ក្រុង​ពូត្រាចាវ៉ាៈ ក្រុមហ៊ុន​​ផលិត​រថយន្ត​​ និង​ក្រុមហ៊ុន​លក់​រថយន្ត​​​ក្នុង​ប្រទេស ​ម៉ាឡេស៊ី​​ នឹង​ត្រូវ​​គោរព​ទៅ​តាម​គោលការណ៍​ណែនាំ​ស្តីពី​ការ​បិទ​ស្លាក​របស់​កម្មវិធី​វាយ​តម្លៃ​​រថយន្ត​ថ្មី​​របស់​អាស៊ាន​ (ASEAN NCAP) ​ដែល​នឹង​​​ត្រូវ​ចាប់​ផ្តើម​​អនុវត្ត​នៅ​ខែ​មីនា​ ឆ្នាំ​ក្រោយ​។

ស្លាក​នេះ​ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុវត្ថិភាព​ផ្លូវ​គោក​​របស់​ម៉ាឡេស៊ី​ (MIROS) នឹង​ផ្តល់​ព័ត៌មាន​លម្អិត​របស់​រថយន្ត​ ​លក្ខណៈ​ពិសេស​ផ្នែក​សុវត្ថិភាព និង​ចំណាត់​ថ្នាក់​សុវត្ថិភាព​​​របស់​រថយន្ត និង​កូដ QR។

លោក Saifuddin Nasution Ismail រដ្ឋមន្រ្តី​ក្រសួង​កិច្ចការ​​ពាណិជ្ជកម្ម​ក្នុង​ស្រុក ​និង​​អ្នក​ប្រើប្រាស់​ ​បាន​ថ្លែង​ថា​ ការ​អនុវត្ត​គោលការណ៍​ស្តីពី​ការ​បិទ​ស្លាក​​ នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​​​ក្រុមហ៊ុន​​​ផលិត​រថយន្ត​​ និង​អ្នក​ប្រើប្រាស់​ដូច​គ្នា​ ជា​ពិសេស​​​ក្នុង​ការ​កែ​លម្អ​​លក្ខណៈ​ពិសេស​ផ្នែក​​សុវត្ថិភាព​រថយន្ត។

ASEAN NCAP ​​ជា​កម្មវិធី​ដាក់​​​ពិន្ទុ​សុវត្ថិភាព​រថយន្ត​​​ដែល​ត្រូវ​បាន​បង្កើត​រួម​គ្នា​ដោយ​​​​វិទ្យាស្ថាន​ស្រាវជ្រាវ​សុវត្ថិភាព​ផ្លូវ​គោក​​របស់​ម៉ាឡេស៊ី​ (MIROS) និង​កម្មវិធី​វាយ​តម្លៃ​រថយន្ត​ថ្មី​សកល​​ (Global NCAP) ​ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​បង្កើន​ស្តង់ដា​សុវត្ថិភាព​​រថយន្ត​​ លើក​កម្ពស់​ការ​យល់​ដឹង​របស់​អ្នក​ប្រើប្រាស់​ ព្រម​ទាំង​​​លើក​ទឹក​ចិត្ត​ទីផ្សារ​​ឲ្យ​ប្រើប្រាស់​​រថយន្ត​ដែល​មាន​សុវត្ថិភាព​ជាង​មុន​​​​ក្នុង​តំបន់។

ASEAN NCAP ​​ដែល​នឹង​ចាប់​ផ្តើម​​នៅ​​ថ្ងៃ​ទី​ ១ ខែ​មីនា ​ឆ្នាំ​នេះ​ ​នឹង​ត្រូវ​បាន​អនុវត្ត​​​ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត​​។ ទោះ​យ៉ាង​ណា​ក្តី ​វា​នឹង​​ធ្វើ​ឲ្យ​ក្លាយ​ជា​លក្ខណៈ​កាតព្វកិច្ច​​សម្រាប់​​ក្រុមហ៊ុន​​ផលិត​រថយន្ត​​ចាប់​ពី​ថ្ងៃ​ទី​ ​១ ខែ​មីនា ឆ្នំា​ ២០២០។ ​

នៅ​ពេល​គោលការ​ណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​លក្ខណៈ​កាតព្វកិច្ច​​ ក្រុមហ៊ុន​​នានា​ដែល​​ប្រើប្រាស់​ស្លាក​ក្លែងក្លាយ​​​​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​​តាម​​ច្បាប់​​​ពាណិជ្ជកម្ម​​ឆ្នាំ ​២០១១។

លោក​​​បន្ត​ថា​៖ «​មុន​ចាប់​ផ្តើម​អនុវត្ត ​ក្រសួង​នឹង​រៀបចំ​យុទ្ធនា​ការ​លើក​កម្ពស់​​​ការ​យល់​ដឹង​ ដើម្បី​អប់រំ​សាធារណ​ជន​​អំពី​​វិធី​ត្រឹមត្រូវ​នៃ​ការ​ប្រើ​​ប្រព័ន្ធ​​ស្លាក ​​និង​ការ​ដាក់​​ចំណាត់​ថ្នាក់​សុវត្ថិភាព​»។

ក្រសួង​​នឹង​ចាប់​​​ផ្តើម​ជំរុញ​​ក្រុមហ៊ុន​រថយន្ត​​ឲ្យ​បង្ហាញ​​ចំណាត់​ថ្នាក់​សុវត្ថិភាព​​​​តាម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​​ ខណៈ​ដែល​​រថយន្ត​របស់​ក្រុមហ៊ុន​ទាំង​នោះ​​នឹង​ត្រូវ​​ផ្តល់​ចំណាត់​ថ្នាក់​​ដោយ MIROS ​ដោយ​ផ្អែក​លើ​ការ​​ធ្វើ​តេស្ត​។

លោក​​​ថ្លែង​ថា​៖ «​​ក្រុមហ៊ុន​រថយន្ត​ និង​ភ្នាក់ងារ​​លក់​រថយន្ត​​​​ត្រូវ​ទទួល​ខុស​ត្រូវ ​បើ​ពួក​គេ​​មិន​បាន​បង្ហាញ​បិទ​​ស្លាក​​ នៅ​ពេល​គោល​ការណ៍​ណែនាំ​​នេះ​​ត្រូវ​បាន​អនុវត្ត​​។ ក្រុមហ៊ុន​​ដែល​ប្រើ​​​​ស្លាក​ដែល​មិន​ទទួល​បាន​ការ​​​អនុម័ត ​​​​ក៏​នឹង​ប្រឈម​ចំណាត់​ការ​ផង​ដែរ​​​ពី​បទ​ធ្វើ​ឲ្យ​​អ្នក​​ប្រើប្រាស់​​​ភាន់​ច្រឡំ​»៕ ANN/PS