ភ្នំពេញៈ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​គ្រប់គ្រង​ភាគហ៊ុន​ ២១ ​ភាគរយ​ នៅ​ក្រុមហ៊ុន Cambodia Airports គឺ MUHIBBAH Engineering Bhd រំពឹងថា​ខ្លួន​នឹង​ទទួលបាន​កំណើន​កាន់តែ​ខ្ពស់​ពី​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ក្រោយនេះ ខណៈ​ដែល​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩​បាន​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក​។

យោងតាម​ប្រព័ន្ធ​ព័ត៌មាន​អនឡាញ Malaysia Reserve ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១ ខែ​មេសា​ថា កម្មវិធី​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​វីរុស​កូរ៉ូណា​ទូទាំង​ពិភពលោក​ប្រកប​ដោយ​ជោគជ័យ​នឹង​ជួយ​កំណត់​អត្រា​ការស្ទុះ​ងើបឡើង​ទំហំ​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​អាកាស ដែល​អាច​បង្កើន​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​មួយ​នេះ​ពី​អាជីវកម្ម​សម្បទាន​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា​។

ប្រព័ន្ធ​ព័ត៌មាន​នេះ​លើកឡើង​ថា​៖ «​យើង​មាន​ទស្សនៈ​ថា ចក្ខុវិស័យ​កាន់កាប់​ ២១ ​ភាគរយ​នៃ​ព្រលានយន្តហោះ​របស់​កម្ពុជា ដែល​មាន​ចំនួន​លើសលប់​រហូតដល់​ ៧០ ​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​នឹង​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរៗ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ក្រោយ ដោយសារ​តែ​ការបង្កើន​ល្បឿន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ជំរុញ​ឱ្យ​មាន​ការធ្វើដំណើរ​ឆ្លងកាត់​ពិភពលោក ជាពិសេស​ប្រទេស​ចិន អាមេរិក​ និង​អាស៊ីអាគ្នេយ៍​»​។

ក្រុមហ៊ុន​មួយ​នេះ​សង្ឃឹមថា នៅពេល​ព្រំដែន​ទាំងអស់​បើកចំហ​ឡើងវិញ នឹងមាន​ការកើនឡើង​ការធ្វើដំណើរ​តាម​ផ្លូវ​អាកាស​ជា​អន្តរជាតិ ជាពិសេស​អ្នកដំណើរ​ជា​ជនជាតិ​ចិន​។

ក្រុមហ៊ុន​នេះ​បន្តថា​៖ «​យើង​សន្និដ្ឋានថា បាតុភូត​នេះ​ទំនង​ជា​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំហំ​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​អាកាស​សម្រាប់​ក្រុមហ៊ុន​ Cambodia Airports របស់​ប្រទេស​កម្ពុជា​។ យើង​កត់សម្គាល់​ថា ប្រហែល​ជា​ ១ ​ភាគ​ ៣ ​នៃ​អ្នកដំណើរ​ទៅ​ព្រលានយន្តហោះ គឺជា​ជនជាតិ​ចិន​។ អាស្រ័យ​ហេតុនេះ សម្ទុះ​នៃ​ការស្ទុះ​ងើបឡើង​វិញ​នៃ​ប្រាក់ចំណូល សម្រាប់​ក្រុមហ៊ុន​ត្រូវបាន​មើលឃើញ​នឹង​មាន​ភាពវិជ្ជមាន​ឆ្ពោះទៅមុខ ដោយ​ពឹង​ផ្អែកលើ​ការស្ទុះ​ងើប​ឡើង​វិញ​ក្នុង​កំណើន​តម្លៃ​សំបុត្រ​យន្តហោះ​នៅក្នុង​តំបន់ និង​ទំហំ​ការធ្វើ​ចរាចរណ៍​នៅក្នុង​ព្រលានយន្តហោះ​របស់​កម្ពុជា​»​។

លោក ខែក នរិន្ទដា នាយក​ផ្នែក​ទូរគមនាគមន៍ និង​ទំនាក់ទំនង​សាធារណៈ​នៅក្នុង​ក្រុមហ៊ុន Cambodia Airports បានឱ្យ​ដឹងថា វា​ជា​ការឆាប់​ពេក​ក្នុង​ការវាយតម្លៃ​អំពី​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​អាកាស​នាពេលនេះ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ មិនទាន់​គ្រប់គ្រង​បាន ខណៈ​ដែល​ករណី​ឆ្លង​នៅក្នុង​ប្រទេស​កម្ពុជា នៅពេល​នេះ​កំពុង​កើនឡើង​។

លោក​បញ្ជាក់​៖ «​វា​ឆាប់​ពេក​មិនអាច​មាន​ការវាយតម្លៃ​ច្បាស់លាស់​មួយ​អំពី​ការធ្វើ​ចរាចរណ៍​តាមផ្លូវ​អាកាស នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ ​បានទេ ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខនេះ​។ ស្ថានការ​ជំងឺ​កូវីដ​ ១៩ មាន​ភាពប្រែប្រួល​រហ័ស​បំផុត​លើ​ពិភពលោក ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ការកើតឡើង​ថ្មីៗ និង​ការចាប់ផ្ដើម​ការចាក់​វ៉ាក់សាំង​គឺ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ​។ នៅពេល​នេះ​ការរឹតបន្តឹង​តាម​ព្រំដែន​ និង​ការតម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក​បាន​រារាំង​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​»​។

លោក​បន្ថែម​៖ «​ជារួម​ក្នុង​នាម​ជា​ក្រុមហ៊ុន​មួយ​មាន​ចក្ខុវិស័យ​រយៈពេល​វែង យើង​នៅតែ​ជឿជាក់​លើ​ឱកាស​អាជីវកម្ម និង​ទេសចរណ៍​ដែល​បានផ្ដល់​ដោយ​ប្រទេស​កម្ពុជា ហើយ​នោះ​ជា​មូលហេតុ​ដែល​យើង​បាន​ធានាថា ការវិនិយោគ​របស់​យើង គឺ​ស្រប​ទៅ​តាម​សក្ដានុពល​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​»​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល (SSCA) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ខែ​មុន​ថា ទោះបីជា​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ ក៏​អ្នកដំណើរ​នៅលើ​ពិភពលោក​នៅតែមាន​ភាព​ប្រុងប្រយ័ត្ន និង​ស្ទាក់ស្ទើរ​ក្នុង​ការធ្វើ​ដំណើរ​តាម​យន្តហោះ​។

លោក​ថ្លែង​៖ «​វិស័យ​អាកាសចរណ៍​មិនទាន់​មានភាព​ល្អប្រសើរ​នៅឡើយ​ទេ ដោយសារ​តែ​ការបារម្ភ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។ ដូច្នេះ​ភាពមិន​ច្បាស់លាស់​នៅតែមាន ហើយ​យើង​សង្ឃឹម​ថា ប្រសិនបើ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩​ បង្ហាញ​ប្រសិទ្ធភាព ឧស្សាហកម្ម​មួយ​នេះ​នឹង​បង្ហាញ​ការរីកចម្រើន​គួរឱ្យ​កត់សម្គាល់​ជាមិនខាន​»​។

យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួង​ទេសចរណ៍​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​តាមផ្លូវ​អាកាស​ឆ្លងកាត់​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ ​របស់​ប្រទេស​កម្ពុជា រួមមាន ព្រលានយន្តហោះ​ភ្នំពេញ​អន្តរជាតិ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចំនួន​ ៨២,៨ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២០ ​ដែលមាន​ជាង​ ៧៥ ​ម៉ឺន​នាក់​ធៀប​នឹង​ជាង​ ៤,៤ ​លាន​នាក់​នៃ​ឆ្នាំ​ ២០១៩៕LA