The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​យក្ស​ បារាំង​ ​ឈាន​ជើង​ចូលមកក្នុង​ទីផ្សារ​ម្ហូបអាហារ​កម្ពុជា




ក្រុមហ៊ុន​យក្ស​ បារាំង​ ​ឈាន​ជើង​ចូលមកក្នុង​ទីផ្សារ​ម្ហូបអាហារ​កម្ពុជា

Content image - Phnom Penh Post
លោក ប៉ាន សូរស័កិ្ត​ (​ស្តាំ​) ក្នុង​ពិធី​បើក​ដំណើរការ​ក្រុមហ៊ុន Newrest​។ សហការី

ក្រុមហ៊ុន​យក្ស​ បារាំង​ ​ឈាន​ជើង​ចូលមកក្នុង​ទីផ្សារ​ម្ហូបអាហារ​កម្ពុជា

ភ្នំពេញៈ Newrest ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាហារ​ឈានមុខ​គេ​របស់​ប្រទេស​បារាំង បាន​ឈាន​ជើង​ចូលមកក្នុង​ឧស្សាហកម្ម​អាហារ និង​ភេសជ្ជៈ​នៅ​កម្ពុជា ខណៈ​ពេល​តម្រូវការ​ទីផ្សារ​កំពុង​កើនឡើង ហើយ​ចំនួន​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​មធ្យម​ក៏មាន​ចំនួន​កាន់តែច្រើន​ផងដែរ​។

លោក Bruno Theirry ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Newrest Cambodia បានឱ្យដឹង​ក្នុងពេល​បើក​ដំណើរការ​កាលពី​ថ្ងៃ​ពុធ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន​ ៥៨ និង​ផ្ដល់​ការងារ​ដល់​បុគ្គលិក ២៩ ០០០ ​នាក់​ទូទាំង​ពិភពលោក​។ Newrest ដែល​ចាប់កំណើត​រយៈពេល​ជាង ១៥​ ឆ្នាំ​មកនេះ​ត្រូវបានគេ​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ដ៏សំខាន់​ក្នុង​វិស័យ​ផ្គត់ផ្គង់​អាហារ​ជាច្រើន​មុខ​។

លោក Bruno Theirry បាន​បន្តថា Newrest ប្ដេជ្ញា​ថា នឹង​អនុវត្ត​វិធានការ​ទទួលខុសត្រូវ​សង្គម​របស់​សាជីវកម្ម​ដ៏រឹងមាំ ដែល​ចាប់ផ្ដើម​ជាមួយនឹង​ការកាត់បន្ថយ និង​ការកែច្នៃ​កាក​សំណល់​ឡើងវិញ ព្រមទាំង​កាត់បន្ថយ​ប្លាសិ្ទក បញ្ឈប់​ការប្រើប្រាស់​ផលិតផល​អាហារ​មួយចំនួន​ដូចជា​ត្រី​ដែល​មិន​អនុលោម​តាម​វិធាន​នេសាទ​ប្រកបដោយ​ចីរភាព កាត់បន្ថយ​ការ​បំភាយឧស្ម័ន ការប្រើប្រាស់​រថយន្ត​អគ្គិសនី និង​រៀបចំ​ប្រព័ន្ធ​អំពូល LED​។

លោក​ថ្លែងថា​៖ «​យើង​នឹង​អនុវត្ត​គោលនយោបាយ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈ​ការបង្កើត​ភាពជា​ដៃគូ​រឹងមាំ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​អតិថិជន​របស់​ក្រុមហ៊ុន Newrest ដើម្បី​ផ្ដល់នូវ​ដំណោះស្រាយ​សមរម្យ​បំផុត​ដែល​គាំទ្រ​ដល់​ចង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​រយៈពេល​ខ្លី ការគ្រប់គ្រង និង​ការកាត់បន្ថយ​កាក​សំណល់​អាហារ​ផ្សេងៗ​»​។

លោក​បន្តថា​៖ «​ដូចដែល​អ្នក​អាច​មើលឃើញ ក្រុមហ៊ុន Newrest មាន​ប្រវត្តិ​ដ៏សម្បូរបែប​រយៈពេល​យូរ​ឆ្នាំ​មកហើយ​។ ខ្ញុំ​ដឹង​ច្បាស់​ថា អនាគត​របស់​ក្រុមហ៊ុន​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​រួមចំណែក​ដល់​ការរីកចម្រើន​របស់​ប្រទេស​នេះ​»​។

លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា នេះ​ជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​ប្រទេស​បារាំង​។ Newrest គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​បារាំង​។ Newrest នឹង​ពង្រឹង​វត្តមាន​របស់​វិស័យ​ម្ហូបអាហារ​បារាំង​នៅ​ប្រទេស​កម្ពុជា​។

លោក ប៉ាន សូរស័កិ្ដ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃ​ពុធ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​ក្រុមហ៊ុន Newrest នៅ​កម្ពុជា ដោយ​លោក​និយាយថា រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក និង​ប្រទេស​បារាំង​ជាពិសេស​។

លោក​ថ្លែងថា​៖ «​ការមកដល់​របស់​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​នេះ ស្របគ្នា​ជាមួយនឹង​ការបង្កើន​ល្បឿន​ថ្មី​ក្នុងការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ការមកដល់​នេះ​គឺ​បង្ហាញ​ពី​ភាពខ្លាំង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន Newrest បានសម្រេច​ចិត្ត​មកកាន់​កម្ពុជា ទោះបី​ក្នុង​បរិការណ៍​វិបត្តិ​ពិភពលោក​ក៏ដោយ ដោយ​ជឿជាក់​លើ​ឱកាស​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​លើកឡើងថា​៖ «​តាមរយៈ​គោលនយោបាយ​មិន​រើសអើង គោលនយោបាយ​លើកលែង​ពន្ធ​ដើម្បី​ជំរុញ​ការវិនិយោគ គោលនយោបាយ​បើក​ចំហ​ជើងមេឃ គោលនយោបាយ​ជាច្រើន​ទៀត ព្រមទាំង​ការផ្តល់​ភាពអនុគ្រោះ​ផ្សេងៗ​ដល់​ក្រុមហ៊ុន និង​ការវិនិយោគ​ទាំងឡាយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​ផ្តល់ជូន​»៕LA

អត្ថបទគួរចាប់អារម្មណ៍