ភ្នំពេញៈ ក្រុមហ៊ុន​វីង និង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) កាលពី​ម្សិលមិញ​បាន​សហការ​គ្នា​ផ្តល់​សេវា​ចំណាយ​អេឡិចត្រូនិក​សម្រាប់​សេវា​រថយន្តក្រុង​ដើម្បី​ធ្វើឲ្យ​ការធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​កាន់តែ​មាន​ភាព​ឆ្លាតវៃ និង​ងាយស្រួល​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​រដ្ឋាករ​ស្វយ័ត​មួយ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​សហប្រតិបត្តិការ​លើក​ដំបូង​របស់​ខ្លួន​នេះ​ក្រុមហ៊ុន វីង នឹង​ផ្តល់​ជូន​អតិថិជន​នូវ​កាត ២ ប្រភេទ គឺ​កាត​ពណ៌​ខៀវ និង​ពណ៌​បៃតង​ដែល​អាច​ឲ្យ​អតិថិជន​ប្រើប្រាស់​សេវា​រថយន្តក្រុង​ដោយ​គ្រាន់តែ​ឆូត​កាត​សម្រាប់​ការចំណាយ​ជាការ​ស្រេច​។

ជាមួយ​នឹង​កាត​រថយន្តក្រុង និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន Wing អ្នក​បើ​ប្រាស់​អាច​ឡើង​ជិះ និង​ចុះ​ពី​លើ​រថយន្តក្រុង​ដោយ​មិន​បាច់​ប្រើ​សាច់ប្រាក់​ដែល​ធ្វើឲ្យ​អតិថិជន​រីករាយ​នឹង​ភាព​កាន់តែ​បត់បែន​ក្នុង​ពេល​ដែល​ជិះ​លើ​រថយន្តក្រុង​ដែល​បច្ចុប្បន្ន​មាន​ជាង​ ១៥០ ​គ្រឿង​។

លោក Jojo Malolos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វីង បាន​ថ្លែង​ថា​ការសហការ​គ្នា​រវាង​ក្រុមហ៊ុន វីង និង​ក្រុមហ៊ុន​រថយន្តក្រុង​នឹង​ផ្លាស់ប្តូរ​មុខមាត់​ការដឹកជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​ផ្តល់​ដំណោះស្រាយ​លឿន និង​ងាយស្រួល​សម្រាប់​មនុស្ស​គ្រប់​គ្នា​ហើយ​ជំរុញ​សង្គម​ដែល​ផ្តល់​សេវា​ចំណាយ​អេឡិចត្រូនិក​ទៅ​មុខ​កាន់តែ​រលូន​។

លោក​បាន​មាន​ប្រសាសន៍​៖ «​យើង​មាន​ភាព​រំភើប​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ថ្មី​សម្រាប់​កម្ពុជា​។ កាត​រថយន្តក្រុង​នឹង​ធ្វើ​បដិវត្តន៍​វិធី​ដែល​មនុស្ស​ប្រើប្រាស់​ការដឹកជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​»៕