ក្រុងស៊ីដនីៈ ក្រុមហ៊ុន​រ៉ែ Rio Tinto របស់​ប្រទេស​អង់គ្លេស​ និង​អូស្ត្រាលី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​វិនិយោគ ៧៤៩ ​លាន​ដុល្លារ ដើម្បី​ពង្រីក​ផលិតកម្ម​នៅ​អណ្តូងរ៉ែ​ដែក​មួយ​នៅ​តំបន់​ដាច់ស្រយាល Pilbara នៅ​អូស្ត្រាលី​។

ក្រុមហ៊ុន Rio Tinto បាន​ឲ្យ​ដឹងថា សាច់ប្រាក់​នេះ​នឹង​ត្រូវ​ចំណាយ​លើ​ម៉ាស៊ីន​កម្ទេច​ និង​កិនបំបែក​ថ្ម​រ៉ែ​ថ្មី​មួយ និង​ប្រព័ន្ធ​ខ្សែ​ពាន​ដឹកជញ្ជូន​រ៉ែ (conveyor) ប្រវែង ១៣ គីឡូម៉ែត្រ​ នៅ​អណ្តូងរ៉ែ Western Turner Syncline ដំណាក់កាល​ទី​ ២ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ Greater Tom Price របស់​ខ្លួន​ក្នុង​រដ្ឋ Western Australia​។

ក្រុមហ៊ុន​រ៉ែ​នេះ​បាន​អះអាង​ថា ប្រព័ន្ធ​ខ្សែ​ពាន​ដឹកជញ្ជូន​រ៉ែ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ចំនួន ៣,៥ ភាគរយ​ ធៀប​នឹង​ការដឹកជញ្ជូន​រ៉ែ​ដែរ​តាមផ្លូវ​គោក​។

ក្រុមហ៊ុន Rio បាន​ប្តេជ្ញាចិត្ត​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន និង​បង្កើត​គោលនយោបាយ​នានា​ដែល​មាន​បំណង​ដើម្បី​ដាក់​កម្រិត​ការប្រែប្រួល​អាកាសធាតុ​។

ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ក្រុមហ៊ុន​របស់ខ្លួន​ក៏​កំពុង «​បន្ត​វាយតម្លៃ​លើ​ជម្រើស​បន្ថែម​នានា ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផងដែរ រួមទាំង​ដំណោះស្រាយ​ថាមពល​កកើត​ឡើងវិញ​»​។

ការសាងសង់​រចនាសម្ព័ន្ធ​វិនិយោគ​ថ្មី​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំក្រោយ ដោយ​រង់ចាំ​ការអនុម័ត​ជា​ចុងក្រោយ​ពី​រដ្ឋាភិបាល ហើយ​រ៉ែ​ដែក​ដំបូង​ត្រូវបាន​រំពឹង​ថា​នឹង​ត្រូវ​បាន​កិនបំបែក​នៅ​ឆ្នាំ​ ២០២១​។

រថយន្ត​ដឹក​រ៉ែ​ទាំងអស់​ក៏​នឹង​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ស្វ័យ​បើកបរ​ផងដែរ​នៅ​ត្រឹម​ឆ្នាំ​ ២០២១ ជា​ផ្នែក​មួយ​នៃ​គម្រោង​នេះ​៕ KC