កំពង់ស្ពឺៈ ក្រុមហ៊ុនមកពីហៃណាន ចំនួន ១០ ដែលមានទុនវិនិយោគសរុបប្រហែល ២ ពាន់លានដុល្លារបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការចូលមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ ពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ នេះបើតាមលោកអភិបាលខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំង ១០ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចូលមកវិនិយោគលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ពិសេសការដាំដុះស្រូវ កៅស៊ូ និងដូងជាដើម។
លោកបន្តថា ការទទួលកំណើនវិនិយោគនៅពេលនេះដោយសារតែការខិតខំរបស់អាជ្ញាធរខេត្ត រួមជាមួយនឹងភាពអំណោយផលនៃទីតាំងភូមិសាស្ត្រ។
លោកបានថ្លែងថា៖ «កាលពីម្សិលមិញ (ថ្ងៃអាទិត្យ) ខ្ញុំបានជួបជាមួយវិនិយោគិនមកពីហៃណានចំនួន ១០ ក្រុមហ៊ុនដោយពួកគេបានប្រាប់ថា ចង់ដាក់ទុនវិនិយោគក្នុងខេត្តកំពង់ស្ពឺ»។
លោកបន្ថែមថា បច្ចុប្បន្នខេត្តកំពង់ស្ពឺកំពុងទទួលបាននូវកំណើនការវិនិយោគជាបន្តបន្ទាប់។
លោកអះអាងថា៖ «ការចូលមកបណ្តាក់ទុនរបស់វិនិយោគិនបរទេស គឺមិនត្រឹមតែបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាជនប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវបច្ចេកទេសថ្មីៗសម្រាប់កម្ពុជាផងដែរ»។
ក្រុមហ៊ុនទាំងនោះមានដូចជា Hainan State Farms Holding Group Co., Ltd ក្រុមហ៊ុន China Hainan Natural Rubber Industry Group Co., Ltd ក្រុមហ៊ុន Enterprise Development Department of HRG និងក្រុមហ៊ុន Hainan Ruixiang Tropical Economic Investment Group Co., Ltd។
ភូមិសាស្ត្ររបស់ខេត្តកំពង់ស្ពឺគឺមានសក្តានុពលខ្ពស់ខ្លាំងសម្រាប់ការវិនិយោគ ព្រោះមិនត្រឹមតែនៅចន្លោះរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ប៉ុណ្ណោះទេ តែថែមទាំងមានផ្លូវជាតិភ្ជាប់ទៅបណ្តាខេត្តជាច្រើនទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា ដោយសារខេត្តកំពង់ស្ពឺមានផ្លូវជាតិលេខ ៤ ឆ្លងកាត់ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ របស់រដ្ឋាភិបាលកម្ពុជានោះ ដូច្នេះខេត្តនេះនឹងមានកំណើនការវិនិយោគកាន់តែច្រើននៅពេលខាងមុខ។
លោកបន្តថា ភាពល្អប្រសើរនៃទំនាក់ទំនងរបស់អាជ្ញាធរខេត្តក៏នឹងចូលរួមចំណែកក្នុងការទាក់ទាញឲ្យមានវិនិយោគបន្ថែមនៅក្នុងខេត្តកំពង់ស្ពឺផងដែរ។
លោកថ្លែងថា៖ «នៅពេលរដ្ឋាភិបាលកម្ពុជា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយរដ្ឋាភិបាលប្រទេសចិនក្នុងពេលឆាប់ៗនេះ ខ្ញុំគិតថា ខេត្តកំពង់ស្ពឺនឹងរឹតតែទទួលបានវិនិយោគចូលទៅបណ្តាក់ទុនច្រើនបន្ថែមទៀត»៕LA