ភ្នំពេញ: ក្រុមហ៊ុនតៃវ៉ាន់ TST Group Holding Ltd គ្រោងពង្រីករោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីគេចពីការបិទដំណើរការដោយសារកូវីដ ១៩ ដោយគ្រោងវិនិយោគក្នុងទំហំទឹកប្រាក់ ២០ លានដុល្លារ ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ខ្លួន។ នេះបើតាមទីភ្នាក់ងារព័ត៌មានជប៉ុន NNA។
ស្របពេលចង្វាក់ផ្គត់ផ្គង់ត្រូវបានផ្អាកនៅចិនដោយសារការរីករាលដាលនៃវីរុសកូវីដ ១៩ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនេះ តែងតែមានផែនការធ្វើពិពិធកម្ម និងបង្កើនពាណិជ្ជកម្មរបស់ខ្លួននៅក្រៅប្រទេស។
អ្នកនាំពាក្យក្រុមហ៊ុននេះបានប្រាប់ NNA ថា៖ «ការផ្ទុះនៃវីរុសកូវីដ ១៩ នេះបានជំរុញឲ្យពួកយើងបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត»។
លោកស្រីបន្តថាក្រុមហ៊ុនរំពឹងថា ផលិតផលសម្លៀកបំពាក់នៅកម្ពុជានឹងបង្កើតបានប្រាក់ចំណូលប្រចាំខែ ៩,៩ លានដុល្លារពីអតិថិជនថ្មីៗ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការកើនឡើងទិសដៅទីផ្សារនាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ និងផលិតផលធ្វើដំណើររបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក និងកាណាដាជាកត្តាចម្បងក្នុងការទាក់ទាញវិនិយោគិន បើទោះបីជាសហភាពអឺរ៉ុបសម្រេចដក EBA មួយផ្នែកពីកម្ពុជាក៏ដោយ។
លោកបន្ថែមថាកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលកំពុងទទួលបានផលប្រយោជន៍នៃការបង្វែរផលិតកម្មចេញពីប្រទេសចិន ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន និងការផ្ទុះវីរុសកូវីដ ១៩។
លោកថ្លែងថា៖ «យើងបានព្យាករថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនឹងកើនឡើងនៅឆមាសទី ២ ឆ្នាំនេះ ដោយសារ GSP និងស្ថានភាពនៃជំងឺកូវីដ-១៩ និងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនមិនទាន់ធូរស្រាល»។ លោកបន្តថា អាមេរិកនឹងបញ្ជាទិញសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរច្រើនពីកម្ពុជាឆ្នាំនេះហើយការនាំចេញទៅចិនក៏នឹងកើនផងដែរ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អាមេរិកជាទីផ្សារនាំចេញធំបំផុតសម្រាប់កម្ពុជាដោយកម្ពុជាបាននាំចេញរហូត ២៩,៦ ភាគរយនៃការនាំចេញសរុបកាលពីឆ្នាំមុន។
ប្រទេសជប៉ុនឈរនៅលំដាប់ទី ២ នៃទិសដៅនាំចេញរបស់កម្ពុជាដែលមាន ៧,៧ ភាគរយតាមពីក្រោយអាលឺ្លម៉ង់ ៧,២ ភាគរយ ចិន ៦,៩ ភាគរយ និងអង់គ្លេស ៦,៦ ភាគរយ។
ក្រុមហ៊ុន TST Group និយាយថា ការពង្រីកនេះដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនដែលនឹងគូសវាសផែនការលម្អិតនៅឆមាសទី ២ ឆ្នាំ ២០២០។ រោងចក្រកាត់ដេរនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅឆមាសទី ២ ឆ្នាំ ២០២១។ នេះបើតាមប្រធានក្រុមហ៊ុនដែលត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Taiwan Central New។
ក្រុមហ៊ុនដែលបានផ្គត់ផ្គង់ក្រណាត់ឲ្យម៉ាកល្បីមួយចំនួនរួមមាន Adidas Puma និង Gap មានផែនការបង្កើតឲ្យមានការវិនិយោគរួមជាមួយដៃគូក្នុងស្រុកដែលចុះបញ្ជីនៅសិង្ហបុរីដោយបានកាន់កាប់ហ៊ុន ៥១ ភាគរយក្នុងរោងចក្រកាត់ដេរនេះ។ នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុន TST Group។
ក្រុមហ៊ុន TST Group កំពុងស្វែងរកឱកាសរួមបញ្ចូលគ្នានៅតំបន់អាស៊ីអាគ្នេយ៍នៅពេលអនាគត ដោយសង្ឃឹមថានឹងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំជាង ២ ដងក្នុងឆ្នាំ ២០២០ គឺ ១៤ ពាន់លានដុល្លារតៃវ៉ាន់ ក្រុមហ៊ុនចុះក្នុងផ្សារហ៊ុនតៃប៉ិនេះមានគោលបំណងធ្វើសមាហរណកម្មរោងចក្រវាយនភណ្ឌ និងកាត់ដេរនៅកម្ពុជាដែលក្រុមហ៊ុន Top Sports Textile Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជាបានដំណើរប្រតិបត្តិការរោងចក្រតម្បាញក្រណាត់ និងជ្រលក់ពណ៌។ នេះបើតាមសារព័ត៌មាន NNA។
ទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជាមានតម្លៃ ១៤,- ៦៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈការនាំចូលមកកម្ពុជាវិញ ២២,៣៤ ពាន់លានដុល្លារ។
ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជារួមមាន វាយនភណ្ឌ ស្បែកជើង អង្ករ និងកង់ ហើយនាំចូលមកវិញនូវប្រេងឥន្ធនៈ រថយន្ត គ្រឿងសំណង់ អាហារនិងភេសជ្ជៈ ព្រមទាំងវត្ថុធាតុដើមបម្រើឲ្យវិស័យកាត់ដេរសម្លៀកពាក់។ នេះបើតាមរបាយការណ៍ NBC៕