ភ្នំពេញ: ក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ម៉ាឡេស៊ី Pestech International Bhd បានទិញភាគហ៊ុន ៩៤ ភាគរយ នៅក្រុមហ៊ុនអភិវឌ្ឍថាមពលសូឡានៅកម្ពុជា។ នេះបើតាមសារព័ត៌មានម៉ាឡេស៊ី the EDGE។
ក្នុងឯកសារដែលបានដាក់ទៅកាន់ផ្សារហ៊ុនម៉ាឡេស៊ីកាលពីថ្ងៃពុធ ក្រុមហ៊ុននេះបានឲ្យដឹងថា អង្គភាពរបស់ខ្លួន Astoria Solar Farm Sdn Bhd (ASF) នឹងវិនិយោគតម្លៃ ៤ លានដុល្លារ ដោយការទិញភាគហ៊ុន ៩៤ ភាគរយនៅក្នុងក្រុមហ៊ុន Green Sustainable Ventures (Cambodia) Co Ltd (GSV)។ នេះបើតាមរបាយការណ៍។
ឯកសារបានឲ្យដឹងថា៖ «ផ្អែកលើការទិញភាគហ៊ុនដែលបានស្នើឡើងចំនួន ៩៤ ភាគរយ ក្រុមហ៊ុន GSV នឹងក្លាយជាអ្នកអភិវឌ្ឍន៍ និងការអនុវត្តគ្រប់មុខងារវិស្វកម្ម លទ្ធកម្ម និងសំណង់»។
លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលបានផ្តល់សម្បទានវិនិយោគឲ្យក្រុមហ៊ុនGSV ធ្វើការអភិវឌ្ឍថាមពលសូឡារយៈពេល ២០ ឆ្នាំដែលមានសមត្ថភាពផលិត ២០ មេហ្គាវ៉ាត់នៃគម្រោងកសិដ្ឋានថាមពលសូឡានៅទីក្រុងបាវិត ខេត្តស្វាយរៀង។
លោកថ្លែងថា៖ «ក្រុមហ៊ុនបានសម្រេចកិច្ចព្រមព្រៀងលក់ថាមពលឲ្យអគ្គិសនីកម្ពុជាក្នុងតម្លៃ ៧,៦ សេនដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង ហើយគម្រោងនេះគ្រោងនឹងតភ្ជាប់ចូលបណ្តាញជាតិនៅដើមឆ្នាំ ២០២១»។
បច្ចុប្បន្នកម្ពុជាមានថាមពលវារីអគ្គិសនីប្រហែល ៤៨ ភាគរយ និងថាមពលធ្យូងថ្មមានប្រហែល ៤៧ ភាគរយ និងនាំចូលប្រហែល ១៥ ភាគរយ៕LA