The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​សម្លៀក​បំពាក់​ Zara បង្ហាញ​ពី​កំណើន​ប្រាក់​ចំណេញ​ខ្ពស់

ក្រុមហ៊ុន​សម្លៀក​បំពាក់​ Zara បង្ហាញ​ពី​កំណើន​ប្រាក់​ចំណេញ​ខ្ពស់

Content image - Phnom Penh Post
លោ Pablo Isla​​ ប្រធាន​ក្រុមហ៊ុន Inditex។ រូបថត AFP

ក្រុមហ៊ុន​សម្លៀក​បំពាក់​ Zara បង្ហាញ​ពី​កំណើន​ប្រាក់​ចំណេញ​ខ្ពស់

ក្រុង​ម៉ា្រឌីដៈ Inditex ​ដែល​ជា​ក្រុមហ៊ុន​លក់​រាយ​របស់​ប្រទេស​ ​អេស៉្បាញ​ ដែល​គ្រប់គ្រង​យីហោ​​សម្លៀក​បំពាក់ ​Zara ​បាន​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ​ប្រាក់​ចំណេញ​ត្រីមាស​ដំបូង​របស់​ខ្លួន​​បាន​​កើន​ឡើង​ ដោយសារ​​​ការ​​លក់​កើន​ឡើង​ខ្ពស់​បំផុត​ ដោយសារ​ការ​អភិវឌ្ឍ​អាជីវកម្ម​អនឡាញ​របស់​ខ្លួន​។​

ក្រុមហ៊ុន​ដែល​មាន​យីហោ​ផ្សេង​​ទៀត​របស់​ខ្លួន ​រួម​មាន​យីហោ​ ​Massimo ​Dutti​ យីហោ Pull&Bear យីហោ ​Bershka ​និង​យីហោ ​Oysho បាន​​មើល​ឃើញ​​ប្រាក់​ចំណេញ​សុទ្ធ​កើន​ឡើង​ ​១០ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​​មុន ​ដល់​ ​៧៣៤ ​លាន​អឺរ៉ូ ​(៨៣១ ​លាន​​ដុល្លារ)​ នៅ​ចន្លោះ​ថ្ងៃទី ​១ ​​ខែ ​កុម្ភៈ ​និង​ខែ ​មេសា​។​

លទ្ធផល​​នេះ​ស្រប​ជាមួយ​នឹង​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នក​វិភាគ ​ដោយ​បាន​ស្ទង់មតិ​ដោយ​​​ក្រុមហ៊ុន​ទិន្នន័យ Factset ​ ដែល​​បាន​ព្យាករ​ជា​មធ្យម​ ៧៣៦ ​​​លាន​អឺរ៉ូ​។​​

Factset ​បាន​ដាក់​​ក្រុមហ៊ុន Inditex នៅ​មុខ​​ យីហោ​ H&M ​របស់​ស៊ុយអែត ​ជា​ក្រុមហ៊ុន​ដៃគូ​ប្រកួត​ប្រជែង​សំខាន់ៗ​របស់​​ខ្លួន ​ដែល​មាន​ប្រាក់​ចំណេញ​សុទ្ធ​ ៧៧ ​លាន​អឺរ៉ូ ​នៅ​​​ត្រីមាស​ដំបូង​របស់​ខ្លួន​។​

ក្រុមហ៊ុន​របស់​ អេស៉្បាញ​មួយ​​​នេះ​​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​មួយ​ថា ​ការ​​លក់​បាន​កើន​ឡើង ​៥ ​ភាគរយ​ដល់​កម្រិត​ខ្ពស់​បំផុត​ថ្មី​ ១ ​​រហូត​ដល់ ​៥,៩ ​ពាន់​លាន​អឺរ៉ូ ​«ដែ​ល​បាន​ជំរុញ​ដោយ​ការ​បន្ត​ការ​ផ្លាស់ប្តូរ​ឌីជីថល​នៃ​ហាង​​លក់​ចម្រុះ​របស់​ខ្លួន​ និង​គេហទំព័រ​លក់​អនឡាញ​»។​

ប៉ុន្តែ​​ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​អនុវត្ត​តាម​ស្ដង់ដា​គណនី​ថ្មី​មួយ ​ក្នុង​អំឡុង​ពេល​នេះ បើ​​មិន​មាន​​​គណនី​នេះ​ទេ​ប្រាក់​ចំណេញ​នឹង​បាន​កើន​ឡើង ​៧ ​ភាគរយ​ប៉ុណ្ណោះ​។

ក្រុមហ៊ុន​នេះ​ព្យាករ​ថា​ ការ​លក់​​នឹង​កើន​ឡើង​ដល់​ចន្លោះ​ពី​ ​៤ ទៅ ​៦ ​ភាគរយ ​នៅ​ឆ្នាំ​នេះ ​ធៀប​​នឹង​កំណើន​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​។​

ក្រុមហ៊ុន Inditex ​កំពុង​វិនិយោគ​យ៉ាង​ច្រើន​នៅ​ក្នុង​គោល​បំណង​ដើម្បី​ចាប់​យក​ការ​លក់​រាយ​​អនឡាញ​ឈាន​មុខ​គេ​ និង​​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ការ​លក់​​អនឡាញ​របស់​យីហោ​ Zara នៅ​ក្នុង​ប្រទេស ​ប្រេស៊ីល ​កាល​ពី​​ខែ​មីនា​​។​

ការ​ដាក់​ឲ្យ​ដំណើរការ​យីហោ​ចំនួន ១៧ ​បន្ថែម​​ទៀត​ត្រូវ​បាន​គ្រោង​​​នៅ​ពេល​ណា​មួយ​នៅ​ឆ្នាំ​នេះ ​យីហោ​ជា​ច្រើន​ក្នុង​ចំណោម​​យីហោ​ទាំង​នេះ​នៅ​ទីផ្សារ​​មជ្ឈិមបូព៌ា​។​

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Inditex ​កើន​ឡើង ​០,៣ ​ភាគរយ ​​នៅ​ពេល​ជួញដូរ​ដំបូង​នៅ​លើ​ផ្សារហ៊ុន Madrid​ ដែល​​បាន​ធ្លាក់ចុះ ​០,​៤ ​ភាគរយ​៕ AFP/LA​

អត្ថបទគួរចាប់អារម្មណ៍