ភ្នំពេញ: អ្នក​ក្នុង​វិស័យ​ដឹកជញ្ជូន​អ្នកដំណើរ​រថយន្តក្រុង​បាន​បង្ហាញ​ការព្រួយបារម្ភ​ពី​ការធ្លាក់ចុះ​ភ្ញៀវ​ដែល​ប្រើប្រាស់​សេវាកម្ម​របស់​ខ្លួន​ដោយសារ​សេវា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​ចំនួន​មិន​បាន​ចុះបញ្ជី​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​។

លោក ឆឹម ចំណាន ប្រធាន​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ​ផ្លូវគោក​កម្ពុជា (Camba) បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំនួន​ភ្ញៀវ​ធ្វើដំណើរ​តាម​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវគោក​ដែល​ចុះបញ្ជី​ត្រឹម​ត្រូវ​បាន​ធ្លាក់ចុះ​ចន្លោះ​ពី ៣ ទៅ ៤ ​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

លោក​បន្ថែមថា ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ (​រថយន្តក្រុង​) ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​សព្វថ្ងៃ​នេះ​មាន​បញ្ហា​ប្រឈម​ក្នុង​ការប្រកួតប្រជែង​ទីផ្សារ​ជាមួយ​អ្នក​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​រថយន្តក្រុង​ជា​លក្ខណៈ​គ្រួសារ​ដែលមាន​រថយន្ត​ប្រភេទ ៤៥ ​កៅអី​។ លោក​សង្កេត​ឃើញ​ថា រថយន្ត​ទាំងនោះ​មាន​ប្រហែល ១០០ ​គ្រឿង​ នៅក្នុង​ទីផ្សារ​ដោយ​មិន​រាប់បញ្ចូល​ប្រភេទ​រថយន្ត ១៥ ​កៅអី​។

លោក​ថ្លែង​ថា​៖ «​បញ្ហា​ប្រឈម​របស់​យើង​គឺថា [​ពី​មុន​ម្ចាស់​ម្នាក់​] មាន​រថយន្តក្រុង​ពី ១-២ គ្រឿង​ ជា​លក្ខណៈ​គ្រួសារ តែ​ឥឡូវ​អ្នកខ្លះ​មាន​រថយន្តក្រុង​រហូត​ដល់ ៥ ​ទៅ ១០ ​គ្រឿង​។ ពួកគេ​គ្មាន​ចំណត​ត្រឹមត្រូវ ចត​តាម​ចិញ្ចើមផ្លូវ​ចាប់​ម៉ូយ គ្មាន​ឈ្មោះ​ក្រុមហ៊ុន គ្មាន​បុគ្គលិក វា​ច្រើនណាស់​។ យើង​អាច​ប្រឈមមុខ​នឹង​បិទទ្វារ​ទៅ​មុខ​ទៀត​»​។

លោក​បន្ថែម​ថា​អ្នក​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​រថយន្តក្រុង​មិន​ចុះបញ្ជី​អាជីវកម្ម​ត្រឹមត្រូវ​ទាំងនោះ​បាន​លក់​សំបុត្រ​ទាប​ជាង​តម្លៃ​ទីផ្សារ​ថែមទៀត​ផង ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ចុះបញ្ជី​ត្រឹមត្រូវ​មិន​អាច​ប្រកួតប្រជែង​បាន​។

លោក​ថ្លែងថា​៖ «​បញ្ហា​តម្លៃ​សំបុត្រ ឧទាហរណ៍​ថា​ក្រុមហ៊ុន​លក់​សំបុត្រ​ពី​ភ្នំពេញ​ទៅ​សៀមរាប ២៥ ០០០ ​រៀល ​ក្នុង​ម្នាក់ តែ​ពួកគេ​លក់​ត្រឹម ១០ ០០០ ​ឬ ១៥ ០០០ រៀល​ប៉ុណ្ណោះ​។ ដូច្នេះ​ការប្រកួត​ប្រជែង​យើង​មាន​បញ្ហា​»​។

លោក សុខ ចាន់មុនី ម្ចាស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ Paramount Angkor Express (PAE) ប្រាប់​ភ្នំពេញប៉ុស្តិ៍​ ថា ក្រុមហ៊ុន​លោក​ក៏​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ប្រើប្រាស់​សេវាកម្ម​របស់​ក្រុមហ៊ុន​លោក​ដែរ​។

លោក​ថ្លែង​ថា​៖ «[​សេវា​លក្ខណៈ​គ្រួសារ​] គេ​ជា​តៃកុង​ខ្លួនគេ ឡាន​ខ្លួនគេ គេ​មិនមែន​ជា​ក្រុមហ៊ុន​អ្វី​ទេ ដូច្នេះ​គេ​អត់​មាន​អស់​ពន្ធ​អ្វី​ឡើយ គេ​ទិញ​ឡានក្រុង​មួយគ្រឿង បើក​ដាក់​ម៉ូយ​តាមផ្លូវ តាម​សណ្ឋាគារ គេ​យក​ថ្លៃ​ពី​ភ្ញៀវ​សណ្ឋាគារ ៨ ០០០ ​រៀល​»​។

លោក​បន្តថា​៖ «​បើ​ឡាន​យើង​ចេញ​ដំណើរ​មាន​អ្នកជិះ​ពេញ យើង​អាច​សល់​ប្រហែល​ពី ២០ ទៅ ៣០ ​ដុល្លារ​ ក្នុង​មួយ​ជើង តែ​បើ​មាន​ភ្ញៀវ​តែ​ជាង​ ២០ ​នាក់​ យើង​នឹង​ខាត មិន​រួច​ថ្លៃ​ប្រេង​ផង​។ សម្រាប់​ក្រុមហ៊ុន​ខ្ញុំ​ក្នុង​រដូវ​មាន​ភ្ញៀវ​ទាប (Low Season) ពី​ខែ​ ៦ ដល់​ខែ​ ៩ ​នេះ​ក្នុង​មួយ​ខែ​ខាត​ប្រហែល ៤០ ០០០ ទៅ ៥០ ០០០ ​ដុល្លារ តែ​យើង​សង្ឃឹម​ថា​នៅ​រដូវ​មាន​ភ្ញៀវ​ច្រើន (High season) អាច​ទទួល​បាន​ប្រាក់ចំណេញ​មកវិញ​»​។

លោក ចាន់មុនី បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន PAE មាន​រថយន្តក្រុង​សរុប​ជាង ១០០ គ្រឿង​ ដែល​ផ្តល់​សេវា​ដឹកជញ្ជូន​ទៅកាន់​ខេត្ត​សំខាន់ៗ ដូចជា​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង​។

លោក​បន្ថែម​ទៀត​ថា ក្រុមហ៊ុន PAE បាន​បញ្ចេញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចេញពី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ចំនួន ៦៥ គ្រឿង​ក្នុង​មួយថ្ងៃ ដោយ​ក្នុង​មួយគ្រឿង​មាន​ភ្ញៀវ​ជិះ​ចន្លោះ​ពី ២២ នាក់ ទៅ ២៨ នាក់​។

លោក​បាន​ថ្លែងថា​៖ «​តម្លៃ [​សំបុត្រ​រថយន្ត​] ​ទាប​មិន​អាច​ទូទាត់​នឹង​ការចំណាយ​ទៅ​លើ​បុគ្គលិក ប្រេងសាំង ខណៈ​អ្នកមាន​ឡាន ១-២ ​គ្រឿង​បាន​ចេញ​មក​ដឹក​ភ្ញៀវ​មក​ហៅ​ម៉ូយ​តាមផ្លូវ​ដូច​តាក់ស៊ី ហើយ​យក​តម្លៃ​ទាប​ជាង​ក្រុមហ៊ុន​ធ្វើឲ្យ​យើង​បាត់បង់​ភ្ញៀវ​»​។

បញ្ហា​នេះ​ក៏​កើតមាន​ផងដែរ​ចំពោះ​ក្រុមហ៊ុន រិទ្ធិមុនី ដឹក​អ្នកដំណើរ និង​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដឹក​អ្នកដំណើរ និង​ទេសចរណ៍​។

លោក មាស ស៊ីម៉ូធី ជំនួយការ​ទូទៅ​របស់​ក្រុមហ៊ុន រិទ្ធិមុនី បាន​ឲ្យ​ដឹងថា បញ្ហា​រថយន្តក្រុង​មិន​បាន​ចុះបញ្ជី​អាជីវកម្ម​ត្រឹមត្រូវ​ក៏​បាន​ធ្វើ​ឲ្យ​អតិថិជន​របស់​ក្រុមហ៊ុន​លោក​ធ្លាក់ចុះ​ដែរ ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ​។ លោក​បន្ថែមថា​ក្នុង​មួយថ្ងៃ​ក្រុមហ៊ុន រិទិ្ធមុនី ចេញ​ឡាន​ទៅ​តាម​បណ្តា​ខេត្ត​ចំនួន ៦០ គ្រឿង ​ក្នុង​ចំណោម​រថយន្ត​ក្រុង​សរុប ១៥០ គ្រឿង​។

លោក​បាន​ថ្លែងថា​៖ «​កាលពី​មុន​ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ជិះ​សរុប ១ ០០០ នាក់ ប៉ុន្តែ​ឥឡូវ ៥០០ នាក់​ចង់​យ៉ាប់ ចំណូល​យើង​បាន​ត្រឹម​ទប់ទល់ មាន​ខែ​ខ្លះ​ចំណេញ ខែ​ខ្លះ​ក៏​ខាត​»​។

ក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែល​មាន​រថយន្ត​ក្រុង​ចំនួន ៥៦ ​គ្រឿង​ ក៏​មើលឃើញ​ពី​បញ្ហា​ទីផ្សារ​តូចចង្អៀត​ផងដែរ ស្រប​ពេល​តម្លៃ​ប្រេង​មាន​ការឡើង​ថ្លៃ​ជា​លំដាប់​។

លោក ឡុង ណាផល ប្រធាន​ប្រតិបត្តិ​រដ្ឋបាល​របស់​ក្រុមហ៊ុន វីរៈ ប៊ុនថាំ បាន​ថ្លែងថា​៖ «​យើង​មើល​ឃើញ​ទីផ្សារ​ក្នុង​វិស័យនេះ​បច្ចុប្បន្ន​មាន​ការប្រកួតប្រជែង​ខ្លាំង ក្រុមហ៊ុន​ចុះ​ឈ្មោះ​ក៏មាន​ច្រើន ហើយ​មិន​បាន​ចុះឈ្មោះ​ក៏​ច្រើន ដូច្នេះ​យើង​មើល​ទៅ​ទីផ្សារ​ចង្អៀត​។ [​ចំណូល​] បាន​ត្រឹម​តែ​ទប់ទល់ មិន​ចំណេញ​ទេ​»​។

លោក ចំណាន ប្រធាន​សមាគម Camba បាន​អំពាវនាវ​ឲ្យ​ក្រសួង​ធ្វើការ​រឹតបន្តឹង និង​ស្នើឲ្យ​មាន​ការចុះបញ្ជី​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​អ្នក​ប្រកប​រថយន្ត​ដឹកជញ្ជូន​ប្រភេទ​រថយន្តក្រុង​ដែល​មិន​ចុះបញ្ជី​អាជីវកម្ម​ទាំងនោះ​។ លោក​និយាយ​ថា​៖ «​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​គិតគូរ​ឡើងវិញ​ក្នុង​វិស័យ​ដឹកជញ្ជូន​នៅ​ស្រុក​ខ្មែរ​យើង ត្រូវ​ចុះបញ្ជី​ពួកគាត់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ការប្រកួតប្រជែង​ស្មើភាព​គ្នា​»​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ (​រថយន្តក្រុង​) ដែល​ចុះបញ្ជី​អាជីវកម្ម​ត្រឹមត្រូវ​មាន​ចំនួន ៣១ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន​ចំនួន ១២ គឺជា​សមាជិក​របស់​សមាគម Camba​។ នេះ​បើ​តាម​លោក ចំណាន​។

ឆ្លើយតប​ទៅ​នឹង​ការលើកឡើង​ពី​ក្តីបារម្ភ​នេះ​លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់ថា ក្រសួង​មិនទាន់​អាច​មាន​ចំណាត់ការ​យ៉ាងណា​នោះ​ទេ តែ​លោក​បាន​ស្នើឲ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចងក្រង​គ្នា​ស្នើសុំ​មក​ក្រសួង​ដើម្បី​រក​ដំណោះស្រាយ​។

លោក​ថ្លែង​ថា​៖ «​យើង​សុំ​ឲ្យ​គាត់ [​មូលមតិ​គ្នា​] ដើម្បី​តវ៉ា​ជា​ផ្លូវការ​។ បើ​គាត់​តវ៉ា​ម្តង​មួយៗ យើង​ក៏​អត់​មាន​ពេល​គ្រប់គ្រាន់​ធ្វើការ​អង្កេត​នោះទេ​។ សំខាន់​ពួកគាត់​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់ ហើយ​រាយការណ៍​មក​ក្រសួង ទើប​យើង​អាច​ចុះ​សិក្សា​បាន​»៕ LA