ភ្នំពេញ: ក្រុមហ៊ុន​ម៉ាកយីហោ​ល្បីៗ​មួយចំនួន​រួមមាន H&M, Adidas, Puma និង Gap ព្រមទាំង​ក្រុមហ៊ុន​ផលិត​កង់​ឯកទេស​អាមេរិក និង​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ក្នុងស្រុក Chip Mong Insee បាន​បង្ហាញ​ការព្រួយបារម្ភ​ថា ការទាញ​ថាមពល​អគ្គិសនី​ពី​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​របស់​ប្រទេស​កម្ពុជា ​នឹង​ប៉ះពាល់​ដល់​ភាព​ទាក់ទាញ​ការវិនិយោគ​។

ក្នុង​លិខិត​ត្រៀម​នឹង​ផ្ញើជូន​រដ្ឋាភិបាល​ត្រូវ​បាន​រាយការណ៍​ដោយសារ​ព័ត៌មាន Nikkei Asian Review ថា ក្រុមហ៊ុន​ទាំងនោះ​បាន​ព្រមាន​ថា ការទាញ​ថាមពល​អគ្គិសនី​ពី​រោងចក្រ​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ជំនួស​ឲ្យ​ថាមពល​កកើតឡើង​វិញ ដូចជា​ថាមពល​សូឡា និង​ខ្យល់​បាន​ធ្វើឲ្យ​ប៉ះទង្គិច​ដល់​គោលដៅ​របស់​ពួកគេ​ក្នុង​ការកាត់បន្ថយ​ការបំភាយ​កាបូន​។

លិខិត​បាន​សរសេរ​ថា​៖ «​ការសម្រេចចិត្ត​លើ​វិស័យ​អគ្គិសនី​ធ្វើឡើង​នៅថ្ងៃនេះ​នឹង​ចាក់សោ​ប្រទេស​កម្ពុជា​ នៅពេល​អនាគត​ដែល​មើល​ទៅ​ផ្ទុយ​ពី​និន្នាការ​ក្នុង​តំបន់ និង​ពិភពលោក​ដែល​នឹង​មិន​សូវ​ទាក់ទាញ​ឧស្សាហកម្ម​របស់​ពួកយើង​»​។

លិខិត​បន្តថា​៖ «​បណ្តា​ប្រទេស​ជាច្រើន​បាន​ផ្តល់​អាទិភាព​ដល់​ថាមពល​កកើត​ឡើងវិញ និង​ថាមពលបៃតង​នៅពេល​អនាគត ដើម្បី​បញ្ចៀស​ការខ្ជះខ្ជាយ​ប្រាក់​លើ​បច្ចេកវិទ្យា​ហួស​សម័យ​ដែល​នឹង​ឈប់​ប្រើប្រាស់ និង​មាន​តម្លៃ​ថ្លៃ​»​។

ទោះបី​ជា​បែបនេះ​ក្តី លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​នាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​ចាំចាច់​ធ្វើ​ពិពិធកម្ម​ថាមពល ដើម្បី​រក្សា​សន្តិសុខ​នៃ​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅក្នុង​ប្រទេស​។

លោក​បន្តថា រាល់​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា រដ្ឋាភិបាល​តែងតែ​គិតពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​។

លោក​ថ្លែងថា​៖ «​ជាទូទៅ ដើម្បី​ឲ្យ​មាន​សន្តិសុខ​ក្នុង​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់​អ្នកប្រើប្រាស់ ប្រជាពលរដ្ឋ បណ្តា​ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម​នានា យើង​ទាមទារ​ធ្វើ​ពិពិធកម្ម​ថាមពល​ពី​ប្រភព​ផ្សេងៗ​ដូចជា ទំនប់​វារីអគ្គិសនី រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម និង​ពី​ថាមពល​សូឡា​ជាដើម​»​។

លោក​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ក៏បាន​អភិវឌ្ឍ​គម្រោង​ថាមពល​សូឡា​ដែល​មាន​អានុភាព​សរុប​ ៤៥០ ​មេហ្គាវ៉ា់ត់​ក្នុង​នោះ​ ១៨០ ​មេហ្គាវ៉ាត់​បាន​តភ្ជាប់​មក​បណ្តាញ​ជាតិ​រួចរាល់​ហើយ​។

ក្រុមហ៊ុន H&M បាន​ប្រាប់​សារព័ត៌មាន Nikkei Asian Review ថា​សម្រាប់​បញ្ហា​បរិស្ថាន និង​សេដ្ឋកិច្ច​បែបនេះ ក្រុមហ៊ុន​កំពុង​ធ្វើការ​វាយតម្លៃ​ឡើងវិញ​នៃ​យុទ្ធសាស្ត្រ​ផលិតកម្ម​នៅពេល​អនាគត​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​ដែល​ចង់​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅក្នុង​ផលិតកម្ម​កាត់ដេរ​របស់​ខ្លួន​ត្រឹម​កម្រិត ៥៩ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧ ឲ្យ​បាន​មុន​ឆ្នាំ ២០៣០ បាន​បន្ថែមថា​៖ «​ប្រទេស​ទាំងឡាយ​ដែល​មើលឃើញ​ប្រភព​ធ្យូងថ្ម​ជា​ប្រភព​ថាមពល​ដែល​អាច​ឋិតថេរ​សម្រាប់ អនាគត​នឹង​ខាត​ប្រយោជន៍​»​។

បើ​យោងតាម​លោក ហ្សូនា សព្វថ្ងៃ​រោងចក្រ​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​បាន​ផ្គត់ផ្គង់​ថាមពល​ប្រមាណ ៣២ ​ភាគរយ ថាមពល​ពី​វារីអគ្គិសនី​មាន​ចន្លោះ​ពី ៣៤ ​ទៅ​ ៤០ ​ភាគរយ ហើយ​ក្រៅពី​នេះ​ជា​ថាមពល​កកើត​ឡើងវិញ និង​ប្រភព​នាំចូល​ពី​ប្រទេស​ជិតខាង​កម្ពុជា​៕ LA