ស៊ីដនីៈ BHP ជា​​ក្រុមហ៊ុន​រ៉ែ​ធំ​ជាង​គេ​របស់​ពិភព​លោក​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ចក្ខុវិស័យ​សម្រាប់​ផលិតកម្ម​ធ្យូង​ថ្ម​ «​នឹង​ប្រឈម​បញ្ហា​​» និង​មិន «​មាន​​កំណើន​តម្រូវការ​​» នោះ​ទេ​ ដោយសារ​​ក្រុមហ៊ុន​នេះ​បាន​​ស្វែងរក​​ការ​ទាញ​យក​ប្រយោជន៍​​ពី​ឱកាស​​នៅ​ក្នុង​វិស័យ​អគ្គិសនី​ និង​ថាមពល​កកើត​ឡើង​វិញ​។​

ក្រុមហ៊ុន​រ៉ែ​មួយ​នេះ​បាន​បញ្ជាក់​ពី​យុទ្ធសាស្ដ្រ​រយៈពេល​វែង​របស់​ខ្លួន​ ជា​ច្រើន​ខែ​បន្ទាប់​ពី​​ក្រុមហ៊ុន​រ៉ែ​សំខាន់ៗ​​ផ្សេង​ទៀត​លើ​ពិភព​លោក​ដែល​រួម​មាន​​ក្រុមហ៊ុន​ Glencore និង​ Rio Tinto​ ​ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​​កម្រិត​ ឬ​ការ​ងាក​ចេញ​ពី​ការ​ផលិត​​ធ្យូង​ថ្ម​។​

លោក​​ Peter Beaven ​ប្រធាន​ផ្នែក​​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុន ​BHP ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា​៖ «​ធ្យូង​​​គួរ​តែ​រក្សា​បាន​នូវ​ទីផ្សារ​ដ៏​ធំ​មួយ​ ប៉ុន្តែ​​នៅ​ពេល​ណា​មួយ ​យើង​រំពឹង​ថា វា​នឹង​កើន​ឡើង​ និង​បន្ទាប់​មក​ធ្លាក់​ចុះ​​ដោយសារ​តែ​ឧបសគ្គ​ធំៗ»។​

នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​មួយ ​លោក ​ Beaven បាន​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ​BH​P ថា​ ទ្រព្យ​​សកម្ម​ធ្យូង​ថ្ម​ ត្រូវ​បាន​ប្រឈម​បញ្ហា​ និង​អាច​បញ្ឈប់​ការ​ប្រើប្រាស់ ​ប្រហែល​ជា​​លឿន​​ជាង​ការ​រំពឹង​ទុក​ ដោយសារ​តែ «​មិន​មាន​កំណើន​តម្រូវ​ការ​»។

ក្រុមហ៊ុន​អង់គ្លេស​​ និង​អូស្ដ្រាលី​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា​ និន្នាការ​ដ៏​សំខាន់​ ​២​ ការ​ចាប់​យក​​អគ្គិសនី​ និង​ការ​​ងាក​ចេញ​​ពី​រោងចក្រ​ថាមពល​ដំណើរការ​ដោយ​ឥន្ធនៈ​ហ្វូស៊ីល​មាន​​ន័យ​ថា ​នឹង​មាន​តម្រូវ​ការ​លើ​​រ៉ែ​នីកែល​ រ៉ែ​ស្ពាន់ ​និង​ទ្រព្យ​សកម្ម​​ប្រេង​របស់​ខ្លួន​។​

លោក​​បន្ថែម​ថា​៖ «​យើង​មាន​ជម្រើស​​​លើ​រ៉ែ​ស្ពាន់​ និង​ប្រេង​ ប៉ុន្តែ​យើង​ត្រូវ​​ការ​ច្រើន​ទៀត​ ហើយ​យើង​​មាន​ចំណាប់​អារម្មណ៍​​​ក្នុង​បន្ថែម​ធនធាន​រ៉ែ​នីកែល​ ស្ពាន់ធ័រ​ដល់​ផលបត្រ​វិនិយោគ​​របស់​យើង។ ដូច្នេះ​យើង​គួរ​​បន្ត​ក្នុង​ការ​​បន្ថែម​ជម្រើស​ការ​រុករក​​​ក្នុង​វិស័យ​ទាំង​​នេះ​»។​ BHP បាន​បន្ថែម​ថា ​សារធាតុ​ប៉ូតាស្យូម​កាបូណាត​ ដែល​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ជី​ ជា​ជម្រើស​កំណើន​ដ៏​មាន​តម្លៃ​» ព្រោះ​វា​បាន​រួម​ចំណែក​ដល់​ការ​ប្រើប្រាស់​ដី​​ប្រកប​ដោយ​ស្ថិរភាព និង​សន្ដិសុខ​ស្បៀង​៕AFP/LA