្លៃ​សម្រាប់​ការ​ជួញ​ដូរ​មូលបត្រ​កម្មសិទ្ធិ​រហូត​ដល់ បូក​ឬ​ដក ១០​ ភាគរយ ពី​កម្រិត​បច្ចុប្បន្ន​ បូក​ឬដក ៥ ​ភាគរយ​ធៀប​នឹង​​ថ្លៃ​បិទ​ទីផ្សារ​ចាស់ ដែល​មាន​ប្រសិទ្ធភាព​ចាប់​ពី​ថ្ងៃ​ទី ៩ ខែ​មករា ​ទៅ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ​​ដែល​បាន​ចេញ​ផ្សាយ​នៅ​ចុង​សប្តាហ៍​មុន​ ដែន​កំណត់​ថ្លៃ​ប្រចាំ​ថ្ងៃ ​១០​ ភាគរយ​ (​កំណត់​ត្រឹម​ធ្លាក់ថ្លៃ ១០ ​ភាគ​រយ ឬ​ឡើង​ថ្លៃ ១០ ​ភាគរយ) នេះ នឹង​ទាក់​​ទាញ​ឲ្យ​មាន​ចំណេញ​មូលធន (Capita gain) ច្រើនជាង​មុន និង​អនុញ្ញាត​ឲ្យ​វិនិយោគិន​មាន​សេរីភាព​ច្រើន​ជាង​មុន​ក្នុង​ការ​កំណត់​ថ្លៃ​ជួញ​ដូរ​ភាគហ៊ុន។

ការ​ដំឡើង​ដែន​កំណត់​ថ្លៃ​នេះ​ក៏​នឹង​ទាក់​ទាញ​វិនិយោគិន​ដែល​កេង​ចំណេញ​ការ​ប្រែ​ប្រួល​តម្លៃ​ទីផ្សារ​ (Speculator) ផង​ដែរ។

លោក ល្មុន សូលី អនុ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា​បាន​ថ្លែង​ថា អ្នក​កេង​ចំណេញ​ពី​ការ​ប្រែ​ប្រួល​តម្លៃ​អាច​នឹង​ចាប់​អារម្មណ៍​ចូល​រួម​ក្នុងការ​ជួញដូរ​ប្រចាំ​ថ្ងៃ។

ទោះជា​យ៉ាង​ណា​ លោក​ថ្លែង​ថា ការ​​ប្រែ​ប្រួល​តម្លៃ ១០​ភាគរយ​នេះ​មិន​មែន​ជា​បរិមាណ​ច្រើន​ទេ​បើ​ធៀប​ជា​មួយ​ផ្សារ​ហ៊ុន​ផ្សេង​ទៀត​ក្នុង​តំបន់​ដូច​ជា​ផ្សារ​ហ៊ុន​ក្រុង​ហូជីមិញ និង​ផ្សារ​ហ៊ុន​ថៃ​ដែល​​ការ​ប្រែ​ប្រួល​តម្លៃ​មានចាប់​ពី ១០​ភាគរយ ដល់ ៣០ភាគ​រយ។

លោក សូឡី បាន​ថ្លែង​ថា ការ​ដំឡើង​​ដែន​កំណត់​ថ្លៃ​នេះមិន​បង្ក​ភាព​ជ្រួល​​ច្របល់​ខ្លាំង​ដល់​​ទីផ្សារ​ឡើយ ដោយ​សារ​ថា​​ «ទីមួយ ផ្សារហ៊ុន​យើង​មិន​សូវ​ប្រែ​ប្រួល​ថ្លៃ អ៊ីចឹង​បើ​យើង​ឲ្យ​ថ្លៃ​​ឡើង​ចុះ​ច្រើន​បន្តិច​ក៏​វា​ល្អ​ដែរ។

ទី​ពីរ ផ្សារ​ហ៊ុន​យើង​បើក​ជិត ៦ ​ឆ្នាំ​ហើយ អ្នក​ជួញ​ដូរ​គាត់​​យល់​ដឹង​ច្រើន។ វា​មិន​​មែន​ថ្មី​សន្លាង​ដូច៥​ឬ៦​ឆ្នាំ​មុនឯ​ណា»។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​​ហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​វិធី​សាស្រ្ត​ជួញ​ដូរ​តាម​ការ​ចរចា (Negotiated Trading Method) ដែល​ជា​វិធីសាសាស្រ្ត​ជួញ​ដូរ​ថ្មី​មួយ​បន្ថែម​លើ​វិធីសាស្ត្រ​ជួញ​ដូរ​បច្ចុប្បន្ន​ដែល​ផ្អែក​លើ​ការ​ដេញថ្លៃ និង​បញ្ជា​ទីផ្សារ (Market Order) ដែល​ជា​ប្រភេទ​បញ្ជា​ទិញ​ថ្មី​បន្ថែម​លើ​ការ​បញ្ជា​ទិញ​បច្ចុប្បន្ន​​​ឈ្មោះ​ថា បញ្ជា​ដែន​កំណត់ (Limit Order) ផង​ដែរ៕