ភ្នំពេញៈ ក្រសួង​រ៉ែ និង​ថាមពល​បាន​ជ្រើសរើស​ក្រុមហ៊ុន​ចំនួន ២ ​ឱ្យ​បន្ត​អនុវត្ត​នីតិវិធី​ក្នុង​ការផ្ដល់​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នៅលើ​ផ្ទៃដី​សរុប​ជាង​ ២០០ ​គីឡូម៉ែត្រក្រឡា នៅក្នុង​ខេត្ត​ចំនួន​ ២ របស់​កម្ពុជា​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​រ៉ែ និង​ថាមពល​។

យោងតាម​លិខិត​ក្រសួង​រ៉ែ និង​ថាមពល​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃទី​ ២១ ខែធ្នូ ផ្ញើ​ទៅឱ្យ​ក្រុមហ៊ុន​ទាំង​ ២ ឱ្យ​ដឹងថា ក្រសួង​រ៉ែ និង​ថាមពល​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌៀ) លីមីធីត (Renaissance Minerals (Cambodia) Limited) ជា​ក្រុមហ៊ុន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​មាន​សិទ្ធិ​អាទិភាព​ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ក្នុង​ការផ្ដល់​អាជ្ញាប័ណ្ណ​ស្វែង​រុករក​ធនធាន​រ៉ែ​ស្ថិត​នៅ​តំបន់​មេមត់ ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ដី​ទំហំ​ ១០៧,១០ ​គីឡូម៉ែត្រ​ក្រឡា និង​ក្រុមហ៊ុន អូរៀនថល វីសដឹម ខនសាល់ធីង សឺវីស (​ខេមបូឌៀ) ​អ៊ិនវេសមិន ឯ.ក (Original Wisdom Consulting Services (Cambodia) Investment Co, Ltd.) ជា​ក្រុមហ៊ុន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ និង​មាន​សិទ្ធិ​អាទិភាព​បន្ត​អនុវត្ត​នីតិវិធី​ក្នុង​ការផ្ដល់​អាជ្ញាប័ណ្ណ​ស្វែង​រុករក​ធនធាន​រ៉ែ ស្ថិតនៅ​តំបន់ភ្នំ​ប៉ាង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី លើ​ទំហំ​ដី ១០០ ​គីឡូម៉ែត្រ​ក្រឡា​។

លិខិត​ខាងលើ​ក៏បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទាំង​ ២ ត្រូវយក​លិខិតអនុញ្ញាត​ទៅ​បិទ​ផ្សាយ​នៅ​ទីស្នាក់ការ​រដ្ឋបាល​ឃុំ​ដែល​តំបន់​សម្បទាន​នេះ​ស្ថិតនៅ​ព្រម​ទាំង​តម្រូវឱ្យ​តំណាង​ក្រុមហ៊ុន​មក​ធ្វើ​ទំនាក់ទំនង​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​រយៈពេល​យ៉ាងយូរ​ត្រឹម ១៥ ​ថ្ងៃ​។

ជាមួយ​គ្នា​នេះ​ក្រសួង​រ៉ែ និង​ថាមពល​ក៏​បាន​បដិសេធ​ចំពោះ​ក្រុមហ៊ុន​ Xinruichang Mining Co., Ltd និង​ក្រុមហ៊ុន Asian Comfort Investment Co., Ltd ដែល​ក្រុមហ៊ុន​ទាំង ២ ​បាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​នៅ​តំបន់​មេមត់​ខាងលើ​ផងដែរ ដោយ​លើក​ហេតុផល​ថា ក្រុមហ៊ុន​ទាំង​ ២ មិនមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ទី​ ២៤ ខែធ្នូ ​ថា លទ្ធផល​ការជ្រើសរើស​នាពេលនេះ គឺ​កើតឡើង​បន្ទាប់ពី​ក្រសួង​រ៉ែ​បានប្រកាស​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​មក​ដាក់​ពាក្យស្នើសុំ​ការវិនិយោគ​ក្នុង​តំបន់​ទាំង​ ២ ដោយ​មាន​បញ្ជាក់​ពី​ជំនាញ បទពិសោធ និង​បច្ចេកទេស​ស្រាវជ្រាវ ដើម្បី​ឱ្យ​គណៈកម្មការ​របស់​ក្រសួង​ពិនិត្យ និង​វាយតម្លៃ​។ លោក​បន្តថា តំបន់​ទាំង​ ២ គឺជា​កន្លែង​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការរុករក​រ៉ែ​លោហៈ​ (​មាស​)​។

លោក​ថ្លែងថា​៖ «​មាន​ក្រុមហ៊ុន​ចំនួន ៤ បាន​ជាប់ Short List ប៉ុន្តែ​បន្ទាប់ពី​យើង​ត្រួតពិនិត្យ​នីតិវិធី​រួចមក ក្រសួង​បានជ្រើសរើស​ក្រុមហ៊ុន ២ ឱ្យ​ជាប់​ជយលាភី ដែល​អាច​បន្ត​នីតិវិធី​ដើម្បី​ទទួលបាន​អាជ្ញាប័ណ្ណ​ស្វែងរុករក​រ៉ែ​តំបន់​ខាងលើ​»​។

ទោះយ៉ាងណា​លោក មុនីរ៉ាត់ បញ្ជាក់ថា ការទទួលបាន​សិទ្ធិ​អាទិភាព​ពី​ក្រសួង​នៅពេល​នេះ​មិនមែន​មាន​ន័យ​ថា ក្រុមហ៊ុន​ទាំង​ ២ អាច​ចាប់ផ្តើម​ធ្វើ​សកម្មភាព​រុករក​រ៉ែ​នៅលើ​ទីតាំង​បាន​ភ្លាមៗ​ទេ ដោយ​នៅមាន​នីតិវិធី​ជាច្រើន​ទៀត​ដែល​ក្រុមហ៊ុន​ទាំង​ ២ ត្រូវធ្វើ ដូចជា​ការសិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន (EIA) និង​ផលប៉ះពាល់​ផ្សេងៗ​ទៀត​មុន​នឹង​ក្រសួង​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​វិនិយោគ​នៅ​ទីតាំង​ផ្ទាល់​។

លោក​ក៏បាន​កត់សម្គាល់ថា បើទោះបី​ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ក៏​ការស្នើសុំ​អាជ្ញាប័ណ្ណ​វិនិយោគ​លើ​ការរុករក​រ៉ែ​នៅ​កម្ពុជា​មិនបាន​ធ្លាក់ចុះ​នោះទេ​ដែល​វា​នឹង​រួមចំណែក​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

បើតាម​លោក មុនីរ៉ាត់ មកដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ប្រហែល ៥០ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នៅ​កម្ពុជា​។

Renaissance Minerals (Cambodia) Ltd គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Emerald Resources NL ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​អូស្ដ្រាលី​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​រោងចក្រ​កែច្នៃ​គម្រោង​រ៉ែ​មាស​អូរខ្វាវ នៅក្នុង​ខេត្ត​មណ្ឌលគិរី​ដោយ​រំពឹងថា នឹង​អាច​ទាញ​យក​រ៉ែ​មាស​បាន​នៅ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១​។ ចំណែក Original Wisdom Consulting Services (Cambodia) Investment Co., Ltd) គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ចិន​ជាមួយ​កម្ពុជា​។ នេះ​បើតាម​លោក មុនីរ៉ាត់​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួល​បាន​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​ (​ប្រាក់កម្រៃ​អាជ្ញាប័ណ្ឌ និង​ពី​សួយសារ​ធនធាន​រ៉ែ​) ​ប្រមាណ ២១​ លាន​ដុល្លារ ខណៈ​ឆ្នាំ​ ២០១៨ មាន​ប្រមាណ ២០ ​លាន​ដុល្លារ​។ ​នេះ​បើតាម​របាយការណ៍​ក្រសួង​រ៉ែ និង​ថាមពល​៕