
ភ្ញៀវទេសចរ ឆ្លងស្ពាននៅមុខប្រាសាទអង្គរវត្ត។ ហេង ជីវ័ន
ភ្នំពេញៈ ក្រុមហ៊ុន Macau Legend Development Limited ដែលផ្តល់សេវាកាស៊ីណូ និងចុះបញ្ជីនៅផ្សារហ៊ុនក្រុងហុងកុង បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Howing Enterprises នៅកម្ពុជាក្នុងតម្លៃ ៩០ លានដុល្លារក្នុងគោលបំណងអភិវឌ្ឍរមណីយដ្ឋានសមាហរណកម្ម (IR) នៅខេត្តសៀមរាប។
យោងតាមឯកសារដែលចេញផ្សាយលើគេហទំព័រផ្សារហ៊ុនក្រុងហុងកុង (HKEX) ក្រុមហ៊ុន Howing គឺជាក្រុមហ៊ុនដែលកាន់កាប់ដីជាច្រើនកន្លែង ដែលមានចំនួនសរុប ១ ២០០ ហិកតា។ ដីនេះនឹងត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Macau Legend Development តាមរយៈការផ្ទេរភាគហ៊ុនដែលត្រូវបានលក់នេះទៅឲ្យក្រុមហ៊ុន Sky Force ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។
លោក Chow Kam Fai ប្រធាននាយកប្រតិបត្តិ Macau Legend Development បានឲ្យដឹងក្នុងឯកសារនេះថា ការទិញដីនេះមានបំណងសាងសង់ និងអភិវឌ្ឍរមណីយដ្ឋានសមាហរណកម្មនៅខេត្តសៀមរាប ដែលអាចឲ្យក្រុមហ៊ុនចូលរួម និងទទួលនូវអត្ថប្រយោជន៍ពីឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនរបស់កម្ពុជា។
លោកឲ្យដឹងក្នុងឯកសារនេះថា៖ «ក្រុមប្រឹក្សាភិបាលចាត់ទុកថា លក្ខខណ្ឌនៃការទិញលក់នេះត្រឹមត្រូវ និងសមហេតុផល ហើយការទិញនេះស្ថិតក្នុងផលប្រយោជន៍របស់ក្រុមហ៊ុន និងភាគទុនិកទាំងអស់របស់ខ្លួន»។
ការបញ្ចប់ការទិញភាគហ៊ុននេះនឹងត្រូវបានរំពឹងថា នឹងចំណាយពេលប្រហែល ៤០ ថ្ងៃនៃថ្ងៃធ្វើការ។
ក្រុមហ៊ុន Macau Legend Development គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗដែលកាន់កាប់មជ្ឈមណ្ឌលកម្សាន្ត និងហ្គេមនៅទីក្រុងម៉ាកាវ ប្រទេស ចិន។
បើទោះជាប្រកាសថា ក្រុមហ៊ុនរៀបចំផែនការប្រើប្រាស់ដីដើម្បីអភិវឌ្ឍរមណីយដ្ឋានសមាហរណកម្មនៅសៀមរាបក្តី ក៏ក្រុមហ៊ុននេះមិនបានបញ្ជាក់នោះទេថា តើរមណីយដ្ឋាននេះ នឹងមានសកម្មភាពកាស៊ីណូឬការភ្នាល់ល្បែងឬអត់?
ពាក្យរមណីយដ្ឋានសមាហរណកម្ម (IR) ត្រូវបានប្រើប្រាស់ ដើម្បីពណ៌នាអំពីអចលនទ្រព្យរមណីយដ្ឋានសំខាន់ៗដែលរួមទាំងសណ្ឋាគារ និងកាស៊ីណូ រួមជាមួយនឹងកន្លែងសន្និបាត ពិព័រណ៍ការកម្សាន្ត សួនកម្សាន្ត ទីតាំងលក់រាយដ៏ប្រណីត និងកន្លែងអាហារពេលល្ងាចល្អៗ។
លោក រស់ ភីរុណ អគ្គនាយករងនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីថ្ងៃចន្ទបានឲ្យដឹងថា ក្រសួងមិនបានទទួលសំណើសុំវិនិយោគណាមួយពីក្រុមហ៊ុន Macau Legend ឬ Sky Force ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Macau Legend នៅឡើយទេ ប៉ុន្តែបានបញ្ជាក់ថា ការវិនិយោគកាស៊ីណូនៅសៀមរាប នឹងមិនទទួលបានការយល់ព្រមពីរដ្ឋាភិបាលឡើយ។
លោកមានប្រសាសន៍ថា៖ «សំណួរគឺថាតើផែនការវិនិយោគសម្រាប់រមណីយដ្ឋានសមាហរណកម្មនេះ រួមទាំងកាស៊ីណូដែរឬអត់? បើមិនមានកាស៊ីណូ ឬសកម្មភាពភ្នាល់ល្បែងនៅក្នុងគម្រោងនេះទេនឹងមិនមានច្បាប់ហាមឃាត់ពួកគេទេ»។ លោកបន្ថែមថា៖ «ប៉ុន្តែពួកគេត្រូវតែដឹងថា អាជីវកម្មភ្នាល់ល្បែងមិនត្រូវបានអនុញ្ញាតឡើយក្នុងខេត្តសៀមរាប»។
យោងតាមឯកសារដែលចេញផ្សាយនេះ កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Macau Legend Development និងក្រុមហ៊ុន Howing Enterprises មានផ្ទៃដីប្រហែល ៨៣,៨៨ ហិកតាដែលស្ថិតក្នុងតំបន់គ្រប់គ្រងរបស់អាជ្ញាធរអប្សរា ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ជាចំណត ឬឧទ្យាន។
លោកស្រី ចៅស៊ុន កិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរាបានឲ្យដឹងកាលពីម្សិលមិញថា អាជ្ញាធរមិនបានទទួលសំណើសុំការវិនិយោគណាមួយពីក្រុមហ៊ុន និងមិនបានដឹងពីគម្រោងវិនិយោគនេះទេ។
លោកស្រីបានបន្ថែមថា ដីរបស់អាជ្ញាធរអប្សរា រួមមានតំបន់ការពារតំបន់ ១ និងតំបន់ ២ របស់ប្រាសាទអង្គរវត្ត ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ៤០ ០០០ ហិកតា និងដី «បុរីវប្បធម៌ និងទេសចរណ៍»។
លោកស្រី កិរិយា បានឲ្យដឹងទៀតថា តំបន់ការពារមិនអាចប៉ះពាល់បានទេ និងត្រូវបានហាមឃាត់ចំពោះសកម្មភាពទិញលក់ដើម្បីសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ឬទីកន្លែងច្រៀងខារ៉ាអូខេនានា។
តំបន់បុរីវប្បធម៌ និងទេសចរណ៍ ដែលគ្របដណ្ដប់លើផ្ទៃដីប្រហែល ៥០០ ហិកតាអាចអភិវឌ្ឍសណ្ឋាគារ ឬរមណីយដ្ឋានបាន តែចាំបាច់ត្រូវទទួលបានការយល់ព្រម បន្ទាប់ពីការវាយតម្លៃពីគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor)។
លោកស្រីថ្លែងថា៖ «យើងស្វាគមន៍ការវិនិយោគលើរមណីយដ្ឋានថ្មី ដើម្បីផ្ដល់ជម្រើសកាន់តែច្រើនដល់ចំនួនភ្ញៀវទេសចរដែលកំពុងកើនឡើងនៅខេត្តសៀមរាប»។ លោកស្រីបន្តថា៖ «ប៉ុន្តែយើងមិនស្វាគមន៍ការវិនិយោគលើកាស៊ីណូ និងសកម្មភាពភ្នាល់ល្បែងនៅទីនេះទេ»៕ LA