ភ្នំពេញ៖ ក្រុមហ៊ុន​សិទ្ធិ​ធ្វើ​អាជីវកម្ម​យីហោ​អាមេរិក​ដ៏ល្បី​ចំនួន ៩ របស់​អាមេរិក​កំពុង​ស្វែងរក​ឱកាស​អាជីវកម្ម និង​ពង្រីក​ខ្លួន​ចូលមក​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​កសាង​កន្លែង​ឈរជើង​របស់​ពួកគេ​សម្រាប់​មូលដ្ឋាន​ដ៏រឹងមាំ​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍។

ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​អាមេរិក និង​ដោយមាន​ការគាំទ្រ​ពី​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា រៀបចំ​ពិព័រណ៍​មួយ​នៅ​កម្ពុជា​ស្ដីពី​សិទ្ធិ​ធ្វើ​អាជីវកម្ម​យីហោ​អាមេរិក​នៅ​ព្រឹក​ថ្ងៃទី ៥ ខែ​ឧសភា​ឆ្នាំ ២០២១។

ពិព័រណ៍​នេះ​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​អាមេរិក​ចំនួន ៩ ដែលមាន​ឈ្មោះ​ល្បី គឺ​ក្រុមហ៊ុន The Boiling Crab,ក្រុមហ៊ុន​ Chili’s ក្រុមហ៊ុន​ Dickey’s BBQPit ក្រុមហ៊ុន​ Duck Donuts ក្រុមហ៊ុន​ Long John Silver’s ក្រុមហ៊ុន​ Mathnasium ក្រុមហ៊ុន Snap Fitness ក្រុមហ៊ុន Tapout Fitness និង​ក្រុមហ៊ុន Tumbles រួមជាមួយ​សហគ្រិន និង​ក្រុមហ៊ុន​កម្ពុជា​ចំនួន​ជាង ៣០ ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការសហការ​ដៃគូ។ លោក​ W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​ពិព័រណ៍​នេះ។

លោក​ W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅក្នុង​សុន្ទរកថា​បើក​ពិព័រណ៍​នេះ​ថា លំហូរ​នៃ​ការវិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាមេរិក និង​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​តែមាន​កំណើន ហើយ​ក្រុមហ៊ុន​អាមេរិក​ច្រើន​ថែមទៀត​បន្ត​មករក​ស៊ី​ក្នុង​មួយ​ឆ្នាំៗ ដោយ​នាំមក​ជាមួយ​នូវ​របៀប​ធ្វើ​ជំនួញ​ប្រកប​ដោយ​ក្រមសីលធម៌ បទដ្ឋាន​បរិស្ថាន និង​បទដ្ឋាន​ការងារ​ខ្ពស់ ព្រមទាំង​កម្មវិធី​ទទួល​ខុសត្រូវ​ខ្ពស់​របស់​ក្រុមហ៊ុន ចំពោះ​សង្គម ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​សហគមន៍​មូលដ្ឋាន។

លោក​បញ្ជាក់ថា ដោយ​ត្រូវបាន​ទទួលស្គាល់ និង​កោតសរសើរ​ចំពោះ​ស្ដង់ដា ការច្នៃប្រឌិត និង​គុណភាព​នៃ​ផលិតផល និង​សេវាកម្ម​ខ្ពស់ ក្រុមហ៊ុន​អាមេរិក​ច្រើនតែ​ជា​វិធី​ដំបូង​ដែល​ប្រជាជន​កម្ពុជា​ភ្ជាប់​ការទាក់ទង​ជាមួយ​អាមេរិក។ ក្រុមហ៊ុន​អាមេរិក និង​យីហោល្បីៗ​របស់​អាមេរិក​បានទទួល​ជោគជ័យ និង​កំពុង​រីកចម្រើន​នៅ​កម្ពុជា​រាប់​ពី​ក្រុមហ៊ុន​រថយន្ត​ Ford និង​ក្រុមហ៊ុន Facebook ដល់​កាហ្វេ Starbucks និង​ក្រុមហ៊ុន​ Papa John’s pizza។

លោក​ថ្លែងថា៖ «ប្រជាជន​កម្ពុជា​ចង់បាន​ផលិតផល​ និង​សេវាកម្ម​ប្រកប​ដោយ​គុណភាព​បែបនេះ ហើយ​នៅ​តែ​ចង់បាន​ច្រើន​ទៀត។ ពិព័រណ៍​នេះ​គ្រាន់តែ​ជា​ព្រឹត្តិ្កការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ជាច្រើន ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក ក្នុង​ការណែនាំ​ឲ្យ​គេ​ស្គាល់​ក្រុមហ៊ុន​អាមេរិក ដែល​ចង់​មករក​ស៊ី​នៅ​កម្ពុជា»។

លោក​លើកឡើងថា៖ «គេ​ឃើញ​យីហោ​ទាំងនេះ​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍ នាពេល​សព្វថ្ងៃ ជាពិសេស​នៅ​ទីក្រុង​បាងកក ប្រទេស​សិង្ហបុរី និង​ទីក្រុង​ហូជីមិញ។ វា​ដល់​ពេលដែល​ត្រូវ​ឃើញ​ក្រុមហ៊ុន​ទាំងនេះ​នៅ​ភ្នំពេញ​ផងដែរ​ហើយ។ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ពិព័រណ៍​នេះ​នឹង​ធ្វើឲ្យ​គេ​ដឹង​កាន់តែច្រើន​ពី​ឱកាស​ធ្វើ​ជំនួញ​ដ៏​ប្រពៃ ហើយ​បង្កើត​ទំនាក់ទំនង​ដែល​នឹង​ផ្ដល់​លទ្ធផល​សម្រាប់​ប្រទេស​ទាំងពីរ»។

លោក Anthony Galliano ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី ៥ ខែមេសា​ក្នុង​ពិព័រណ៍​នោះ​ថា សហរដ្ឋអាមេរិក​គឺជា​អ្នក​នាំមុខគេ​ក្នុង​ពិភព​យីហោ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៣០ ដោយ​មាន​គំរូ​អាជីវកម្ម​ដែល​បានបង្ហាញ​ និង​ម៉ាកល្បីៗ និង​មាន​ការទទួលស្គាល់​ជុំវិញ​ពិភពលោក ដែល​មាន​អាជីវកម្ម​យីហោ​ជាង ៧៨២ ពាន់​ដែល​រកចំណូល​បាន ៨៩០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

លោក​បាន​ថ្លែងថា៖ «យីហោ​សហរដ្ឋអាមេរិក បង្ហាញ​នូវ​ឱកាស​ដ៏ប្រសើរ​សម្រាប់​សហគ្រិន​នៅ​កម្ពុជា​ហើយ​ពិព័រណ៍​យីហោ​កំពុង​ភ្ជាប់​ទំនាក់ទំនង​ម៉ាក​យីហោ​ឈានមុខ​គេ​ពិចារណា​ការចូល និង​ស្វែងរក​ការបើក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​ថ្លែង​បន្តទៀតថា៖ «ភាពជោគជ័យ​នៃ​សិទ្ធិ​អាជីវកម្ម​របស់​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​គឺ​ពិតជា​ភ័ស្តុតាង​ និង​ជា​គំរូ​មួយ​ដ៏ចាប់​អារម្មណ៍​យ៉ាងខ្លាំង​សម្រាប់​ការពង្រីក​ម៉ាក​យីហោ​បន្តទៀត។ យីហោ​របស់​សហរដ្ឋអាមេរិក​គឺមាន​វត្តមាន​ និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា។ ជាពិសេស​អាហារ​រហ័ស ផ្នែក​បដិសណ្ឋារកិច្ច​ និង​យីហោ​អចលនទ្រព្យ​គឺ​លេចធ្លោ​ខ្លាំង​ សូម្បីតែ​នៅពេល​កំពុង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ក៏ដោយ»។

អាមេរិក​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម និង​ទីផ្សារ​នាំចេញ​ឈានមុខ​គេ​របស់​កម្ពុជា។ បច្ចុប្បន្ន​កម្ពុជា គឺជា​ដៃគូ​ជួញដូរ​ទំនិញ​ឈានមុខ​គេ​ទី ៦៦ របស់​អាមេរិក។

ការនាំចេញ​របស់​កម្ពុជា​ទៅ​អាមេរិក​មាន​តម្លៃ​ជាង ៥ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដែល​កើនឡើង​ខ្លាំង​បំផុត​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ កាលពី​ខែកក្កដា​ឆ្នាំ ២០១៦ រដ្ឋាភិបាល​អាមេរិក​បាន​បន្ត​សុពលភាព​ផែនការ​ GSP ដើម្បី​ដាក់បញ្ចូល​ទំនិញ​ធ្វើដំណើរ​ពី​កម្ពុជា​៕LA