ភ្នំពេញៈ ក្រុមហ៊ុន​វៀតណាម Hoang AnhGia Lai (HAGL) ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដីសម្បទាន​រាប់ពាន់​ហិកតា​សម្រាប់​ដំណាំ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី​បាន​ប្រកាស​ពី​ការពង្រីក​ការវិនិយោគ​លើ​ការ​ដាំចេក​បន្ថែម​ទៀត​ចំនួន​ ៥ ០០០ ​ហិកតា​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​។

ការប្រកាស​នេះ​ធ្វើ​ឡើង​តែ​ ២ ​សប្តាហ៍ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ពិធីសារ​នាំ​ចេញ​ចេក​ទៅ​ទីផ្សារ​ចិន​ជាមួយ​រដ្ឋាភិបាល​ចិន​កាលពី​ដើម​ខែ​សីហា​។

ការបង្កើន​ការវិនិយោគ​របស់​ក្រុមហ៊ុន​ពហុវិនិយោគ​របស់​វៀតណាម​នៅ​កម្ពុជា​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​កិច្ចព្រមព្រៀង​រវាង​កម្ពុជា និង​ចិន​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន HAGL នឹង​វិនិយោគ​ ៤២ ​លាន​ដុល្លារ​លើ​ការវិនិយោគ​បន្ថែម​នេះ​។

លោក Doan Nguyen Duc អគ្គនាយក​ក្រុមហ៊ុន HAGL បាន​និយាយ​ថា ជា​រៀងរាល់​ឆ្នាំ​ប្រទេស​ចិន​ត្រូវការ​ចេក​ប្រហែល​ ១៥ ​លាន​តោន ខណៈ​ក្រុមហ៊ុន​លោក​អាច​ផ្គត់ផ្គង់​បាន​ប្រមាណ ២៤០ ០០០ ​តោន​។

លោក​សង្ឃឹម​ថា​ក្រុមហ៊ុន​នឹង​អាច​នាំ​ចេញ​ចេក​ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ឲ្យ​បាន​ ២០ ​ភាគរយ​ផង​ដែរ​។ សម្រាប់​រដូវ​ប្រមូលផល​ឆ្នាំ​នេះ​ក្រុមហ៊ុន​រំពឹង​ថា​នឹង​ប្រមូលផល​ចេក​បាន​ចំនួន ១០៦ ០០ តោន​ស្មើ​នឹង​ទឹកប្រាក់​ ៧៣ ​លាន​។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែល​ជា​ការវិនិយោគ​រួម​ជាមួយ​វិនិយោគិន​ចិន និង​ហុងកុង​បាន​វិនិយោគ​លើ​ការដាំ​ចេក​លើ​ផ្ទៃដី​ ១ ០០០ ​ហិកតា​នៅ​ខេត្ត​កំពត​តាំងពី​ចុង​ឆ្នាំ​ ២០១៧ ​បាន​ឲ្យ​ដឹងថា ការវិនិយោគ​បន្ថែម​នេះ​នឹង​ជួយ​ធ្វើឲ្យ​ការនាំចេញ​ក្រោម​រូបភាព​របស់​កម្ពុជា​ទៅ​កាន់​បរទេស​មាន​កាន់តែ​ច្រើន​។ លោក​អះអាង​ថា​៖ «​ការវិនិយោគ​ថ្មី​នេះ​នឹង​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែល​មាន​ដូចជា​ការបង្កើត​ការងារ ចំណូល​ជាតិ និង​មិន​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ចោល​»​។

បច្ចុប្បន្ន Longmate Agriculture Co.,Ltd កំពុង​រៀបចំ​ដាក់​ឯកសារ​ទៅ​អាជ្ញាធរ​ដើម្បី​អាច​នាំចេញ​ផ្លែ​ចេក​នា​ដើម​ឆ្នាំ​ ២០១៩ ខាង​មុខ​។

បច្ចុប្បន្ន HAGL កំពុង​មាន​ប្រតិបត្តិការ​ដាំ​ចេក​នៅ​វៀតណាម ឡាវ និង​កម្ពុជា​លើ​ផ្ទៃដី​សរុប​ ១៣ ៥០០ ​ហិកតា​។ ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​ក៏​បាន​ដាំ​ផ្លែ​ស្រកានាគ​ និង​ម្ទេស​សម្រាប់​នាំ​ចេញ​ផង​ដែរ​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ប្រាប់ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ស្តីពី​ផែនការ​បង្កើន​ផ្ទៃដី​ដាំដុះ​ចេក​របស់​ក្រុមហ៊ុន HAGL ទេ ប៉ុន្តែ​លោក​លើក​ឡើង​ថា​ការពង្រីក​ការវិនិយោគ​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​មាន​វត្តមាន​កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។

លោក​ថ្លែង​ថា​៖ «​ផែនការ​បន្ថែម​ការវិនិយោគ​នៅ​កម្ពុជា​របស់ HAGL អាច​ដោយសារ​គេ​មើល​ឃើញ​ពី​សក្តានុពល​របស់​កម្ពុជា​ដែល​ទើប​បាន​បើក​ច្រកទ្វារ​សម្រាប់​ការនាំ​ចេក​ចេញ​ទៅ​ចិន​។ យ៉ាងណា​ក៏ដោយ​ផលិតផល​ដែល​នាំ​ចេញ​ទៅ​ចិន គឺ​ត្រូវតែ​គោរព​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ចិន​»​។

ក្រុមហ៊ុន​ HAGL បាន​នាំ​ចេញ​ចេក​ដែល​ដាំ​នៅក្នុង​ទឹកដី​កម្ពុជា​ទៅ​ចិន​ចំនួន​ ២ ​លើក​មក​ហើយ​។

ទិន្នន័យ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​កសិដ្ឋាន​ធំៗ​ចំនួន​ ៣ កំពុង​ដាំ​ចេក​សម្រាប់​នាំចេញ​មាន​ក្នុង​ខេត្ត​រតនគិរី ក្រចេះ និង​ខេត្ត​កំពត​ដែល​មាន​ផ្ទៃដី​សរុប ៤៩៩៦ ​ហិកតា​៕ LA