ភ្នំពេញៈ​ ក្រុម​ហ៊ុន​ដែល​នៅ​ពី​​ក្រោយ​ការ​វិ​និ​យោគ​កោះ​សង្សារ​បាន​ប្រ​កាស​គ​ម្រោង ​វិ​និ​យោគ​កន្លែង​លម្ហែ​កាយ​ថ្មី​មួយ​ទៀត​ក្នុង​តម្លៃ​ជាង​ ២៥០ ​លាន​​ដុ​ល្លារ​ក្នុង​ខេត្ត​សៀម​រាប​ ដើ​ម្បី​ចាប់​យក​អត្ថ​ប្រ​យោជន៍​ពី​កំ​ណើន​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​តំ​បន់​ប្រ​វត្តិ​សាស្ត្រ​មួយ​នេះ​។​​

គម្រោង​អភិ​វឌ្ឍន៍​រ​ម​ណី​យ​ដ្ឋាន​អេ​កូ​ទេស​ចរណ៍​ដែល​មាន​ឈ្មោះ​ថា​ Song Saa Reserve នេះ​បាន​ប្រ​កាស​ស្វែង​រក​ដៃ​គូ​វិ​និ​យោគ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ​ដោយ​រំ​ពឹង​ថា​នឹង​ក្លាយ​ជា​រ​ម​ណី​យ​ដ្ឋាន​អេ​កូ​ទេស​ចរណ៍​ធំ​បំ​ផុត​ក្នុង​ប្រ​ទេស​ កម្ពុជា ​​ក្នុង​​រយៈ​ពេល​ ៣ ទៅ​ ៥ ឆ្នាំ​ខាង​មុខ។

​គម្រោង​​ដែល​មាន​​​ចម្ងាយ​​ជាង ១​​ គី​ឡូ​ម៉ែត្រ​ពី​ប្រា​សាទ​បន្ទាយ​ស្រី និង​ជាង ១៩​ គី​ឡូ​ម៉ែត្រ​ពី​ភ្នំ​គូ​លែន ដែល​នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃ​ដី​ទំ​ហំ ​១២៥ ​ហិក​តា ​ដោយ​មាន​​បឹង​ធម្ម​ជាតិ​ទំ​ហំ​ ៣៥​ ហិក​តា​។ ​គម្រោង​នេះ​​​រួម​មាន​ការ​សាង​សង់​​​សណ្ឋា​គារ ​​វី​ឡា និង​​សម្ភារ​រូប​វន្ត​ជា​ច្រើន​​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​វិ​ស័យ​បដិ​សណ្ឋារ​កិច្ច​។ នេះ​បើ​យោង​តាម​សេច​ក្តី​ប្រ​កាស​របស់​ក្រុម​ហ៊ុន។

លោក Rory Hunter​អគ្គ​នា​យក ​និង​ជា​ស្ថាប​និក​ក្រុម​ហ៊ុន Song Saa Collective ដែល​ជា​​ក្រុម​ហ៊ុន​អភិ​វឌ្ឍ​គម្រោង កោះ​សង្សារ​ ​ដែល​មាន​តម្លៃ​ខ្ពស់​​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​ បាន​កត់​​សម្គាល់​ថា ​ការ​អភិ​វឌ្ឍ​គម្រោង​ថ្មី​​នេះ ដើ​ម្បី​ចាប់​យក​ភ្ញៀវ​​ទេស​ចរ​​ដែល​កំ​ពុង​កើន​ឡើង​​ក្នុង​ខេត្ត​សៀម​រាប។

លោក​​ថ្លែង​ថា៖ «​ចាប់​តាំង​ពី​ខ្ញុំ​មក​ដល់​​កម្ពុជា​ក្នុង​ឆ្នាំ​ ២០០៥ ខ្ញុំ​បាន​ប្តេ​ជ្ញា​ចិត្ត​ចំ​ពោះ​ការ​អភិ​វឌ្ឍ​ប្រ​ទេស​នេះ​ក្នុង​រ​បៀប​មួយ​ដែល​មាន​ការ​រួម​បញ្ចូល ​និង​បន្ស៊ី​ទៅ​នឹង​អត្ថ​ប្រ​យោជន៍​ភា​គី​ពាក់​ព័ន្ធ​ទាំង​អស់ ដើ​ម្បី​បង្ហា​ញ​ទៅ​​ពិ​ភព​លោក​ថា​ តើ​ប្រ​ទេស​នេះ​ពិ​សេស​យ៉ាង​ណា?»។

នេះ​គឺ​ជា​គម្រោង​ទី ២​ ដែល​ផ្តួច​ផ្តើម​ដោយ​លោក Rory ​Hunter​ បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​អភិ​វឌ្ឍ​គម្រោង​​រ​ម​ណីយ​ដ្ឋាន​តំ​បន់​ឆ្នេរ Song Saa Private Island ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ដែល​ជា​ទី​តាំង​សម្រាក​កម្សាន្ត​សម្រាប់​ភ្ញៀវ​ទេស​ចរ​មាន​ប្រាក់​ច្រើន និង​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ពិ​ភព​លោក​រួច​មក។

បើ​តាម​លោក Rory Hunter បច្ចុ​ប្បន្ន​នេះ​កោះ​សង្សា​​រ​បាន​ក្លាយ​ជា​កន្លែង​សម្រាក​កម្សាន្ត​លំ​ដាប់​កំ​ពូល​ទាំង​ ១០ ​ទូ​ទាំង​ពិ​ភព​លោក​។

លោក​ស្រី​ អាន​ សុ​ធី​តា ​នា​យិ​កា​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ ​CBRE Cambodia ​ដែល​ជា​ភ្នាក់​ងារ​​​ទទួល​ខុស​ត្រូវ​លើ​ ការ​​លក់​គម្រោង​ Song Saa Reserve ផ្តាច់​មុខ​​បាន​ថ្លែង​ថា ​បន្ទាប់​ពី​ប្រ​កាស​បើក​លក់​គម្រោង​នេះ​ក្នុង​ប្រ​ទេស​ កម្ពុជា ​រួច​ហើយ​ ក្រុម​ហ៊ុន​របស់​លោក​ស្រី​​នឹង​ចាប់​ផ្តើម​ធ្វើ​​យុទ្ធ​នា​ការ​ទី​ផ្សារ​នៅ​ទី​ក្រុង​ ហុង​កុង​ ទី​ក្រុ​ង ​​​ស៊ាង​ហៃ និង​ប្រ​ទេស​ សិង្ហ​បុ​រី​។

លោក​ស្រី​បន្ត​ថា ៖​ «​រហូត​មក​ដល់​ពេល​នេះ​មាន​ក្រុម​ហ៊ុន​​វិ​និ​យោគ​ក្នុង​ផ្នែក​ប​ដិ​សណ្ឋារ​កិច្ច​ នៅ​បរ​ទេស​ចំ​នួន​ ២-៣​ កំ​ពុង​ចាប់​អារ​ម្មណ៍​​ក្នុង​ការ​ចូល​មក​វិ​និ​យោគ​ចំ​ពោះ​គម្រោង​នេះ»​។

លោក​ស្រី​ ឆាយ​ ស៊ីវ​លីន ​ប្រ​ធាន​​ស​មា​គម​ទី​ភ្នាក់​ងារ​ទេស​ច​រណ៍​កម្ពុជា​ បាន​ឲ្យ​ដឹង​​​ថា កំ​ណើន​ភ្ញៀវ​ទេស​ចរ​កំ​ពុង​ធ្វើ​ឲ្យ​កម្ពុជា​ប្រ​ឈម​​​នឹង​​កង្វះ​​ខាត​ផលិត​ផល​​ទេស​ចរណ៍​ជា​ច្រើន​ ពិ​សេស​តំ​បន់​នៅ​ឆ្ងាយ​ៗ​។ គម្រោង​នេះ​នឹង​ចូល​រួម​ចំ​ណែក​ធ្វើ​ឲ្យ​វិ​ស័យ​ទេស​ចរណ៍​ក្នុង​តំ​បន់​ប្រា​សាទ​បន្ទាយ​ស្រី​កាន់​តែ​​មាន​ភាព​ទាក់​ទាញ​បន្ថែម​ទៀត។

លោក​ស្រី​​​ថ្លែង​៖ ​«​ខ្ញុំ​សូម​​គាំ​ទ្រ​​ចំ​ពោះ​ការ​អភិ​វឌ្ឍ​ផលិត​​ផល​ដែល​គាំ​ទ្រ​ដល់​វិ​ស័យ​​ទេស​ចរណ៍​ ហើយ​ស្ថិត​នៅ​​ឆ្ងាយ​ពី​ទី​ក្រុង​បែប​នេះ ព្រោះ​​វា​នឹង​ផ្តល់​នូវ​កន្លែង​ស្នាក់​នៅ​​សម្រាប់​ភ្ញៀវ ព្រម​ទាំង​អាច​ផ្តល់​​នូវ​បទ​ពិ​សោធ​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ផ្ទា​ល់»។​​

ទិន្ន​ន័យ​​ក្រ​សួង​ទេស​ចរ​ណ៍ ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​ ៨ ​ខែ​ ឆ្នាំ​ ២០១៨ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​​ជាង​ ៣,៩ ​​លាន​នាក់​កើន​ឡើង ១១​,៧​​ ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០១៧។​

កាល​​ពី​ឆ្នាំ​ ២០១៧ ​​គ្រាន់​តែ​សៀម​រាប​មួយ​​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​បរ​ទេស​​ជិត ២,៥ លាន​​នាក់​ កើន​ឡើង​ ១១,៤ ​ភាគ​​​រយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១​៦​​៕